(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំឲ្យដំឡើងថ្លៃផ្ទះជួល ព្រមទាំងបញ្ជាឲ្យអាជ្ញាធរធ្វើការ ជាមួយម្ចាស់ផ្ទះជួលកុំឲ្យដំឡើងថ្លៃ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ដើម្បីលើកស្ទួយជីវភាពកម្មករ តាមរយៈកាត់បន្ថយការចំណាយ ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ជួល។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកបន្តធ្វើការតបណ្តាញទឹក និងអគ្គិសនីបន្ថែមទៀតទៅតាមបន្ទប់ជួលរបស់កម្មករ៕