ក្រសួងការងារធ្វើកិច្ចពិភាក្សាស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះក្រុមការងារជំនាញមកពីប្រទេសជប៉ុន

ថ្ងៃសុក្រ ទី ២ ធ្នូ ២០១៦​
98

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលស្វាគមន៍ចំពោះក្រុមការងារជំនាញមកពីប្រទេសជប៉ុន ដែលមានបំណងចង់សិក្សាស្វែងយល់ អំពីទំនាក់ទំនងវិជ្ជាជីវៈ និងច្បាប់ពាក់ព័ន្ធនានានៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយឲ្យបានច្បាស់ប្រាប់ដល់អ្នកវិនិយោគ ដែលមានបំណងចង់មកបោះទុនវិនិយោគ ក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់បែបនេះ ត្រូវបានស្ដែងចេញឡើងក្នុងជំនួបជាមួយ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ជាមួយក្រុមការងារជំនាញសិក្សាផ្នែកច្បាប់ នៃក្រសួងការងារប្រទេសជប៉ុន ដឹកនាំដោយលោក កូហ្សូ កាហ្គាវ៉ា សាស្រ្តាចារ្យនៃសកលវិទ្យាល័យអូសាកា ជំនាញខាងសិក្សាស្រាវជ្រាវទីផ្សារវិនិយោគ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងការងារ។
ក្នុងឱកាសនោះ លោក កូហ្សូ កាហ្គាវ៉ា បានឲ្យដឹងថា ក្រុមការងារជំនាញរបស់លោក បាននឹងកំពុងសិក្សាស្រាវជ្រាវ ពីព័ត៌មានពាក់ព័ន្ធនឹងបញ្ហាច្បាប់ បញ្ហាប្រាក់ឈ្នួល និងការងារពាក់ព័ន្ធជាច្រើន ដើម្បីឈានទៅការប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
លោក កូហ្សូ បានបន្តថា ការដែលក្រុមការងារជំនាញរបស់លោក ធ្វើការសិក្សាស្វែងយល់ និងស្រាវជ្រាវលើការងារទាំងប៉ុន្មានខាងលើនេះ ក៏ដើម្បីផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ដល់ក្រុមអ្នកវិនិយោគនៅឯជប៉ុន ពាក់ព័ន្ធនឹងទំនាក់ទំនងវិជ្ជាជីវៈ ច្បាប់ការងារ ច្បាប់សហជីព ប្រាក់ឈ្នួលអប្បបរមា និងបញ្ហាផ្សេងៗក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការប្រៀបធៀបជាមួយស្ថានភាពការងារ នៅប្រទេសឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម សំដៅស្វែងរកទីតាំងវិនិយោគពិតប្រាកដ និងសមរម្យមួយ។
ឆ្លើយតបនឹងគោលបំណងដ៏ធំខាងលើ លោក រដ្ឋលេខាធិការ ម៉ម វណ្ណៈ បានទទួលស្វាគមន៍ និងធ្វើការពន្យល់យ៉ាងយកចិត្តទុកដាក់ ដោយលោកបានរៀបរាប់ពី ឱកាសវិនិយោគដ៏ច្រើននៅកម្ពុជា លើកឡើងពីស្ថានភាពការងារ ច្បាប់ពាក់ព័ន្ធនានា សក្ដានុពលកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋកម្ពុជា និងស្ថានភាពវិជ្ជមានជាច្រើនទៀត ប្រាប់ដល់ភាគីជប៉ុនយ៉ាងក្បោះក្បាយបំផុត។
លោក ម៉ម វណ្ណៈ បានសង្កត់ធ្ងន់ទៅលើ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគាំពារ ផ្ដល់ឱកាសដល់អ្នកវិនិយោគទុន និងយកចិត្តទុកដាក់លើសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ពោលគឺអ្វីៗទាំងអស់ មានភាពល្អប្រសើរជាងប្រទេសដទៃ។
ភាគីជប៉ុនក៏បានសន្យាជួយផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគជប៉ុន ឲ្យមានការចាប់អារម្មណ៍ពីឱកាសវិនិយោគ និងមកបោះទុនវិនិយោគនៅកម្ពុជា បន្ថែមទៀត ព្រោះក្រុមការងាររបស់លោក កូហ្សូ កាហ្គាវ៉ា បានមើលឃើញថា ក្រុមហ៊ុនវិនិយោគជប៉ុននៅកម្ពុជា នៅមានចំនួនតិចតូចនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង៕
15192740_1306995462678544_394758878529856856_n 15219977_1306995322678558_6712533282228344279_n 15241769_1306995236011900_4953205501804637434_n 15267873_1306995219345235_7089001932338320031_n 15283962_1306995422678548_3829665460799999802_n

ចែករំលែក

បញ្ចេញយោបល់