លោក Donald Trump បានដាក់ចេញនូវគោលនយោបាយយោធាអាមេរិក ដែលនឹងបញ្ចៀសការជ្រៀតជ្រែកនៅក្នុងជម្លោះបរទេស ដោយជំនួសមកវិញនូវការយកចិត្តទុកដាក់ទៅលើការផ្តួលរំលំសកម្មយុទ្ធរបស់រដ្ឋអ៊ីស្លាម។
លោកបានមានប្រសាសន៍កាលពីយប់ថ្ងៃអង្គារ នៅតំបន់ Fayetteville ក្បែរមូលដ្ឋានយោធា Fort Bragg ថា យើងនឹងបញ្ឈប់ការការជ្រៀតជ្រែកក្នុងការផ្លួលរំលំរបបបរទេស ដែលយើងមិនស្គាល់ និងអ្វីដែលយើងមិនគួរចូលរួមជាមួយ។
ការលើកឡើងរបស់លោក Trump នេះ បានធ្វើឡើង ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Barack Obama បានថ្លែងនូវអ្វីដែលត្រូវបានគេចាត់ទុកថា ជាការថ្លែងពីបញ្ហាសន្តិសុខជាតិចុងក្រោយរបស់គាត់នៅក្នុងតំណែងជាប្រធានាធិបតី។
ដោយមានប្រសាសន៍នៅក្នុងទីក្រុង Tampa រដ្ឋ Florida នោះ លោក Obama មិនបាននិយាយពីឈ្មោះរបស់លោក Trump ទេ ប៉ុន្តែបានព្រមានមិនផ្ទាល់ដល់អ្នកបន្តតំណែងរបស់គាត់ ដើម្បីបញ្ឈប់ប្រើប្រាស់វោហាសព្ទដ៏ក្តៅ ក្នុងការគាំទ្រវិធីសាស្ត្រមួយ ដែលធ្វើសង្គ្រាមទៅលើភេរវកម្ម ហើយបញ្ចៀសសកម្មភាពណា ដែលអាចផ្តល់ភាពស្របច្បាប់ដ៏ខុសឆ្គងមួយ ដល់ក្រុម Isis ទាំងនោះ ធ្វើជា«ទ័ពស្រួច»នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ។
លោក Obama បាននិយាយថា «ជាជាងការផ្តល់នូវការសន្យាខុសឆ្គង ដែលយើងអាចផ្តួលរំលំពួកភេរវកម្មតាមរយៈការទំលាក់គ្រាប់បែក ឬដាក់ពង្រាយកងទ័ពបន្ថែមទៀតនោះ យើងត្រូវតែគិតគូឱ្យបានវែងឆ្ងាយចំពោះការគំរាមកំហែងភេរវកម្មនេះ ហើយយើងត្រូវតែបន្តយុទ្ធសាស្ត្រវៃឆ្លាតមួយ ដែលអាចផ្តល់ចីរភាពបាន»។
អំឡុងពេលឃោសនារបស់គាត់ លោក Trump បានសន្យាថានឹងចាត់វិធានការក្តៅទៅលើរដ្ឋអ៊ីស្លាម ហើយបដិសេធ ម្តងហើយម្តងទៀត ក្នុងការផ្តល់យុទ្ធសាស្ត្រប្រឆាំងនឹងភេរវកម្ម ដោយ អះអាងថា ធ្វើបែបនេះនឹងបង្ហាញផែនការប្រទេស នៅចំពោះមុខសត្រូវ។
លោកក៏បានលើកឡើងផងដែរថា ភេរវករកំពុងតែឆ្លងកាត់ព្រំដែនអាមេរិក តាមរយៈការក្លែងបន្លំធ្វើជាជនភៀសខ្លួន ហើយក៏បានស្នើដាក់ចេញនូវគោលនយោបាយដែលរួមបញ្ចូលការរារាំងមិនឱ្យមានចំណាកស្រុករបស់ជនជាតិម៉ូស្លីម ចូលមកសហរដ្ឋអាមេរិកផងដែរ។
លោកក៏បានសន្យាពង្រឹងយោធាសហរដ្ឋអាមេរិកឱ្យខ្លាំងឡើងវិញផងដែរ។ ហើយក្រៅពីការវិនិយោគទៅលើសង្គ្រាមនេះ លោកក៏បានលើកឡើងថា លោកនឹងចំណាយប្រាក់ដើម្បីសាងសង់ផ្លូវថ្នល់ ស្ពាន និងព្រលានយន្តហោះចាស់ៗផងដែរ។
លោកបានបន្តទៀតថា យើងមិនចង់បានយោធាដែលបង្ហិនបង្ហោចនោះទេ ពីព្រោះយើងនៅគ្រប់កន្លែងដែលមានការបះទង្គិចគ្នា។ យើងមិនគួរវាយគ្នានៅកន្លែងនោះទេ ហើយវាមិនត្រូវធ្វើឱ្យមានការបង្ហិនបង្ហោចទៀតទេ។
លោកបានបន្ថែមទៀតថា ប្រទេសណា ដែលមានគោលបំណងដូចគាត់នោះ នឹងត្រូវចាត់ទុកថា ជាដៃគូរបស់សហរដ្ឋអាមេរិក។
លោកបញ្ជាក់ទៀតថា «យើងមិនបំភ្លេចទេ។ យើងចង់ពង្រឹងមិត្តភាពចាស់ៗរបស់យើង ហើយនឹងស្វែងរកមិត្តភាពថ្មីៗទៀត។ ប៉ុន្តែ គោលនយោបាយនៃការជ្រៀតជ្រែក និងអាណាធិបតីត្រូវតែបញ្ចប់»។
យើងនឹងពង្រឹងយោធារបស់យើង មិនមែនតាមរយៈសកម្មភាពឈ្លានពាននោះទេ ប៉ុន្តែតាមសកម្មភាពនៃការការពារ។ និយាយឱ្យខ្លី គឺយើងស្វែងរកសន្តិភាពតាមរយៈកម្លាំង៕
ប្រភព : The Guardian