(ភ្នំពេញ) ៖ ថ្លែងនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្នុងឱកាសបានជួបសំណេះសំណាលជាមួយបុគ្គលិក-កម្មករអនាម័យ បរិស្ថាន និងសាធារណការ ចំនួន ២,១៩៦នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងបញ្ហា គ្រឿងញៀន ជម្ងឺអេដស៍ ចរាចរណ៍ និងជំរុញអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន ៖
– អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ កាប់សម្លាប់ឪពុកម្តាយ និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារនៅក្នុងសង្គម។
– សូមជៀសវាងឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ដោយឡែក ចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិតឱ្យបានទៀងទាត់ទៅតាមការកំណត់របស់គ្រូពេទ្យ។
– សូមបងប្អូនទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជម្ងឺតម្កាត់ផ្សេងៗ និងការចំណាយក្នុងគ្រួសារ។
– ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។
– លើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយព្យាយាមដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
– សូមក្រុមហ៊ុនស៊ីនទ្រី ចូលរួមលើកកម្ពស់សុខភាពរបស់បុគ្គលិករបស់ខ្លួន ដោយធ្វើការផ្គត់ផ្គង់ដល់កម្មកររបស់ខ្លួនបន្ថែមនូវសម្ភារៈអនាម័យ ដូចជា ស្បែកជើង ស្រោមមុខ ស្រោមដៃ។ល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះបងប្អូន ដែលជាកម្មករអនាម័យទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្អាតបរិស្ថានក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យមានសោភ័ណភាពទីក្រុងស្អាត និងមានអនាម័យ។
នៅក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់អំណោយមនុស្សធម៌ដល់ បុគ្គលិក-កម្មករទាំង ២,១៩៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារ៉ុង១ ក្រមា១ នំប៉័ង ២ដើម ទឹកសុទ្ធ ២ដប និងថវិកា ១០០,០០០រៀលផងដែរ៕