ជនជាតិភាគតិចមូស្លីម Rohingya របស់ប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនឹងការរើសអើង និង អំពើហិង្សាពីអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ជាទូទៅស្ថានភាពរបស់ពួកគេមិនត្រូវបានយកចិត្តទុកដាក់ដោយពិភពលោកដ៏ធំនោះទេ ទោះបីជាសកម្មជនសិទិ្ធមនុស្សមួយចំនួននិយាយថា ការធ្វើទុក្ខបុកម្នេញរបស់ពួកគេស្មើនឹងបោសសម្អាតអំបូរជន ជាតិភាគតិច។ ខាងក្រោមនេះជាបញ្ហាមួយចំនួនដើម្បីដឹងអំពីក្រុមនេះ:
«មនុស្សគ្មានមិត្តបំផុតនៅលើពិភពលោក»
បើទោះបីជាពួក Rohingya គឺជាអំបូរជនជាតិភាគតិចមូស្លីមប្រហែលជា ១ លាននាក់ ក្នុងចំណោមប្រជាជន ៥២ លាននាក់ ដែលភាគច្រើនកាន់សាសនាព្រះពុទ្ធរបស់មីយ៉ាន់ម៉ា បានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនជំនាន់ក៏ដោយ ក៏ប្រជាជនភាគច្រើនបំផុតនៅក្នុងប្រទេសនេះបានយល់ឃើញពួកគេថា ជាអ្នកឈ្លានពានបរទេសមកពីប្រទេសជិតខាងបង់ក្លាដែស។ ប្រទេសបង់ក្លាដែស ដែលបានទទួលជនភៀសខ្លួន Rohingya ជាច្រើននោះ ក៏បានបដិសេធទទួលស្គាល់ពួកគេជាពលរដ្ឋផងដែរ។ លោកស្រី Kitty McKinsey អ្នកនាំពាក្យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយនៅឆ្នាំ២០០៩ ថា «ពួក Rohingya គឺប្រហែលជាមនុស្សដែលគ្មានមិត្តបំផុតនៅក្នុងពិភពលោក។ ពួកគេគ្រាន់តែមិនមាននរណាម្នាក់តស៊ូមតិសម្រាប់ពួកគេទាំងអស់នោះទេ»។
ការវាយប្រហារតាមព្រំដែនបាននាំឱ្យមានអំពើហិង្សាកើតមានឡើងថ្មីៗនេះ
ស្ទើរតែទាំងអស់នៃពួក Rohingya រស់នៅក្នុងរដ្ឋ Rakhine ភាគខាងលិចរបស់ប្រទេស មីយ៉ាន់ម៉ា ជាកន្លែងដែលយោធាបានបង្កើនប្រតិបត្ដិការ ចាប់តាំងពីខែវិច្ឆិកាមក នៅពេលដែល មន្ត្រីប៉ូលីសចំនួន ៩ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅប៉ុស្តិ៍តាមបណ្ដោយព្រំដែនជាមួយ ប្រទេសបង់ក្លាដែស។ អត្តសញ្ញាណរបស់ជនល្មើសនោះនៅតែមិនទាន់ត្រូវបានកំណត់ច្បាស់។ អ្នកភូមិ Rohingya ប្រដាប់ដោយអាវុធកែច្នៃក្នុងស្រុកបានទប់ទល់នឹងទាហាន ហើយអ្នកភូមិមួយចំនួនដែលមិនស្គាល់ត្រូវបានស្លាប់ ថែមទាំងទាហាន និងមន្រ្តីផងដែរ។ ក្រុមសាមគ្គីរបស់ Rohingya បាននិយាយថា ជនស៊ីវិលជាច្រើនរយនាក់ត្រូវបានសម្លាប់ ចាប់តាំងពីខែតុលាមក។ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថា រូបភាពពីផ្កាយរណបបានបង្ហាញពីផ្ទះ ១.២៥០ ខ្នង និងសំណង់ផ្សេងទៀតត្រូវបានដុតបំផ្លាញចោល។ ក្នុងឆ្នាំ២០១២ អំពើហិង្សារវាងពួក Rohingya និងសហគមន៍ពុទ្ធសាសនាបានសម្លាប់មនុស្សរាប់រយនាក់ និងបានបង្ខំឱ្យមនុស្ស ១៤០.០០០ នាក់ ដែលភាគច្រើនពួក Rohingya ដើម្បីឱ្យចាកចេញពីផ្ទះរបស់ពួកគេទៅកាន់ជំរុំដើម្បីផ្លាស់ទីលំនៅ។ មនុស្សប្រមាណជា ១០០.០០០ នាក់ នៅតែស្ថិតនៅក្នុងជំរុំ កខ្វក់ និងពឹងផ្អែកលើអំណោយសប្បុរសធម៌។ការខកចិត្តជាមួយលោកស្រី Suu Kyi
មានការខកចិត្តយ៉ាងខ្លាំងដែលថា លោក Aung San Suu Kyi បានបរាជ័យដើម្បីធ្វើឱ្យមានស្ថានភាពធូរស្បើយសម្រាប់ជនជាតិភាគតិច Rohingya បើទោះបីជាលោកស្រីមានកេរ្តិ៍ឈ្មោះថា ជាអ្នកតវ៉ាដើម្បីសិទ្ធិមនុស្សក៏ដោយ។ ការនិយាយតវ៉ាសម្រាប់សិទ្ធិជនជាតិភាគតិច Rohingya គឺជាជំហរនយោបាយគ្មានប្រជាប្រិយភាពនៅមីយ៉ាន់ម៉ា។ កាលពីខែសីហា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានតែងលោក Kofi Annan ដើម្បើដឹកនាំក្រុមប្រឹក្សាយោបល់ក្នុងគោលបំណងស្វែងរកឱ្យមាននូវដំណោះស្រាយដ៏ស្ថិតឋេរចំពោះជម្លោះនៅក្នុងរដ្ឋ Rakhine នោះ លោក Kofi Annan បានទស្សនកិច្ចនៅរដ្ឋ Rakhine នៅក្នុងពេលប៉ុន្មានថ្ងៃនេះ ហើយមានផែនដើម្បីនិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Yangon ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា។ ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ មានផែនការលួចជម្លោះនៅក្នុងរដ្ឋ លោក Adama Dieng កាលពីសប្តាហ៍មុនបានបញ្ចេញឱ្យឃើញនូវកង្វល់ស្តីពីការប្រើប្រាស់កម្លាំងលើសលប់ និងការរំលោភសិទ្ធិមនុស្សដ៏ទៃទៀតប្រឆាំងជនស៊ីវិល ជាពិសេសគឺអំបូរជនជាតិភាគតិច Rohingya ដែលរាប់បញ្ចូលទាំងការចោទប្រកាន់ទៅលើការសម្លាប់ក្រៅប្រព័ន្ធតុលាការ ទារុណកម្ម ការចាប់រំលោភ និងការបំផ្លេចបំផ្លាញទៅលើទ្រព្យសម្បត្តិសាសនា៕
ប្រភព : AP ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦