នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ លោក ស៊ុយ សេរិទ្ឋ អភិបាលរង រាជធានីភ្នំពេញ រួមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១២ និងអមដោយ មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ឋនានា បានប្រជុំរៀបចំក្រុមការងារត្រួតពិនិត្យ រថយន្តដឹកជញ្ជូន គ្រប់ ប្រភេទចេញ-ចូលរាជធានីភ្នំពេញ ដែលមានលក្ខណៈខុសបច្ចេកទេស គ្មានច្បាប់ អនុញ្ញាត ជាដើម ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរឡើងធានាឲ្យបាននូវការ ប្រើប្រាស់ថ្នល់ជាប់បានយូរ ធានាបាននូវនិរន្តរ៍ភាពធ្វើដំណើរ និងដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅលើដងវិថី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការចុះវាស់វែង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ក្រុមហ៊ុនចំនួន ៧០គ្រឿង។ លទ្ធផលនៃការត្រួតពិនិត្យឃើញ មានរថយន្តចំនួន ៩គ្រឿង ដែលត្រូវកាត់ទ្រុងចេញ។ សាលាក្រុងសូមកោតសរសើចំពោះក្រុមហ៊ុនដែលបានចូលរួមសហការ និងគោរពតាមការណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៕