លោក​ស្រី ផាក គឺនហេ  ត្រូវបាន​សភា​កូរ៉េខាង​ត្បូង​បោះឆ្នោត​ទម្លាក់​ពីតំណែង​ប្រធានាធិ​បតី

ថ្ងៃសុក្រ ទី ៩ ធ្នូ ២០១៦​
93

 (សេអ៊ូល)៖ សភាកូរ៉េខាងត្បូងបានបោះឆ្នោតសម្រេចនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ លើសំណើដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតីលោកស្រី ផាក គឺនហេ ពីតំណែងបន្ទាប់ពីលោកស្រី បានធ្លាក់ចូលរណ្ដៅរឿងអាស្រូវពុករលួយនយោបាយពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តស្និទ្ធស្នាលម្នាក់លោកស្រី និងកំពុងជាប់ក្នុងរឿងក្ដីពុករលួយ ក៏ដូចជាការប្រើឈ្មោះប្រធានាធិបតីលូកដៃចូលក្នុងកិច្ចការរបស់រដ្ឋ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃសុក្រនេះ។

នៅក្នុងកិច្ចប្រជុំសភាពេញអង្គនៃរដ្ឋសភាកូរ៉េខាងត្បូង បានយល់ព្រមបោះឆ្នោតគាំទ្រឱ្យលោកស្រី ផាក ចុះចេញពីមុខតំណែងក្នុងសំឡេង ២៣៤ នៃតំណាងរាស្ត្រសរុប ៣០០។ ដូច្នេះវាមានន័យថា លោកស្រីនឹងត្រូវគេទម្លាក់ចេញពីមុខតំណែងជាផ្លូវការនៅក្រោយពេលតុលាការធម្មនុញ្ញ ផ្ដល់សុពលភាព លើការបោះឆ្នោតលើនីតិវិធីនេះយ៉ាងយូររយៈពេល ១៨០ថ្ងៃ។

គួរបញ្ជាក់ថារឿងអាស្រូវនៃស្ត្រី ឆយ ស៊ូនស៊ីល បានផ្ទុះឡើងកាលពីខែតុលា កន្លងទៅហើយវាបានធ្វើឱ្យជីវិតនយោបាយ របស់លោកស្រី ផាក រង្គោះរង្គើខ្លាំងបំផុតរហូតដល់ផ្ទុះបាតុកម្មតវ៉ាទូទាំងប្រទេស បើទោះជាលោកស្រីបានសម្ដែងការសោកស្ដាយ និងសូមទោសជាច្រើនដងក៏ដោយ៕

2016-12-03t030148z_1_lynxmpecb202b_rtroptp_2_southkorea-politics-jpg-gnn

ចែករំលែក

បញ្ចេញយោបល់