អ្នករកស៊ីដីឡូត៍ និងអ្នកវាយតម្លៃ ស្វាគមន៍ចំពោះចំណាត់ការក្រសួងរៀបចំដែនដី ក្នុងការរឹតបន្តឹងច្បាប់ទំលាប់

ថ្ងៃអង្គារ ទី ២ តុលា ២០១៨​
53

ខណៈវិស័យដីឡូត៍កំពុងមានសកម្មភាពកក្រើកខ្លាំង ជាពិសេសនៅតំបន់ជាយក្រុង សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប បានធ្វើអោយមានការព្រួយបារម្ភពីការអាជីវកម្មមិនស្របច្បាប់ ។ ហើយថ្មីៗនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាមី បានប្រកាសថា នឹងចាត់វិធានការចំពោះអ្នករកស៊ីមិនស្របច្បាប់ ។ ចំណាត់ការនេះដែរ ក៏មានការសាទរពីសំណាក់អ្នករកស៊ីត្រឹមត្រូវក៏ដូចជាអ្នកវាយតម្លៃអចលនវត្ថុផងដែរ ។

បើតាមលោកជា កុយ អ្នករកទទួលទានខាងវិស័យដីឡូត៍ នៅប៉ែកខាងលិចរាជធានីភ្នំពេញ និងអះអាងថា ជាអ្នករកស៊ីត្រឹមត្រូវទៅតាមច្បាប់ បានលើកឡើងកន្លងមកថា លោកចង់អោយមានការច្បាប់ទំលាប់ត្រឹមត្រូវ ដើម្បីគ្រប់គ្រងអាជីវកម្មមួយនេះ ព្រោះបច្ចុប្បន្ននេះ មានអ្នកធ្វើអាជីវកម្មដីធ្លី ដីឡូត៍ច្រើនណាស់ ហើយអ្នកខ្លះមិនទាំងមានដីផង ក៏ប្រកាសលក់ ។

លោកឌឹត ចណ្ណា អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានអោយដឹងថា តាមពិតទៅវិស័យដីធ្លីនេះ វាសំខាន់ណាស់ សម្រាប់វិស័យអចលនទ្រព្យ តែបើសិនជាគ្រប់គ្រងមិនបានល្អ ក៏អាចមានបញ្ហាបានដែរ ។ ជាក់ស្ដែងបើក្រលេកមើលក្នុងវិស័យដីធ្លី ជាសេសវិស័យដីឡូត៍ក្នុងមួយរៈពេលចុងក្រោយនេះហាក់មានកំណើនសកម្មភាពខ្លាំង ក្នុងនៅតំបន់ជាយក្រុងមានសកម្មភាពស្ទុះជាងគេ ព្រោះនៅតំបន់នោះ ដីធ្លីនៅមានតម្លៃសមរម្យនៅឡើយ ខុសពីតំបន់ជិតៗក្រុង ។

លោកបន្តថា សកម្មភាពពុះដ៏ឡូត៍បានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ព្រោះអ្នកទិញដីឡូត៍បច្ចុប្បន្ននេះ ភាគច្រើនជាអ្នកមានចំណូលទាប និងមធ្យម ហើយលក្ខខណ្ឌនៃការទិញរបស់ពួកគាត់ ក៏មានភាពងាយស្រួលដែរ គឺពួកគាត់អាចបង់រំលស់ប្រចាំខែ ក្នុងកម្រិតទាប តែបើសិនជាពួកគាត់ចាំទិញដី ទាំងលុយសុទ្ធតែម្ដងគឺត្រូវការសន្សំយូរទើបអាចសម្រេចបាន ។ តែបើសិនជាគម្រោងដីនោះ មិនមានច្បាប់ហើយអាជ្ញាធររឹតបន្តឹង វាអាចនឹងមានផលប៉ះពាល់ដល់អ្នកទិញ ដូចនេះលោកចង់អោយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវធ្វើយ៉ាងណាសម្រួល ដល់វិនិយោគិនក្នុងវិស័យដីឡូត៍នេះ គោរពតាមច្បាប់ទំលាប់ត្រឹមត្រូវ ។

លោកបញ្ជាក់ថា អ្នកទិញដីធ្លី មុននឹងសម្រេចចិត្តទិញត្រូវ សួររកប្លង់អោយបានត្រឹមត្រូវ ដើម្បីអោយប្រាកដពីភាពស្របច្បាប់នៃគម្រោងនោះ ។ មួយទៀត ត្រូវតែពិនិត្យមើលដីនោះ ជាដីពិតប្រាកដឬគម្រោងដីខ្យល់ ដើម្បីចៀសវាងប្លង់ផ្សេងដីផ្សេង ហើយសិនជាមានដីមានប្លង់រួចរាល់ហើយ ត្រូវពិនិត្យមើលទៅទីតាំង និងសក្ដានុពលនៅតំបន់ ដោយភ្ជាប់ជាមួយនឹងគម្រោងនៅពេលអនាគតរបស់អ្នកទិញ ។

លោក ប៉ូ អ៊ាវគង់ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance(អែតវ៉ាន់ស៍) បានអោយដឹងថា កាលណាតម្រូវការកើនឡើង ធ្វើអោយការផ្គត់ផ្គង់ក៏កើនឡើងដែរ ជាក់ស្ដែងដោយសារតែមានតម្រូវការលើការទិញដីឡូត៍ច្រើន ទើបអ្នករកស៊ីដីឡូត៍ប្លែកៗថ្មីៗ ក៏ច្រើនដែរ ទាំងដែលអ្នកទាំងនោះ មិនមានបទពិសោធន៍រឺចំណេះដឹងក្នុងវិស័យនេះទាល់តែសោះ ។ កាលពីមុនការគ្រប់គ្រងអាជីវកម្មដីឡូត៍នៅមានកម្រិត និងមិនទាន់មានការរឹតបន្តឹងច្បាស់លាស់ ដូចនេះ អ្នកមានលុយមានទុនគេអាចទៅទិញ ដីនៅកន្លែងណាមួយ ហើយពុះជាឡូត៍ដើម្បីលក់យកចំណេញ ដោយប្រកាសថាខ្លួននឹងសង់នេះសង់នោះ ក្នុងគម្រោងដីដែលលក់ជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែនៅពេលលក់ដី អស់ ក៏យកលុយទៅទិញនៅកន្លែងផ្សេង និងពុះជាឡូត៍ ហើយសន្យាដូចមុនៗ ។

លោកបន្តថា លោកស្វាគមន៍ចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរក្នុងការគ្រប់គ្រងគម្រោងដីឡូត៍នានា ដែលកំពុងធ្វើអាជីវកម្មយ៉ាងខ្លាំងជាពិសេសនៅតំបន់ជាយរាជធានី ។ បើសិនជាមានការរឹតបន្តឹងបានត្រឹមត្រូវ សកម្មភាពនៃការលក់គម្រោងខ្យល់ គម្រោងមិនច្បាស់នឹងបានកាត់បន្ថយច្រើន ហើយអ្នកទិញក៏លែងមានកង្វល់ រឺពិបាកសម្រេចចិត្តដែរ អោយតែទីតាំងដែលខ្លួនគិតថានៅជិត គិតថាល្អ អាចបណ្ដាក់ទុនបានហើយ ។

គួររំលឹកថា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោក​ ជា សុផា បានប្រកាសប្រាប់ពលរដ្ឋដែលមានគម្រោងទិញដី ធ្លី អោយពិនិត្យមើលអោយបានច្បាស់មុននឹងសម្រេចចិត្តទិញ ព្រោះ សកម្មភាពលក់ក្រដាស គ្មានដី កើតឡើងហើយ អញ្ចឹងពលរដ្ឋត្រូវធ្វើការគិតពិចារណាអោយបានច្បាស់លាស់ដោយខ្លួនឯង ។ លោកបញ្ជាក់ថា ការទិញដីមានប្រយោជន៍ និងចំណេញជាងការទិញផ្ទះ ៕

ចែករំលែក

បញ្ចេញយោបល់