លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្រៅពីកាត់បន្ថយការកកស្ទះចរាចរណ៍ នាវាដឹកអ្នកដំណើរ នឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ថ្ងៃពុធ ទី ១ សីហា ២០១៨​
41

នៅព្រឹកថ្ងៃពុធថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់ពីបានសម្ពោធចំណតនាវាដឹកអ្នកដំណើរនៅក្នុងខណ្ឌឬស្សីកែវ រួចហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីនៃរាជរដ្ឋាភិបាល មួយចំនួនបានអញ្ជើញធ្វើដំណើរតាមនាវាពីចំណតឫស្សីកែវ មកកាន់ចំណតនាវាទីក្រុងតាខ្មៅ ខេត្តកណ្តាល។ យើងបានឃើញទិដ្ឋភាពដ៏ស្រស់បំព្រងនៅតាមដងទន្លេ ជាពិសេសបានឃើញពីការវិវឌ្ឍរីកចម្រើននៃសហគមន៍រស់នៅតាមទីក្រុងភ្នំពេញផងដែរ។

គួររំលឹកផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃកាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ដោយបានប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀតជួលពីក្រុមហ៊ុន Royal Express Boat)។ នាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាងរយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។

ការធ្វើដំណើរតាមនាវានេះមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥:៣០ព្រឹក រហូតដល់ម៉ោង ៦:៣០ល្ងាច ហើយគិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។ សម្រាប់ចំណតនាវាឫស្សីកែវ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធនៅព្រឹកនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណជិត ៥៩ម៉ឺនដុល្លារអាមេរិក។

ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាមផ្លូវទឹកនេះឱ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់ចំណតនាវាចំនួន៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក។ នៅពេលនេះបងប្អូនអាចជ្រើសរើសការធ្វើដំណើរតាមកាណូត និងដឹកជញ្ជូនទំនិញផ្សេងៗតាមផ្លូវទឹក បានកាន់តែងាយស្រួល ដែលជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវទឹក និងដើម្បីជំរុញជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ម៉្យាងវិញទៀត គឺនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយកម្រិតធំទៀតផង៕

ចែករំលែក

បញ្ចេញយោបល់