ទំនាក់​ទំនង​រវាងចិន និងអាមេរិ​ក ទៅលើ​វិស័យការទូត​​សាធារណៈ​ និង​អំណា​ច​ទន់​

ថ្ងៃពុធ ទី ៧ ធ្នូ ២០១៦​
218

អ្នកនិពន្ធ “ការធ្វើឲ្យមានតុល្យភាពឡើងវិញ” លោក Mercy Kuo បានទាក់ទងជាប្រចាំ ជាមួយអ្នកជំនាញលើប្រធានបទសំខាន់ៗ អ្នកអនុវត្តគោលនយោបាយ និងអ្នកគិតគូរខាងយុទ្ធសាស្រ្តនៅទូទាំងសកលលោក ដើម្បីទទួលបានទស្សនៈផ្សេងៗគ្នាចំពោះគោលនយោបាយធ្វើឲ្យមានតុល្យភាពឡើងវិញរបស់សហរដ្ឋអាមេរិកនៅអាស៊ី។ នេះគឺជាកិច្ចសន្ទនាជាមួយនឹងអគ្គរដ្ឋទូត Julia Chang Bloch ដែលជាស្ថាបនិក និងជាប្រធានស្ថាប័ននៃភាពជឿជាក់ផ្នែកអប់រំរវាងចិននិងអាមេរិក ហើយជាជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងគេ ដែលមានឋានៈជាអគ្គរដ្ឋទូតរបស់អាមេរិកប្រចាំប្រទេសនេប៉ាល់កាលពីឆ្នាំ១៩៨៩។ កិច្ចសន្ទនានេះស្ថិតក្នុងភាគទី៧០ ស្តីពី “ទស្សនៈលើគោលនយោបាយធ្វើឲ្យមានតុល្យភាពឡើងវិញ”។

លោកអគ្គរដ្ឋទូត Bloch! លោកបានចាកចេញពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិកកាលពីអាយុ ៩ ឆ្នាំ ហើយបានក្លាយជាអគ្គរដ្ឋទូតអាមេរិកដែលមានដើមកំណើតអាស៊ី(ចិន)ដំបូងគេនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ ដោយពឹងផ្អែកទៅលើការបំរើការងារអស់រយៈពេលជាច្រើនទសវត្សរ៍របស់លោកនៅក្នុងវិស័យឯកជន និងការទូតសាធារណៈនោះ តើលោកគិតថា អ្វីជាធាតុសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន?

តាមបទពិសោធន៍ ដែលខ្ញុំមាន ការអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍គ្នា គឺជាគន្លឹះក្នុងការបង្កើតទំនាក់ទំនងចិន-អាមេរិកឱ្យមានស្ថិរភាព។ ខ្ញុំមានមោទនភាពក្នុងនាមជាជនជាតិចិន និងអាមេរិក ពោលគឺមានមោទនភាពជាជនជាតិចិន ដែលបានកើតនៅទីនោះ ហើយមានមោទនភាពជាជនជាតិអាមេរិក ដែលបានធំដឹងក្តីនៅទីនេះ។ មានជនជាតិអាមេរិកសិក្សានៅប្រទេសចិន និងមានចិនសិក្សានៅអាមេរិកគឺជាវិធីសាស្ត្រដ៏ល្អបំផុត ក្នុងការបង្កើតនូវការយោគយល់គ្នាទៅវិញទៅមក ហើយនិងបំបាត់ការរាំងស្ទះដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន។ អ្នកដែលអាចធ្វើដំណើរទៅកាន់ទាំងសហរដ្ឋអាមេរិក និងចិននោះ នឹងត្រៀមខ្លួនបានល្អក្នុងការផ្លាស់ប្តូរទំនាក់ទំនងអាមេរិក-ចិនឱ្យមានភាពប្រសើរជាងនេះ។

តើអ្វីទៅជាតួនាទី និងផលបះពាល់លើវិស័យការទូតសាធារណៈរវាងចិន និងអាមេរិក?

វិស័យការទូតសាធារណៈ ជាឧបករណ៍គោលនយោបាយការបរទេសដ៏សំខាន់មួយ ដែលប្រទេសមួយអាចប្រាប់រឿងរ៉ាវរបស់ខ្លួនទៅកាន់ពិភពលោកបាន។ ហើយវាជាប្រធានបទដ៏សំខាន់ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅឆ្នាំ១៩៥៣ នៅពេលដែលលោកប្រធានាធិបតី Eisenhower បានបង្កើតទីភ្នាក់ងារព័ត៌មានរបស់សហរដ្ឋអាមេរិក ដែលបានក្លាយជាគោលបំណងផ្នែកការទូតសាធារណៈរបស់រដ្ឋាភិបាលនោះ លោកបានយល់ថា នៅពេលអនាគត ពិភពលោកនឹងកាន់តែមានភាពច្បាស់លាស់បន្ថែមទៀត តាមរបៀបដែលសង្គមមួយមានទំនាក់ទំនងជាមួយសង្គមមួយទៀតតាមរយៈការផ្តល់តម្លៃឱ្យគ្នា ជាជាងរបៀបដែលសង្គមទាំងនោះមានទំនងទំនងជាមួយគ្នាតាមរយៈយោធា ឬសេដ្ឋកិច្ច។ ដោយយោងទៅតាមលោក Edmund Gullion អ្នកការទូតអាមេរិក ដែលបានបង្កើតឃ្លា «វិស័យការទូតសាធារណៈ»នោះ បាននិយាយថា វិស័យនេះគឺស្ថិតលើទំនាក់ទំនងដ៏ល្អបំផុតរបស់ខ្លួននៅក្នុងកិច្ចសន្ទនាបើកចំហ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីផ្តល់ឥទ្ធិពលទៅលើក្រុម ឬប្រជាជន ដែលនៅក្នុងប្រទេសផ្សេងទៀត ដែលបានគិតគូរពី កិច្ចការបរទេស ប្រតិកម្មទៅលើគោលនយោបាយរបស់យើង និងផលបះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាលពួកគេ។

មិនមានពាក្យប្រៀបធៀបណាល្អជាងការផ្តួលរំលំជញ្ជាំងនៅទីក្រុង Berlin នោះទេ ដែលបានបញ្ជាក់ពីផលបះពាល់លើវិស័យការទូតសាធារណៈអាមេរិក ដែលបានដើរតួនាទីកណ្តាលមួយក្នុងការច្នៃកិត្តិនាមជាតិរបស់អាមេរិក និងទទួលបានជ័យជំនះដើម្បីបញ្ចប់សង្គ្រាមត្រជាក់។ បើទោះបីជាមានថ្ងៃទី១១ ខែកញ្ញាក៏ដោយ ពោលនៅពេលដែលប្រជាជនអាមេរិក ក៏ដូចជាលោក ប្រធានាធិបតី George W.Bush បានសួរថា ហេតុអ្វីបានជាពួកគេស្អប់យើង? សំណួររបស់ប្រជាជនអាមេរិកទាំងនោះនៅតែទាក់ទាញការចាំអារម្មណ៍ពីពិភពលោកដដែល។

ប៉ុន្តែបន្ទាប់ពីការឈ្លានពានទៅលើប្រទេសអ៊ីរ៉ាក់ កិត្តិនាមរបស់អាមេរិកនៅជុំវិញពិភពលោកបានធ្លាក់ចុះយ៉ាងលឿន។ គួរឱ្យចាប់អារម្មណ៍នោះ ទិន្នន័យនៃការស្ទង់មតិបានបង្ហាញថា ប្រជាជនមិនសប្បាយចិត្តនឹងសហរដ្ឋអាមេរិកទេ ដែលសូម្បីតែប្រទេសម៉ូស្លីម ដោយនេះមិនមែនពួកគេស្អប់តម្លៃយើងនោះទេ ប៉ុន្តែពួកគេជឿថា យើងមិនមានភាពត្រឹមត្រូវចំពោះតម្លៃរបស់យើង។ វាគឺជាការទាត់ចោលនូវគោលនយោបាយសហរដ្ឋអាមេរិក មិនមែនតម្លៃរបស់សហរដ្ឋអាមេរិក ឬប្រជាជនអាមេរិកនោះទេ។ តែយ៉ាងណាក៏ដោយ អំណាចទន់ (Soft Power) របស់សហរដ្ឋអាមេរិកនៅតែត្រូវបានប្រើប្រាស់នៅពេលសព្វថ្ងៃនេះដដែល។

ការវាយតម្លៃទាំងចំណុចខ្លាំង និងខ្សោយ ទៅលើការអនុវត្តអំណាចទន់របស់អាមេរិក និងចិន។

សព្វថ្ងៃនេះ ជំហរបស់ប្រទេសមួយ ដែលស្ថិតលើសហគមន៍សកលលោកគឺត្រូវបានកំណត់មិនត្រឹមតែតាមយោធា និងសេដ្ឋកិច្ចនោះទេ ប៉ុន្តែថែមទាំងតាមកិត្តិនាមជាតិ និងតម្លៃជាតិផងដែរ។ចិន និងសហរដ្ឋអាមេរិកបានជាប់ទំនាក់ទំនងគ្នាយ៉ាងខ្លំាងនៅក្នុងសង្គ្រាមចិត្តគំនិត ដែលម្នាក់ៗស្វែងរកតម្លៃ និងស្តងដាពិភពលោក ឱ្យស្របនឹងគំនិតរបស់ខ្លួន។ នេះទាមទារឱ្យមានអំណាចទន់ ពោលជាអំណាចដែលទាក់ទាញអ្នកផ្សេងដោយមិនប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំ។ ចំពោះរឿងនេះ អាមេរិកបានចាប់ផ្តើមមុនចិន តាមរយៈការគ្រប់គ្រងប៉ែកខាងលិច ចាប់តាំងពីសតវត្សរ៍ទី១៩។

ខណៈដែលអំណាចទន់របស់ចិននៅតែមានការប្រកួតប្រជែងតិចជាង អំណាចទន់របស់អាមេរិកនោះ សំណួរមួយត្រូវបានសួរថា តើចិនអាចឈានមុខអាមេរិកវិញដែរឬទេ ហើយតាមរបៀបណា? ក្រោមការដឹកនាំរបស់លោក Xi Jinping ចិនបានពង្រាយឥទ្ធិពលរបស់ខ្លួន ដោយបង្កើតវិស័យការទូតផ្នែកសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកក៏ដោយ ក៏ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន មានសមាជិកចំនួន ៥៧ ប្រទេសចូលរួមដែរ ពោលចូលរួមដោយសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់ លើកលែងប្រទេសជប៉ុន និងធនាគារពិភពលោក។ តែយ៉ាងណាក៏ដោយ ចិនមិនទាន់ត្រៀមខ្លួនក្នុងការយកជ័យជំនះនៅក្នុងការប្រកួតប្រជែងនេះនៅឡើយទេ ដោយសារតែចិនយល់ថា រដ្ឋាភិបាលមិនអាចបង្កើតអំណាចទន់បាន៕

ប្រភព : The Diplomat ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦

download-1

 

ចែករំលែក

បញ្ចេញយោបល់