អ្នករាយការណ៍ពិសេស មិនបានលើកយកបញ្ហាសិទ្ធិ មនុស្សរស៊ើបៗក្នុងជំនួបជាមួយរដ្ឋាភិបាលកម្ពុជានោះទេ

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
158

លោកស្រី រ៉ូណា ស្មីត (Rhona Smith)បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទទី២១ កញ្ញានេះ នៅវិមានសន្តិភាព។ ក្នុងជំនួបជាលើកដំបូងនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ មិនបានលើកយកបញ្ហាសន្ធិមនុស្សនៅកម្ពុជាមកពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលនោះទេ។ មន្ត្រីសិទ្ធមនុស្សថា ជំនួបទី១នេះជាជំនួបស្ទាបស្ទង់ស្ថានការណ៍។

ខុសពីលោក ស៊ូប៊ែឌី អតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រូណា ស្មីតមិនបានលើកយកបញ្ហាសិទ្ធិមនុស្សរស៊ើបៗក្នុងជំនួបលើកដំបូងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ លោក អ៊ែង សុផល្លែត អ្នកនាំពាក្យកិច្ចប្រជុំបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា លោកស្រី រ៉ូណា បានសន្យាចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជាថា នឹងប្រឹងប្រែងធ្វើយ៉ាងណាលើកស្ទួយ និងការពារសិទ្ធមនុស្សនៅកម្ពុជាក្នុងអាណត្តិរបស់លោកស្រី។ ក្នុងជំនួបប្រមាណជាងកន្លះម៉ោងនោះ លោកស្រី រ៉ូណាស្មីតមិនបានលើកយកបញ្ហាសិទ្ធនៃការបញ្ចេញមតិ និងសិទ្ធិលំនៅដ្ឋានដូចអ្នករាយការណ៍របស់អង្គកាសហប្រជាជាតិអាណត្តិមុនៗទេ។ គួររំលឹកថា ក្នុងអាណត្តិលោក ស៊ូប៊ែឌី បញ្ហាសិទ្ធមនុស្សរស៊ើបដូចជាបញ្ហាដីធ្លី បញ្ហាសិទ្ធនៃការបញ្ចេញមតិ និងបញ្ហាឯករាជ្យភាពនៃប្រព័ន្ធតុលាការជាដើមគឺជារបៀបវារៈសំខាន់ៗដែលតែងតែលើកឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា។

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការអាដហុក បានសន្និដ្ឋានថា លោកស្រីរ៉ូណា អាចលំបាកក្នុងការក្តាប់ស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា ហើយម្យ៉ាងវិញទៀត ជំនួបដំបូងគឺគ្រាន់តែជាជំនួបស្ទាបស្ទង់។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីអ្នករាយការណ៍ពិសេសអាចប្រុងប្រយ័ត្នក្នុងជំនួបដំបូងនេះ។

ក្នុងជំនួបជាមួយសង្គមស៊ីវិល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ សង្គមស៊ីវិលប្រមាណជាង៣០អង្គការ បានលើកយកបញ្ហាសិទ្ធមនុស្សសំខាន់ៗមួយចំនួន ដូចជាសិទ្ធសេរីភាពនៃការបញ្ចេញមតិ ឯករាជ្យភាពរបស់តុលាការ និងសុវត្ថិភាពអ្នកការពារសិទ្ធមនុស្សជាដើម។ សូមបញ្ជាក់ថា លោកស្រីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៧កញ្ញា ហើយលោកស្រីនឹងចាកចេញពីកម្ពុជានៅថ្ងៃទី២៤ កញ្ញា ២០១៥។ ក្នុងដំណើរទស្សនៈកិច្ចរយៈពេលជាង១សប្តាហ៍នេះ លោកស្រីបានជួបជាមួយសង្គមស៊ីវិល សកម្មជនសិទ្ធមនុស្សប្រមុខរដ្ឋាភិបាល ហើយនឹងគ្រោងជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងក្រសួងយុត្តិធម៌ជាដើម។ ក្រៅពីនេះលោកស្រីនឹងជួបជាមួយតំណាងរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។

ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគីទាំងពីរក៏បានពិភាក្សាស្តីពីសិទ្ធក្នុងការរស់នៅ សិទ្ធនៃការសិក្សា និងសិទ្ធទទួលបានម្ហូបអាហារជាដើម។

លោកស្រី រ៉ូណាស្មីត បានលើកឡើងថា លោកស្រីមិនឱ្យការងាររបស់លោកស្រីប៉ះពាល់អធិបតេយ្យភាពរបស់កម្ពុជានោះទេ ហើយម្យ៉ាងវិញទៀត លោកស្រីបានសន្យានឹងប្រមូលភស្តុតាងជាក់លាក់មិនឱ្យខ្វះខាតក្នុងរបាយការណ៍ផ្ញើទៅកាន់អង្គការសហប្រជាជាតិឡើយ។ ទោះបីជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថាបើទោះបីជាកម្ពុជាមានចំណុចមិនស្របគ្នាពាក់ព័ន្ធនឹងសិទ្ធិមនុស្សនោះ ភាគីទាំងពីរគប្បីស្វែងរកវិធីដើម្បីបំពេញនូវភាពខុសគ្នា៕

ប្រភព : វិទ្យុបារាំងអន្តរជាតិ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥

ចែករំលែក

បញ្ចេញយោបល់