ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៦នេះ គឺតបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រះមហាក្សត្របាន ព្រះរាជទានទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
នៅក្នុងព្រះរាជ្យក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា៖ «ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ស្នើសូមព្រះករុណាថ្លៃវិសេស សូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន នូវព្រះរាជក្រឹត្យព្រះរាជទាន លើកលែងទោស ឲ្យទណ្ឌិតឈ្មោះ កឹម សុខា ដែលត្រូវបានផ្តន្ទាទោស តាមអំណាចសាលដីកាព្រហ្មទណ្ឌ ស្ថាពរលេខ ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»។
ការស្នើសុំលើកលែងទោសរបស់សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះមហាក្សត្រនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ បានផ្ញើលិខិតទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយស្នើសុំសម្តេចតេជោដោយក្តីយោគយល់បំផុត ដើម្បីស្នើសុំព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោសដល់រូបលោក។
សូមជំរាបថា លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ មេធាវីលោក កឹម សុខា បានបន្តទំនាស់ទៅកាន់សាលាឧទ្ធរណ៍។
រហូតដល់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បើកសវនាការ និងសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែ និងពិន័យ៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ តុលាការរកឃើញថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ៕