តើលោក Trump ករណីដូចលោក Reagan និងលោក Bush នឹងទាត់ចោល យុទ្ធសាស្រ្តស្តីពីតៃវ៉ាន់ឬ?

ថ្ងៃពុធ ទី ៧ ធ្នូ ២០១៦​
83

 

ការនិយាយឆ្លងឆ្លើយតាមទូរស័ព្ទរបស់លោក Donald Trump ជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានធ្វើឱ្យមានការបែកបាក់ពិធីការការទូតអស់ជាច្រើនទសវត្សរ៍ និងបានបង្កើតឱ្យមានក្តីសង្ឃឹម នៃការផ្លាស់ប្តូរយុទ្ធសាស្រ្តអាមេរិកលើរដ្ឋាភិបាលទីក្រុងតៃប៉ិ។ ក្នុងនាមជាតៃវ៉ាន់អាមេរិកកាំង និងជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ ការសន្ទនានេះបានធ្វើឱ្យខ្ញុំ និងអ្នកផ្សេងទៀតមានការរំពឹងទុកមួយចំនួន។  អ្នកច្បាប់លោក Gordan Chang បានលើកឡើងថា ការហៅទូរស័ព្ទនេះ “បានធ្វើឱ្យមានការផ្លាស់ប្តូរគ្រប់យ៉ាង” ដោយដាក់ទំនាក់ទំនងអាមេរិក-ចិន នៅលើគោលជំហរថ្មីមួយទាំងស្រុង។ លោក Gerrit van der Wees បាននិយាយថា ការហៅទូរស័ព្ទនេះ ជា “សញ្ញាបង្ហាញពីការផ្លាស់ប្តូរដ៏ទូលំទូលាយនៅក្នុងគោលនយោបាយរបស់អាមេរិកឆ្ពោះទៅរកតៃវ៉ាន់”។
2

ជាអ្នកជំនាញផ្នែកគោលនយោបាយការបរទេសម្នាក់ ការហៅទូរស័ព្ទនេះដែរ បានធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ។ ក៏ប៉ុន្តែ ធាតុពិតជាមូលដ្ឋាននៃអំណាច និងគោលនយោបាយរវាងចិន និងអាមេរិកមិនបានផ្លាស់ប្តូរទេ ហើយពួកគេនឹងមិនផ្លាស់ប្តូរផងដែរ នៅពេលដែលលោក Trump ឡើងកាន់អំណាច។ រដ្ឋាភិបាលទីក្រុង Washington នៅតែត្រូវការកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទីក្រុង Beijing លើបញ្ហានានា ចាប់ពីការកាត់បន្ថយការផលិតអាវុធនុយក្លេអ៊ែរ ពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។

ដូច្នោះ កត្តានេះបន្សល់ឱ្យយើងនូវលទ្ធភាពពីរ ដែលសុទ្ធតែជាការព្រួយបារម្ភទាំងអស់។ លោក Trump មិនដឹងពីអ្វីដែលខ្លួនកំពុងធ្វើនោះទេ ហើយគាត់កំពុងតែបង្អាក់នយោបាយអន្តរជាតិចេញពីកង្វះខាតព័ត៌មានរបស់គាត់។ ការបញ្ចេញព័ត៌មានប្រឆាំងចិនតាម Tweeter របស់គាត់បានពង្រីកកំហុសឆ្គងរបស់គាត់កាន់តែខ្លាំង។ គាត់ខ្វះអារម្មណ៍ដើម្បីទាត់ចោលរបួសដែលបង្កឡើងដោយខ្លួនឯង។

អនុប្រធានាធិបតីជាប់ឆ្នោតលោក Mike Pence បានច្រានចោលការហៅទូរស័ព្ទនេះថា ជា “ការគួរសម” ដ៏សាមញ្ញមួយ ដោយលើកឡើងថា រូបគាត់ក៏មិនសាទរចំពោះភាពលាយឡំ និងភាពប្រឈមនៃនយោបាយអន្តរជាតិផងដែរ។

យើងធ្លាប់ឆ្លងកាត់ផ្លូវនេះពីមុនមក។ ទាំងលោក Reagan និងលោក George W. Bush ធ្លាប់បានចេញនូវសេចក្តីថ្លែងការណ៍ដ៏សមរម្យស្តីពីតៃវ៉ាន់ ដែលពេលនោះ ហាក់ដូចជាសញ្ញានៃការផ្លាស់ប្តូរគោលនយោបាយមួយ។ នៅឆ្នាំ ១៩៨១ លោក Reagan បានអញ្ជើញគណៈប្រតិភូតៃវ៉ាន់មកកម្មវិធីឡើងកាន់តំណែងរបស់គាត់។ នៅឆ្នាំ ២០០១ លោក Bush បានសន្យាថា អាមេរិក នឹងធ្វើអ្វីៗគ្រប់យ៉ាង “ដើម្បីជួយតៃវ៉ាន់ការពារខ្លួន”។

ក៏ប៉ុន្តែ ចុងក្រោយ ប្រធានាធិបតីទាំងពីរបានទាត់ចោលយុទ្ធសាស្រ្តរបស់ពួកគេស្តីពីតៃវ៉ាន់នេះ។ វាជាការបំបាក់មុខផ្នែកនយោបាយ ក៏ប៉ុន្តែ វាជាជម្រើសដ៏វៃឆ្លាតមួយ ហើយបរាជ័យរបស់ពួកគេ បង្ហាញពីបញ្ហាដ៏សំខាន់មួយជាមួយនឹងយុទ្ធសាស្រ្តរបស់លោក Trump។ ការផ្តាស់ប្តូររយៈពេលវែងណាមួយនៃទំនាក់ទំនង ចិន-អាមេរិក-តៃវ៉ាន់ ទាមទារឱ្យការអនុវត្តន៍អំណាចអាមេរិក ឋិតថេរ រឹងមាំ និងស្របគ្នាលើបញ្ហាធំៗមួយចំនួន។ ទន្ទឹមនឹងនោះដែរ ទីក្រុង Beijing មានសមត្ថភាពដោយឯករាជ្យដើម្បីធ្វើការតបតទៅនឹងអាមេរិក តាមរយៈទណ្ឌកម្មពាណិជ្ជកម្ម និងការបង្កើនភាពហួងហែងផ្នែកយោធា។

ប្រសិនបើលោក Trump ពិតជាចង់ផ្លាស់ប្តូរគោលនយោបាយអាមេរិកមែន ជនជាតិតៃវ៉ាន់ដូចជាខ្ញុំ នឹងស្វាគមន៍។ ក៏ប៉ុន្តែ ប្រសិនបើគាត់គ្រាន់តែចង់ស្វែងរកនូវការបង្កើនសកម្មភាពនយោបាយក្នុងរយៈពេលខ្លី សុំកុំឱ្យតៃវ៉ាន់ពាក់ព័ន្ធ។ ការផ្លាស់ប្តូរគោលនយោបាយពិតប្រាកដ ទាមទារឱ្យមានការអនុវត្តន៍អំណាចច្បាស់លាស់ក្នុងរយៈពេលវែងមួយ។ ផ្ទុយទៅវិញ កត្តាទាំងនោះមិនសាកសមទៅនឹងប្រធានាធិបតីជាប់ឆ្នោតរូបនេះទេ៕

ប្រភព : The Nation Interest ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦

ចែករំលែក

បញ្ចេញយោបល់