ព័ត៌មានដែលថា ប្រធានាធិបតីជាប់ឆ្នោត ត្រាំ បាននិយាយតាមទូរស័ព្ទទៅកាន់ប្រធានាធិបតី Tsai Ing-wen ជាផ្នែកមួយនៃការហៅទូរស័ព្ទអបអរសាទរជាច្រើនបន្ទាប់ពីគាត់ជាប់ឆ្នោតនោះបានបង្កើនការព្រួយបារម្ភអំពីជំនាញគោលនយោបាយការបរទេសរបស់ ត្រាំ។ មានហានិភ័យយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយសារគាត់មិនបានសុំយោបល់ពីអ្នកជំនាញរបស់រដ្ឋាភិបាល ហើយគាត់ហាក់បីដូចជាមានការគោរពតិចតួចណាស់ដល់ការខូចខាតធំនូវអំពើដែលបានធ្វើឡើងដោយមិនបានគិតដល់ការព្រួយបារម្ភខាងសន្តិសុខជាតិជាយូរមកហើយរបស់អាមេរិក។
ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៧៩ មក គ្មានប្រធានាធិបតីអាមេរិកណាមួយមានការសន្ទនាតាមទូរស័ព្ទ ឬដោយទល់មុខជាមួយសមភាគីតៃវ៉ាន់នោះទេ។ នេះគឺជាផ្នែកមួយនៃការទទួលយករបស់ទីក្រុងវ៉ាស៊ីនតោន នៅពេលខ្លួនបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនថា ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិនទាំងអស់ ហើយបានយល់ព្រមមានទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងលក្ខណៈមិនផ្លូវការ។
អស់រយៈពេលជាច្រើនឆ្នាំមក មានការកែសម្រួលកលយុទ្ធខ្លះក្នុងការធានាថា មន្ត្រីអាមេរិកអាចប្រាស្រ័យទាក់ទងជាមួយសមភាគីតៃវ៉ាន់ដើម្បីបន្តការពារផលប្រយោជន៍របស់គេនិងដើម្បីបង្ហាញការគោរពដល់តៃវ៉ាន់និងលទ្ធិប្រជាធិបតេយ្យរបស់គេ។ ប៉ុន្តែ មន្ត្រីកំពូលៗអាមេរិក ជាពិសេសប្រធានាធិបតី តែងតែបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការមិនធ្វើឲ្យប៉ះពាល់ដល់ផែនការក្រោយឆ្នាំ ១៩៧៩។ មានការប្រាស្រ័យទាក់ទងគ្នាជាលាយលក្ខអក្សរស្ងាត់ៗរវាងមេដឹកនាំកំពូលរបស់អាមេរិក (រាប់បញ្ចូលទាំងប្រធានាធិបតី និងប្រធានាធិបតីទើបជាប់ឆ្នោត) និងតៃវ៉ាន់ ប៉ុន្តែគេតែងតែយល់ថា ការប្រាស្រ័យទាក់ទងដោយផ្ទាល់មិនគួរគប្បីធ្វើនោះទេ។
ការទាមទាររបស់ចិនលើតៃវ៉ាន់គឺជាបញ្ហាដ៏រសើបបំផុតក្នុងទំនាក់ទំនងអាមេរិក-ចិន។ វាគឺជាឧបសគ្គដ៏ធំចំពោះអាមេរិកក្នុងការចូលកៀកទីក្រុងប៉េកាំង នៅមុនដំណើរទស្សនកិច្ចក្នុងឆ្នាំ ១៩៧២ របស់ប្រធានាធិបតី Nixon និងការចរចាស្វែងរករបៀបដោះស្រាយបញ្ហានោះគឺជាចំណុចស្នូលនៃសេចក្តីថ្លែងការណ៍ចំនួន ៣ ដែលយកមកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងអាមេរិក-ចិន។
នៅគ្រប់ទិដ្ឋភាពទាំងអស់នៃទំនាក់ទំនងអាមេរិកជាមួយតៃវ៉ាន់ ទោះបីវាជាការលក់អាវុធរបស់អាមេរិកទៅឲ្យតៃវ៉ាន់ កិច្ចប្រជុំកម្រិតខ្ពស់ ទំនាក់ទំនងយោធានិងយោធា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ ការឆ្លងកាត់ទឹកដីអាមេរិកដោយមេដឹកនាំតៃវ៉ាន់ ឬកិច្ចព្រមព្រៀងទ្វេភាគីអាមេរិក-តៃវ៉ាន់ក៏ដោយ ក៏មានប្រវត្តិយូរលង់អំពីអ្វីដែលអាមេរិកអាចធ្វើដើម្បីឲ្យស្របទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងមិនផ្លូវការរបស់ខ្លួនជាមួយតៃវ៉ាន់។ រដ្ឋាភិបាលអាមេរិកមិនបានផ្លាស់ប្តូរគោលការណ៍សំខាន់ៗនៅក្នុងក្របខ័ណ្ឌមួយដែលបានបម្រើផលប្រយោជន៍របស់យើង ផលប្រយោជន៍របស់តៃវ៉ាន់ និងផលប្រយោជន៍នៃទំនាក់ទំនងអាមេរិក-ចិននោះទេ។ ហើយសំខាន់បំផុតនោះ ការធ្វើបែបនោះបានរក្សាសន្តិភាពនៅក្នុងតំបន់។
ជាអកុសល ប្រធានាធិបតីជាប់ឆ្នោត ត្រាំ បានដើរចូលក្នុងភាពប្រទាក់ក្រឡានៃទំនាក់ទំនងរវាងតៃវ៉ាន់និងអាមេរិក ដោយពុំបានសុំយោបល់ណាមួយពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសដែលបានស្គាល់ប្រវត្តិដ៏យូរលង់នោះទេ។ ការហៅទូរស័ព្ទនេះនឹងទំនងជាបកស្រាយដោយទីក្រុងប៉េកាំងថា ជាអ្វីមួយដែលលើសពីការសន្ទនាជាលក្ខណៈបុគ្គលទៅទៀត។ ជាអកុសល ចិនទំនងជាមើលឃើញរឿងនេះថា ជាការគំរាមដល់ប្រព័ន្ធទំនាក់ទំនងដែលអាមេរិកនិងចិនបានបង្កើតឡើង។ ចិនកម្រមើលរំលងនូវអ្វីដែលពួកគេយល់ឃើញថា ជាការផ្លាស់ប្តូរធំក្នុងគោលនយោបាយអាមេរិកមកលើតៃវ៉ាន់ណាស់។ ដោយការក្រឡែកមើលទៅលើអំពើរបស់គេនៅឆ្នាំ ១៩៩៥ នៅពេលពួកគេបានធ្វើសមយុទ្ធយោធាគ្រាប់មីស៊ីលដែលគម្រាមដល់តៃវ៉ាន់នៅចំពេលអាមេរិកអញ្ជើញប្រធានាធិបតីតៃវ៉ាន់ឲ្យថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Cornell University បានបង្ហាញពីផ្នត់គំនិតរបស់ចិន។ យើងប្រហែលជាមិនចូលចិត្ត ឬមិនកោតសសើរដល់រឿងនេះ ប៉ុន្តែយើងមិនអាចធ្វើមិនដឹងដល់រឿងនេះនោះទេ។
វាឆាប់ពេកក្នុងការប្រាប់ថា តើចិននឹងបញ្ចេញប្រតិកម្មជ្រុលដោយការចាត់វិធានការ ទាំងលើតៃវ៉ាន់ ឬទាំងលើផលប្រយោជន៍របស់អាមេរិកនោះទេ។ កន្លងមក វាហាក់ដូចជាមានការអត់ធ្មត់នៅទីក្រុងប៉េកាំង។ ពួកគេហាក់បីដូចជាកំពុងស្តីបន្ទោសថ្នាក់ដឹកនាំតៃវ៉ាន់ ជាជាងការលើកឡើងជាសាធារណៈថា ត្រាំ ឬអាមេរិកគឺជាអ្នកទទួលខុសត្រូវ។ ពួកគេអាចវិនិច្ឆ័យថា ពួកគេគួរតែបង្ហាញការអត់ធ្មត់ដើម្បីជៀសវាងការធ្វើឲ្យរង្គោះរង្គើឆាប់ពេកក្នុងទំនាក់ទំនងរបស់គេជាមួយរដ្ឋការត្រាំ។
ប៉ុន្តែ នោះមិនមែនជាការធ្វើពិសោធន៍ដែលថា ត្រាំគួរធ្វើនោះទេ។ វានឹងធ្វើទីក្រុងប៉េកាំងត្រៀមខ្លួនកាន់តែខ្លាំងក្នុងការបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃចំពោះកត្តាប្រឈមនៅអនាគតដែលបង្កឡើងដោយ ត្រាំ។ ជាងនេះទៅទៀត ទំនាក់ទំនងរវាងប៉េកាំងនិងតៃប៉ិមានភាពរសើបយ៉ាងខ្លាំងនៅពេលនេះ ចាប់តាំងពីការជាប់ឆ្នោតរបស់បេក្ខជនរបស់គណបក្សដែលមានទំនោរទៅរកឯករាជ្យ Democratic Progressive Party នៅដើមឆ្នាំនេះមក។ នោះបានជំរុញឲ្យទីក្រុងប៉េកាំងកាត់ផ្តាច់ទំនាក់ទំនងនយោបាយជាមួយតៃវ៉ាន់ រហូតដល់ប្រធានាធិបតី Tsai ទទួលស្គាល់ “គោលការណ៍ចិនតែមួយ”។ ប្រធានាធិបតី Tsai មិនអាចធ្វើបែបនោះដោយមានមូលហេតុនិងការយល់ឃើញ ហើយនៅមុនការសន្ទនារវាង ត្រាំ និង Tsai នោះ មានហានិភ័យមួយដែលថា ប៉េកាំងអាចបង្កើនសម្ពាធលើតៃវ៉ាន់ធ្ងន់ធ្ងរ។ ហានិភ័យនោះអាចត្រូវបានបង្កើនឡើងដោយការសន្ទនាតាមទូរស័ព្ទនេះ។
វាមិនស្ថិតក្នុងផលប្រយោជន៍របស់តៃវ៉ាន់ក្នុងការមើលឃើញនូវក្របខ័ណ្ឌនៃទំនាក់ទំនងរបស់អាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងតៃវ៉ាន់មានការផ្លាស់ប្តូរខ្លាំងនោះទេ។ ភាពអត់ធ្មត់របស់ប៉េកាំងមានសារៈសំខាន់ដល់សន្តិសុខរបស់តៃវ៉ាន់។ អាវុធទិញពីអាមេរិកនិងការធានារបស់អាមេរិកក្នុងការគាំទ្រស្ថិតក្រោម Taiwan Relations Act ដែលបានអនុម័តបន្ទាប់ពីការចុះសន្ធិសញ្ញាសន្តិសុខរវាងអាមេរិកនិងតៃវ៉ាន់នៅឆ្នាំ ១៩៨០ នោះគឺមានតម្លៃណាស់ ប៉ុន្តែចេតនារបស់ចិនក្នុងការដោះស្រាយបញ្ហានោះដោយសន្តិវិធីគឺមានសារៈសំខាន់ដូចគ្នាដែរ។
ការមិនបង្ហាញការគោរពទីក្រុងប៉េកាំងនៅលើបញ្ហាសន្តិសុខជាតិដ៏រសើបបំផុតនេះអាចមានអារម្មណ៍សប្បាយចិត្តមួយរយៈពេល ប៉ុន្តែការញួសញង់វានៅពេលមានសន្លឹកបៀរលេងច្រើននោះមិនល្អសម្រាប់យុទ្ធសាស្ត្រនោះទេ។ គេអាចយល់ពីចេតនារបស់ប្រធានាធិបតី Tsai ក្នុងការបង្កើតទំនាក់ទំនងជាមួយ និងការគោរពពីប្រធានាធិបតីថ្មីអាមេរិក។ ប៉ុន្តែ អ្វីដែលមិនដែលគេមិនអាចយល់នោះគឺរបៀបដែលប្រធានាធិបតីថ្មីអាមេរិកនោះធ្វើមិនដឹងដល់កត្តាយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រដែលប្រធានាធិបតីទាំង ៨ ចាប់តាំងពីលោក Nixon បានយល់និងធ្វើការហៅទូរស័ព្ទ។
មានមន្ត្រីរបស់បក្សសាធារណរដ្ឋជាច្រើនដែលយល់នូវប្រវត្តិសាស្ត្រនេះច្បាស់ និងបានចូលរួមក្នុងការដោះស្រាយរឿងនេះផង។ ពួកគេដឹងអំពីសារៈសំខាន់នៃទំនាក់ទំនងរបស់អាមេរិកជាមួយចិន និងជាមួយតៃវ៉ាន់។
ប៉ុន្តែ ប្រធានាធិបតីជាប់ឆ្នោត ត្រាំ នឹងមានការផ្តល់យោបល់ល្អដើម្បីឈោងទៅរកក្រុមអ្នកមានទេពកោសលជាច្រើន សម្រាប់ការផ្តល់យោបល់ក្នុងពេលអន្តរកាលនិងក្នុងរដ្ឋបាលគាត់ ព្រមទាំងទាញយកជំនាញយ៉ាងច្រើនពីក្រសួងការបរទេសនិងមន្ត្រីស៊ើបការណ៍សម្ងាត់ ដែលធ្វើការក្នុងរឿងនេះអស់រយៈពេលជាច្រើនឆ្នាំ។ ប្រធានាធិបតីជាប់ឆ្នោត ត្រាំ មានសិទ្ធិក្នុងការទាត់ចោលការផ្តល់យោបល់របស់គេ ប៉ុន្តែវាផ្ទុយទៅនឹងផលប្រយោជន៍របស់អាមេរិក និងរបស់គាត់ក្នុងការធ្វើព្រងើយដល់រឿងនោះ៕
ប្រភព៖ East Asia Forum ចុះថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០១៦