លោក​ស្រី Bishop បាន​ព្យាយាម​សម្រាលស្ថាន​ការ​ណ៍​​អំពី​​កិច្ច​ព្រម​ព្រៀង

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
142

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop បានអះអាងថា កិច្ចព្រមព្រៀងស្តីពីការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនជាមួយនឹងកម្ពុជានោះ គឺនៅតែដំណើរការដដែល ទោះបីជាមានសញ្ញាដែលបង្ហាញថា រដ្ឋាភិបាលទីក្រុងភ្នំពេញមានបំណងចង់ទទួលយកជនភៀសខ្លួនបន្ថែមទៀតក៏ដោយ ប៉ុន្តែស្ថានការណ៍នោះកាន់តែយ៉ាប់ទៅហើយ។

ជនភៀសខ្លួនបួននាក់ដំបូងបានមកដល់កាលពីខែមិថុនា ក្រោយពីប្រទេសកម្ពុជាបានទទួលជំនួយដ៏ឆ្ងាញ់មាត់ចំនួន ៤០ លានដុល្លារអាមេរិក ហើយប្រទេសអូស្រ្តាលីបានផ្តល់ប្រាក់ចំនួន ១៥,៥ លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់តម្លៃនៃការតាំងទីលំនៅថ្មី។

ប៉ុន្តែខាងភាគីកម្ពុជាបានអះអាងថា ខ្លួនមិនចង់ទទួលយកជនភៀសខ្លួនបន្ថែមទៀតទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា «យើងមិនមានផែនការណាមួយដើម្បីនាំជនភៀសខ្លួនបន្ថែមទៀតពីកោះ Nauru មកកាន់ប្រទេសកម្ពុជាទេ។ ខ្ញុំគិតថា យើងទទួលកាន់តែតិច គឺកាន់តែល្អ»។

លោកស្រី Bishop បានបដិសេធថា កិច្ចព្រមព្រៀងនេះមិនដួលរលំទេ។

លោកស្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងស៊ីដនីថា «រឿងនោះមិនពិតទេ។ អ្នកកំពុងតែពឹងផ្អែកទៅលើសេចក្តីថ្លែងការណ៍របស់មន្រ្តីម្នាក់ប៉ុណ្ណោះ»។

លោកស្រីបានចង្អុលបង្ហាញពីកិច្ចប្រជុំដ៏វិជ្ជមានមួយជាមួយនឹងសមភាគីកម្ពុជារបស់លោកស្រី កាលពីដើមខែសីហា ដែលលោកស្រីបាននិយាយថា ប្រទេសនេះចាប់អារម្មណ៍ក្នុងការទាញយកជំនាញពីពលករបរទេស ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុករបស់ខ្លួន។

លោកស្រីបាននិយាយថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ។

អ្នកនាំពាក្យរបស់គណបក្សប្រឆាំងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ លោក Richard Marles បានអំពាវនាវដល់រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ លោក Peter Dutton ឱ្យពន្យល់ថាតើរឿងនោះដំណើរការបែបណាទៅហើយ។

គាត់បានប្រាប់ទូរទស្សន៍ ABC ថា «នេះជាការលេងសើចដ៏ធ្ងន់ធ្ងរពេកហើយ»។

អ្នកនាំពាក្យរបស់លោក Dutton បានអះអាងជាថ្មីថា អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់តាមទូក នឹងមិនត្រូវបានគេឱ្យតាំងទីលំនៅក្នុងប្រទេសអូស្រ្តាលីទេ។

គាត់បាននិយាយថា «រដ្ឋាភិបាលបន្តធ្វើការជាមួយនឹងភាគីកម្ពុជា និងដៃគូដទៃទៀត រាប់បញ្ចូលទាំងប្រទេសកំណើត ដើម្បីសម្របសម្រួលក្នុងការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញ ឬក៏ដាក់ពួកគេនៅលើកោះ Nauru និងកោះ Manus»។

សមាជិកព្រឹទ្ធសភាមកពីគណបក្ស Australian Greens លោក Sarah HansonYong បាននិយាយថា ជានិច្ចកាល កិច្ចព្រមព្រៀងនេះគឺជាទង្វើលាក់កំបាំងភាពក្លែងក្លាយ ហើយរដ្ឋាភិបាលបានព្រងើយកន្តើយទៅនឹងសញ្ញាព្រមានដែលបានបង្ហាញនោះ៕

ប្រភព: The Australian Blog ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥

ចែករំលែក

បញ្ចេញយោបល់