នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងកម្ពុជា-ម៉ាឡេស៊ី និងចូលរួមក្នុងព្រឹត្តិការណ៏តាំងពិព័រណ Malaysia Agriculture, Horticulture and Agrotourism International Show (MAHA) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ផងដែរថា អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងដើម្បីបង្កើត ពង្រឹង ជំរុញ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការណ៍ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានសមធម៌ និងផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក។
អនុស្សារណៈយោគយល់គ្នានេះ គឺផ្តោតសំខាន់ទៅលើចំនុចមួយចំនួនដូចជា៖ ដំណាំ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, បច្ចេកវិទ្យាក្រោយប្រមូលផលនិងតម្លៃបន្ថែមលើផលិតផលត្រី, ការសម្របសម្រួលធុរៈកិច្ច និងវិនិយោគនៅក្នុងការចិញ្ចឹមសត្វនិងត្រី, ការពង្រឹងសមត្ថភាព ផ្លាស់ប្តូរការបណ្តុះបណ្តាល ទស្សនៈកិច្ចសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍ, ការអភិវឌ្ឍវិធីភ្ញាស់កូន និងការគ្រប់គ្រងពូជត្រី, បច្ចេកវិទ្យាវារីវប្បកម្ម, ការគ្រប់គ្រង និងអភិរក្សធនធានជលផល, អនាម័យ និងភូតគាមអនាម័យ៕