លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បដិវត្តន៍ ឧស្សាហកម្ម បានក្លាយជាគន្លឹះមួយកំណត់និន្នាការសេដ្ឋកិច្ច Digital

ថ្ងៃអង្គារ ទី ១៨ កញ្ញា ២០១៨​
44

បណ្ដាប្រទេសលើពិភពលោកកំពុងដើរឆ្ពោះទៅរកសេដ្ឋកិច្ចតាមបច្ចេកវិទ្យាទំនើប ជាពិសេសនោះ ប្រទេសតាមដងទន្លេមេគង្គក៏បានខិតខំប្រឹងប្រែងរួមគ្នាក្នុងកំណែទម្រង់សេដ្ឋកិច្ចអោយក្លាយទៅជាប្រទេសសេដ្ឋកិច្ចឌីជីថល និង ត្រូវផ្លាស់ប្តូរ ពីសេដ្ឋកិច្ចបែបបូរាណ ទៅជាសេដ្ឋកិច្ចតាមបែបទំនើប ។

បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើទី២៧ នៅប្រទេសវៀតណាម ថា ចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រឺបដិវត្តន៍ឧស្សាហកម្ម បានក្លាយទៅជាគន្លឹះមួយកំណត់និន្នាការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលានុវត្តភាព ទាំងបញ្ហាប្រឈម សម្រាប់សាកលភាវូបនីយកម្ម ។ បដិវត្តន៍ឧស្សាហកម្មទី៤កំពុងបង្ហាញ ពីការរីកចម្រើន នៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំង លើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថ ការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យា បញ្ញា សម្បនិម្មិត ការប្រើប្រាស់មនុស្សយន្តក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ចែកចាយ ការបោះពុម្ព ការប្រើប្រាស់បច្ចេកវិទ្យា ជីវវិទ្យា ជាដើម ដែលបច្ចេក វិទ្យាទាំងនេះបានផ្លាស់ប្តូរយ៉ាងលឿនដែលមិនធ្លាប់ពីមុនមកក្នុងវិស័យផលិតកម្ម  ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា នាពេលបច្ចុប្បន្នទេសចរណ៍ រមណីយកម្ម បានក្លាយទៅជា កាតាលីករកំណើនថ្មីមួយតាមរយៈការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ហើយសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាព ផ្សាភ្ជាប់ទៅនឹងចង្វាក់ផលិតកម្មតំបន់ និងពិភពលោក ព្រមទាំងអាចស្វែងរកនវានុវត្តន៍ នៅក្នុងទំនិញ និងសេវាថ្មីៗ ដែលអនុញ្ញាតអោយប្រទេសអភិវឌ្ឍន៍តិចតួច រឺប្រទេសកំពុងអភិវឌ្ឍន៍ អាចផ្សាភ្ជាប់បច្ចេកវិទ្យាថ្មីៗ ដើម្បីមានឱកាសអាចហក់ឡើងរំលងឧស្សាហកម្មបែបប្រពៃណី ចូលក្នុងឧស្សាហកម្មបែបទំនើប  ។

លោកនាយករដ្ឋមន្ត្រី បន្តទៀតថា ជាមួយនឹងក្តីរំពឹងថា បដិវត្តន៍ឧស្សាហកម្មនឹងនាំមកនូវការអភិវឌ្ឍន៍ ជាវិជ្ជមានសម្រាប់ប្រជាជាតិទាំងមូល ហើយបដិវត្តន៍ក៏នឹងនាំមកនូវក្ដីកង្វល់ច្រើន និងបញ្ហាប្រឈមមួយចំនួន ដូចជាការបាត់បង់ការងារ ការទាមទារអោយមានមនុស្សមានកម្រិតអប់រំ និងជំនាញខ្ពស់ ហើយការទទួលបានផលប្រយោជន៍ កាន់តែមិនស្មើគ្នាដោយសារភាពមិនស្មើនឹងគ្នានៃឱកាសទទួលបានចំណេះដឹង និងបច្ចេកវិទ្យា ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាប្រព្រឹត្តិកម្ម និងបទល្មើសដែលកើតឡើងដោយបច្ចេកវិទ្យា ក៏នឹងនាំមកនូវអសន្តិសុខសង្គមបានផងដែរ ដូច្នេះត្រូវមានការគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាអោយមានប្រសិទ្ធភាពខ្ពស់  ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ដើម្បីចាប់យកនូវការអភិវឌ្ឍន៍ និងការកាត់បន្ថយកង្វល់ ខ្ញុំយល់ថា អាស៊ានគួរតែអនុវត្តន៍នូវ វិធានការមួយចំនួន ដូចជាបង្កើតចក្ខុវិស័យអាស៊ានរួម រួមមានឧស្សាហកម្មដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាបន្នដោយផ្អែកលើគំនិតផ្ដួចផ្ដើមរបស់អាស៊ាន ដែលមានស្រាប់ ព្រមទាំងបញ្ចូលកម្មវិធីអភិវឌ្ឍន៍ សំខាន់ៗលើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍន៍ធនធានមនុស្ស គ្រប់ខ័ណ្ឌគតិយុត្តិ ហេដ្ឋានរចនាសម្ព័ន្ធផ្នែកទន់និងរឹង របស់ព័ត៌មានវិទ្យានិងកម្មវិធីកែទម្រង់របស់អាស៊ាននិងប្រទេសជាសមាជិកនីមួយៗផងដែរ ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមខ្លួន និងជំរុញការផ្លាស់ប្តូរជាបណ្ដើរៗ ទៅរកឧស្សាហកម្មបែបឌីជីថល ជាក់ស្ដែងវិស័យឯកជនជាច្រើន ក៏បានប្រកាសខ្លួននឹងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីងាកទៅដំណើរការសេដ្ឋកិច្ចឌីជីថល និងត្រូវសម្រេចអោយបានឆាប់ៗ ក្នុងពេលខាងមុខនេះ៕

ចែករំលែក

បញ្ចេញយោបល់