(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក អ៊ុំ មាន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសៀវភៅមគ្គុទេសក៏ស្តីពី “ការពិនិត្យ បញ្ជាក់ភាពត្រឹមត្រូវនៃការផ្គត់ផ្គង់ទំនិញប្រកបដោយការទទួលខុសត្រូវរបស់វិស័យ វាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើង” ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច និង សហគមន៍អឺរ៉ុប នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
ដោយមានការឯកភាពពីក្រុមប្រឹក្សាផ្តល់យោបល់ពហុភាគីដែលពាក់ព័ន្ធ អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានតាក់តែងសៀវភៅមគ្គុទេសក៏ ស្តីពី “ការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវនៃការផ្គត់ផ្គង់ទំនិញប្រកបដោយការទទួលខុសត្រូវរបស់វិស័យវាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើង” ដែលសៀវភៅនេះនឹងបញ្ជាក់ប្រាប់ក្រុមហ៊ុន ទាំងឡាយនៅក្នុងវិស័យនេះឱ្យបានដឹងថា តើការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវមានន័យយ៉ាងដូចម្តេច។
សៀវភៅមគ្គុទេសក៏ នេះត្រូវបានតាក់តែងឡើង ដោយយោងទៅលើគោលការណ៏ណែនាំសម្រាប់សហគ្រាសពហុជាតិរបស់អង្គការ OECD ដែលណែនាំសហគ្រាសពហុជាតិនានាឱ្យផ្តោតការយកចិត្តទុកដាក់លើបញ្ហាចំនួន ០៩ចំនុច ដើម្បីឲ្យការធ្វើអាជីវកម្ម របស់ពួកគេត្រូវបានធ្វើឡើងដោយការទទួលខុសត្រូវ មានដូចជា៖ ១-ការបង្ហាញព័ត៌មាន ២-សិទ្ធិមនុស្ស
៣-ការងារ និងទំនាក់ទំនងវិជ្ជាជីវ: ៤-បរិស្ថាន ៥-ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការទាមទារសំណូក និងការជំរិតទាប្រាក់ ៦-ផលប្រយោជន៏របស់អតិថិជន ៧-វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ៨-ការប្រកួតប្រជែង និង ៩-ពន្ធដារ។
គិតមកដល់ពេលនេះ មានប្រទេសចំនួន៤៦ ដែលបានឯកភាពលើសេចក្តីព្រាង សៀវភៅនេះ បើទោះបីជាសៀវភៅនេះ មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក៏ដោយ។ ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ធ្លាប់បានចាត់តាំងឱ្យ លោក សោម ចំណាន ទីប្រឹក្សាអមក្រសួង ទៅចូលរួមកិច្ចប្រជុំតុមូលស្តីពីសេចក្តីព្រាងសៀវភៅមគ្គុទេសក៏នេះ កាលពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៥ នៅទីស្នាក់ការអង្គការ OECD នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិករបស់អង្គការនេះ អង្គការអន្តរជាតិនានា អ្នកបញ្ជាទិញ សហជីពអន្តរជាតិ និងអង្គការនិយោជកអន្តរជាតិ សរុបប្រមាណ ២០០នាក់។ នៅថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ អង្គការ OECD នឹងរៀបចំកិច្ចប្រជុំតុមូលម្តងទៀត នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបានអញ្ជើញចូលរួម ដើម្បីចែករំលែកលទ្ធផលនៃកិច្ចពិភាក្សានាថ្ងៃនោះដែរ ៕