សៀវភៅកំណាព្យ “ក្រមង៉ុយ” ចំនួន១ពាន់ក្បាល “ហ្មត់ដូចអាចម៍ទីទុយ” ក្នុងរយ:ពេល៥ម៉ោង

ថ្ងៃសៅរ៍ ទី ៣ ធ្នូ ២០១៦​
1183

តែក្នុងរយ:ពេល៥ម៉ោងប៉ុណ្ណោះ សៀវភៅចំនួន១ពាន់ក្បាល ដែលបានដាក់លើតុនៅឯពិពណ៌សៀវភៅឆ្នាំនេះ ត្រូវបានអ្នកចូលរួមចោមរោមស្នើសុំ “ហ្មត់ដូចអាចម៍ទីទុយ” ។ សៀវភៅ “ក្រមង៉ុយ” ជាស្នាដៃរបស់អ្នកប្រាជ្ញវោហារសាស្ត្រខ្មែរ ហើយដែលត្រូវបានលោក ពុយ គា ជាអ្នកសារព័ត៌មានខ្មែរ និងជាអ្នកស្រាវជ្រាវមួយរូបបានរៀបរៀងបោះពុម្ពផ្សាយ ឡើងវិញ ត្រូវបានចែកជូនដល់អ្នកដែលនិយមអាន សៀវភៅនៅឯពិពណ៍សៀវភៅកម្ពុជា នៅបណ្ណាល័យជាតិ នៅថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ២០១៦ ។

ដោយសារតែមានការចាប់អារម្មណ៍ច្រើនពីមហាជន ស្តង់សៀវភៅរបស់លោក ពុយ គា ត្រូវបានអ្នកចូលរួមពិពណ៌សៀវភៅ “ចោមរោមរហូតដល់បាក់តុអស់មួយ” ។ សៀវភៅចំនួន១ពាន់ក្បាលដែលចែកជូននៅថ្ងៃទី១ និងចំនួន១ពាន់ក្បាលទៀតសម្រាប់ចែកជូននៅថ្ងៃទី២ និងទី៣ គឺជាអំណោយរបស់សប្បុរសជន ដែលបានចូលរួមជាមួយលោក ពុយ គា តាមរយៈការជួយចេញថ្លៃបោះពុម្ព (ឈ្មោះសប្បុរសជនមានភ្ជាប់នៅលើសៀវភៅទាំងនោះស្រាប់) ។

លោក ពុយ គា បាននិយាយថា “សូមដាក់លក្ខខណ្ឌមួយដល់បងប្អូនដែលទទួលបានសៀវភៅរបស់ខ្ញុំទាំងអស់ មេត្តាអានឱ្យបានមួយចប់យ៉ាងតិច” ។ ទន្ទឹមនឹងនេះ លោក ពុយ គា សូមថ្លែងអំណរគុណជាថ្មីម្តងទៀតដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយលោកក្នុងបំណងតែមួយ គឺចូលរួមលើកទឹកចិត្តឱ្យមានអ្នកអានសៀវភៅកាន់តែច្រើននៅកម្ពុជា ។ លោកបន្តថា “ប្រជាជាតិមួយនឹងរីកចម្រើនលឿន បើសិនជាមានអ្នកចេះដឹងច្រើន” ។

សៀវភៅកម្រាស់ ១៤១ ទំព័រ ជាកំរងកំណាព្យចុងជួនតាំងពីដើមដល់ចប់ បានបង្កប់នូវអត្ថន័យអប់រំ និងរំលឹកដាស់តឿនដល់មនុស្សស្ទើរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យទាំងអស់ និងជាពិសេសយុវជនឱ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់ចាស់ ស្គាល់ទុំ ។

កំណាព្យរបស់ក្រមង៉ុយ ត្រូវបានចាស់ៗ និងគ្រូបង្រៀនលើកមកតំណាលតៗគ្នាឱ្យកូនចៅ និងសិស្សស្តាប់នូវឃ្លាប្រយោគដែលពេញនិយមជាច្រើនដូចជា ៖
– បើចង់ស្រាលខ្លួន រៀនសូត្យឱ្យយមួន ឱ្យមាំឱ្យយស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។
– កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្តិ ចង់គង់ប្រយោជន៍ ឱ្យចេះប្រយ័ត្ន ពាក្យឪមួយម៉ាត់ ឱ្យគិតមួយម៉ោង។
– កុំឃ្លានចំណី កុំខ្លាចអត់ប្តី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស់ ខ្លួនល្អស្រលះ មិនខ្វះគេស្តី។
– កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ។
– កុំឆ្មើងអាងបុណ្យ ស្រដីឱ្យទន់ ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្ដិយស កុំឆ្លៀតនាំ ឈលោះ ញុះញង់អ្នកធំ៕

 

ចែករំលែក

បញ្ចេញយោបល់