លោក ស៊ាង ចែតត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស​

ថ្ងៃពុធ ទី ៧ ធ្នូ ២០១៦​
224

(ភ្នំពេញ)៖ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានលើកលែងទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយនៅថ្ងៃនេះ បន្ទាប់ពីទទួលសំណើរពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះលោកមេឃុំ ស៊ាង ចែតដែលមានកូតាមកពីគណបក្ស សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ ។

ព្រះរាជក្រឹត្យលើកលែងទោសនោះបានត្រាស់បង្គាប់ មាត្រា១ ត្រូវបានលើកលែងទោសឱ្យទណ្ឌិតឈ្មោះ ស៊ាង ចែតភេទប្រុស អាយុ៤៤ឆ្នាំ ដែលត្រូេះបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទសូកប៉ានសាក្សីតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៥៣៣ ក្រ៣ ” ឆ ” ចុះថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ

ព្រះរាជក្រឹត្យលើកលែងទោស លោកមេឃុំ ស៊ាង ចែត គឺបានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានចូលប្រជុំសភាពេញអង្គ និងបានជួបចរចាពិភាក្សាជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  និងសម្តេចក្រឡាហោម ស ខេង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីលោក កឹមសុខា ខ្លួនឯងផ្ទាល់ទើបទទួលបានព្រះរាជទាន ការលើកលែងទោសពីព្រះមហាក្សត្រ ដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា លោក ស៊ាង ចែត  ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ តាមចម្លើយដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។ ក្នុងលិខិតស្រីមុំ បានចោទលោក ស៊ាង ចែត ថាបានយកលុយ៥០០ដុល្លារទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារកម្ម។

ចែករំលែក

បញ្ចេញយោបល់