សម្តេច ហ៊ុន សែន អញ្ជើញធុរកិច្ច និង វិនិយោគគិនចិនឱ្យមកចាប់ដៃគូវិនិយោគនៅកម្ពុជា

ថ្ងៃសុក្រ ទី ២ ធ្នូ ២០១៦​
115

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធុរកិច្ចចិន និង វិនិយោគគិនចិន ដែលមិនទាន់ស្គាល់កម្ពុជាឱ្យ មកកាន់កម្ពុជាដើម្បីបំពេញទស្សនកិច្ច សិក្សាឱ្យបានស៊ីជម្រៅក្នុងការចាប់ដៃ គូធុរកិច្ចនិងសម្រេចចិត្តវិនិយោគនៅកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីលៀងសាយភោជន៍ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី ក្នុងតំបន់អភិវឌ្ឈន៍ នៃក្រុមហ៊ុន LYP Group របស់លោឧកញ៉ា លីយ៉ុងផាត់ នាល្ងាចថ្ងៃទី០១ធ្នូ ដោយបានស្វាគមន៍ រាល់គម្រោងវិនិយោគ ទាំងឡាយនៅកម្ពុជា។ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើអោយកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួន និងឡូជីស្ទីក ការបង្កើនការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថិរភាព និងមានតម្លៃទាប ការបណ្ដុះបណ្ដាលជំនាញ សម្រាប់កម្មករ និងការបន្តលើកកម្ពស់បរិយាកាសវិនិយោគ ការលើកកម្ពស់ធុរកិច្ចក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង របស់កម្ពុជានៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ សម្ដេចក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ការជួបជុំគ្នារវាងវិនិយោគិនចិន និងកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិននាថ្ងៃនេះ មិនមែនជាការជួបជុំ លើកចុងក្រោយនោះទេ សម្ដេចសូមគាំទ្រអោយមានការជួបជុំបែបនេះ ជាបន្តបន្ទាប់ទៀត។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអង្គវេទិកាទាំងមូល ដែលបានខិតខំយ៉ាងសកម្ម និងបានផ្ដល់វិភាគទានបញ្ញាណ មតិយោបល់ និងអនុសាសន៍នានា ធ្វើការចែករំលែកព័ត៌មាន ពាណិជ្ជកម្ម វិនិយោគគ្រប់ជ្រុង ជ្រោយជូនអ្នកវិនិយោគ។ សម្តេចក៏បានណែនាំផងដែរ ដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចជាស្រេចដើម្បីផ្ដល់ការគាំទ្រ និងដោះស្រាយបញ្ហានានា ក្នុងគោលដៅ អោយអ្នកវិនិយោគ កាន់តែមានទំនុកចិត្ត និងសប្បាយចិត្តក្នុងការវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ថា នៅមុនពិធីលៀងសាយភោជន៍នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើគម្រោងកសាងទីក្រុងមិត្តភាពកម្ពុជាចិន ផងដែរ។ ផែនការមេទីក្រុងមិត្តភាពកម្ពុជា-ចិននេះ គ្រោងនិងចំណាយទឹកប្រាក់កសាងក្នុង តម្លៃជាង១ពាន់៥រយលានដុល្លារអាមេរិក លើទំហំផ្ទៃដីប្រមាណ៥៥០ហិកតា ស្ថិតក្នុងបរិវេណ ទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ដែលមានចម្ងាយប្រមាណ១០ គីឡូម៉ែត្រ ពីភាគកណ្ដាល នៃរាជធានីភ្នំពេញ។ ទីក្រុងមិត្តភាពកម្ពុជាចិននេះ នឹងបង្កើតឡើង ក្រោមការចាប់ដៃគូរសហប្រតិបត្តិការ រវាងក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន CMIG របស់រដ្ឋចិន ៕

untitled-1

ចែករំលែក

បញ្ចេញយោបល់