ប្រវត្តិសាស្ត្រគឺជាការពិតមិនអាចប្រកែកបាន ហើយ២ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានប្រជាពលរដ្ឋខ្មែរបានស្គាល់ច្បាស់ថា ជាថ្ងៃដែលបង្កើតឱ្យមានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីប្រឆាំងនឹងអំណាចផ្ដាច់ការនៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមរយៈចលនានេះ កងទ័ពបដិវត្តន៍នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី ក៏បានវាយសម្រុកផ្តាច់ព្រ័តទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី ៧ មករា ១៩៧៩ ប្តូកម្ពុជាពីរបបវាលពិឃាដដ៏ឃោរឃៅ មកជាកម្ពុជាសន្តិភាពដូចសព្វថ្ងៃនេះ។
២ធ្នូ ពិតជាថ្ងៃមានលាភ មានជ័យសម្រាប់ពលរដ្ឋខ្មែរមិនអាចប្រកែកបាន ជាក់ស្តែង២ធ្នូ ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានព្រះមហាក្សត្រព្រះនរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានទោស តាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការលើលែងទោសទោសធ្វើឡើងបន្ទាប់ពីលោក កឹម សុខា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ បានផ្ញើលិខិតស្នើសុំដោយក្តីយោគយល់បំផុតទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើសុំព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោសដល់រូបលោក។
គេនៅចាំបានថា លោក កឹម សុខា ត្រូវបានតុលាការប្រកាសទោសជាស្ថាពរ ដោយផ្តន្ទាទោសពន្ធនាគារ រយៈពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ តុលាការរកឃើញថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ។
ប្រតិកម្មពីមហាជនតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ២ធ្នូនេះក៏មានភ្ជាប់ជាមួយនឹងករណីលើកលែងទោសលោក កឹម សុខាដូខគ្នាដែរ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ ភានី សុជាតា បានរៀបរាប់ថា៖ នាងខ្ញុំសូមអរគុណវីរបុរស២ធ្នូរ របស់កម្ពុជា សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរំដោះជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីជិត៤០ឆ្នាំមុន មានសម្តេចទាំងបីទើបកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនដូចបច្ចុប្បន្ន។ ២ធ្នូ ឆ្នាំ២០១៦ បានបន្តរំដោះអ្នកទោស កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងមិនរើសមុខដែលបំបានច្បាប់ មិនឱ្យជាប់គុក ដូច្នេះទាំងនេះគឺជាគុណបំណាច់ដថ្លៃថ្លារបស់២ធ្នូរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុយ វណ្ណៈ អតីតអ្នកកាសែតបានបង្ហាញចំណាប់អារម្មណ៍តាមគណនីហ្វេសប៊ុករបស់លោកថា៖ ថ្ងៃនេះ លោកជំទាវតំណាងរាស្ត្រ ស្រស់សោភា សែលហ្វី! ធ្វើម៉េច បើយើងជាស្រីស្អាត ប្រុសស្អាត ហើយថ្ងៃនេះ ២ធ្នូ យើងញញឹមរីករាយ ក្រោមម្លប់ សន្តិភាព! សូមកុំភ្លេចសួររកថា÷ អ្នកណានាំ សន្តិភាព ឱ្យកម្ពុជា? សូមនឹកដល់ឈ្មោះ និងតបស្នងចំពោះម្ចាស់សន្តិភាពផង! ចង់រីករាយក្នុងសន្តិភាព បោះឆ្នោតគាំទ្រគាត់ទៀតចុះ!
ភ្ជាប់ជាមួយការលើកលែងទោសលោក កឹម សុខានេះ គឹម សន្តិភាព បានបកស្រាយតាមរយៈគណនីហ្វេសប៊ុករបស់លោកថា៖ យោងតាមមាត្រា ៧៧ នៃច្បាប់ស្តីពីពន្ធនាគារ ៖ ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើ ថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន !ករណីខាងលើនេះ ត្រូវចង់ភ្ជាប់ដោយល័ក្ខខ័ណ្ឌមួយ គឺសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ ! រីឯកាលៈទេសៈ និងរយៈពេលអនុវត្តទោស មិនមែនជាល័ក្ខខ័ណ្ឌនោះទេ !