កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមាជិក TPP ដោយសារគាត់ប្រកាសថា អាទិភាពទីមួយរបស់គាត់ក្នុងនាមជាប្រធានាធិបតីអាមេរិក គឺដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
កិច្ចព្រមព្រៀង TPP គឺជាឧបករណ៍ដ៏ចម្បងមួយរបស់ប្រធានាធិបតី Barack Obama ដើម្បីធានាឱ្យមានជំហររឹងមាំមួយនៅតំបន់អាស៊ី មិនត្រឹមតែវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងវិស័យភូមិសាស្រ្តនយោបាយផងដែរ។ លោក Trump បានបំផ្លាញសមិទ្ធផល ១០ឆ្នាំនៃការចរចាដ៏លំបាកមួយរវាងប្រទេសទាំង ១២ នៅជុំវិញតំបន់ប៉ាស៊ីហ្វិក។
ការខកចិត្តដ៏ខ្លាំងមួយនោះ គឺជប៉ុន ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង TPP តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោក Trump ជាប់ឆ្នោត។ ជប៉ុនមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀង TPP នឹងជំរុញវិស័យពាណិជ្ជកម្មប្រកបដោយចិរភាពរវាងជប៉ុន និង សហរដ្ឋអាមេរិក។
សេចក្តីប្រកាសរបស់លោក Trump គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយចំពោះនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe។ គាត់មានក្តីសង្ឃឹមថា TPP នឹងផ្តល់នូវការជំរុញពីខាងក្រៅសម្រាប់កំណែទម្រង់លើវិស័យមួយចំនួន ដែលជប៉ុនកំពុងជួបបញ្ហា ជាពិសេស វិស័យកសិកម្ម។
លោក Trump បានព្រលយឱ្យដឹងពីជំហរគោលនយោបាយពាណិជ្ជកម្មមួយចំនួនរបស់គាត់នៅថ្ងៃអនាគត។ គាត់គាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលអាមេរិកប្រើប្រាស់អំណាចសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនដើម្បីផ្តល់កិច្ចព្រមព្រៀងចំពោះសមភាគីរបស់ខ្លួន។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៤ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងទ្វេភាគីមានតែពីរប៉ុណ្ណោះនៅអាស៊ី គឺសិង្ហបុរី និងកូរ៉េខាងត្បូង។ នៅថ្ងៃអនាគត សហរដ្ឋអាមេរិកអាចនឹងមានគោលបំណងធ្វើការចរចាបើកចំហរឱ្យមានកិច្ចព្រមព្រៀងទ្វេភាគីបន្ថែមទៀតនៅអាស៊ី។
កិច្ចព្រមព្រៀងទាំងនេះ ជួយបើកចំហពាណិជ្ជកម្ម ក៏ប៉ុន្តែ កិច្ចព្រមព្រៀងទាំងនេះក៏ជួបនឹងបញ្ហាជាច្រើនផងដែរ។ ទីមួយ ពិភពលោកសព្វថ្ងៃ ការអនុវត្តពន្ធគយរបស់បណ្តាប្រទេសទាំងនេះគឺមានកម្រិតទាបរួចទៅហើយ។
រនាំងពាណិជ្ជកម្មដ៏ធំបំផុតគឺបទដ្ឋានខុសៗគ្នានៃគោលនយោបាយ និងបទបញ្ញត្តិរបស់ប្រទេសនីមួយៗ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអាចកាត់បន្ថយភាពខុសគ្នានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដំណោះស្រាយដ៏ល្អបំផុតគឺអភិវឌ្ឍស្តង់ដាររួមនៅក្នុងតំបន់ បើមិនដូច្នោះទេ វានឹងមានហានិភ័យនៃភាពត្រួតស៊ីគ្នា និងផ្ទុយគ្នានៃច្បាប់។
សេចក្តីសម្រេចរបស់លោក Trump ក្នុងការដកខ្លួនចេញពី TPP ហើយគាំទ្រកិច្ចព្រមព្រៀងទ្វេភាគីក៏មានន័យផងដែរថា គាត់បំផ្លាញទស្សនវិស័យនៃសមាហរណកម្មក្នុងតំបន់របស់អាស៊ីប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកដើរតួនាទីជាអ្នកដឹកនាំ។
ធ្វើដូច្នោះ លោក Trump ហាក់ដូចជាបានផ្តល់ឱកាសឱ្យចិន និងជប៉ុន ក្លាយជាអ្នកនាំមុខនៃសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់។ វាអាស្រ័យលើប្រទេសទាំងពីរដើម្បីទាញយកផលប្រយោជន៍ពីឱកាសនេះ ដើម្បីស្ថាបនាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួបរួមមួយនៅអាស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមពាណិជ្ជកម្មក្នុងតំបន់ដ៏សំខាន់ ដែលប្រទេសទាំងពីរពាក់ព័ន្ធ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កូរ៉េខាងត្បូង-ជប៉ុន និងភាពជាដៃគូសេដ្ឋកិច្ចយោគយល់គ្នាក្នុងតំបន់នោះ កំពុងស្ថិតក្រោមការចរចាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយដំណើរការក៏បានវិវត្តន៍គួរឱ្យកត់សម្គាល់មួយចំនួនផងដែរ៕
ប្រភព : Asia Times ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦