ព្រៃផ្តល់​ផលចំនួ​ន៥ កន្លែង ត្រូវបា​នដាក់ជាតំប​ន់កា​រពារធ​ម្មជាតិ ;

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
326

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី«ការរៀបចំដាក់ព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ»។ ការរៀបចំសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃតំបន់ការពារធម្មជាតិថ្មី ពិភាក្សាពីចំណាត់ថ្នាក់នៃតំបន់ការពារធម្មជាតិនិងសំយោគមតិយោបល់របស់អ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការគ្រប់គ្រងតំបន់ការពារ ធម្មជាតិទាំងអស់នេះឱ្យមានប្រសិទ្ធភាព។ ភាគីពាក់ព័ន្ធនានាបានចាប់អារម្មណ៍ខ្ពស់ និងគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការដាក់ព្រៃផ្តល់ផលចំនួន ៥ កន្លែងជាតំបន់ការពារធម្មជាតិថាបានចូលរួមក្នុងកិច្ចគាំពារ បរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងព្រៃឈើក៏ដូចជាជួយដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់នោះ។

ឯកឧត្ត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងការផ្លាស់ប្តូរផ្នត់គំនិតថ្មីរបស់ភាគីពាក់ព័ន្ធលើការងារការពារ និងអភិរក្សលើធនធានធម្មជាតិ។ ឯកឧត្តម សាយ សំអាល់ បានស្នើដល់ភាគីពាក់ព័ន្ធនានាចូលរួមក្នុងការផ្តល់យោបល់ចាំបាច់នានាទាក់ទងនឹងព្រៃផ្តល់ផលទាំង ៥ កន្លែងនេះដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង ក្នុងគោលបំណងការពារតំបន់ទាំងនេះប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីពាក់ព័ន្ធ រួមទាំងសហគមន៍នៅក្នុងតំបន់ទាំងអស់ត្រូវសហការគ្នាក្នុងការការពារធានធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍អំពីដំណើរការធ្វើទំនើបកម្មស្ថាប័នសម្រាប់ក្រសួង      បរិស្ថាននាពេលកន្លងមក ជាពិសេសការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ ការពង្រឹងសមត្ថភាពធនធានមនុស្ស ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ និងការរៀបចំបង្កើតក្រមបរិស្ថានដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងចំពោះមុខ និងអនាគតពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរ  ភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងគោលនយោបាយអាណត្តិទី៥នេះ រាជដ្ឋាភិបាល    កម្ពុជាមិនបានផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីឡើយ ហើយបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលជាលទ្ធផលរាជរដ្ឋាភិបាលបានសម្រេចលុបគោលការណ៍វិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ២៣ ដែលមិនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងគោលការណ៍នីតិវិធីច្បាប់ ហើយក្រុមហ៊ុនមួយចំនួនបានសម្រេចប្រគល់ត្រឡប់មកវិញនូវផ្ទៃដីវិនិយោគរបស់ខ្លួនដោយស្ម័គ្រ ព្រមទាំងបានកាត់បន្ថយរយៈពេលវិនិយោគពី៩៩ ឆ្នាំមកនៅត្រឹម ៥០ ឆ្នាំ និងបានចូលរួមក្នុងការកាត់បន្ថយជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីភាពជោគជ័យនាពេលកន្លងមកក្នុងការទប់ស្តាត់ បង្ក្រាបការកាប់ឈើខុសច្បាប់ ហើយក្រសួងនឹងបន្តខិតខំក្នុងការបង្ក្រាបទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ក្រសួងបរិស្ថានបានផ្ទេរគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣ ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ទៅឱ្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទគ្រប់គ្រង។ ចំណែកក្រសួងកសិកម្មត្រូវផ្ទេរតំបន់ការពារ និងអភិរក្សព្រៃឈើចំនួន ១៣ កន្លែងព្រមទាំងឯកសារពាក់ព័ន្ធនានាមកឱ្យក្រសួងបរិស្ថានគ្រប់គ្រង។ ជាងនេះទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យក្រសួងបរិស្ថានបន្តការរៀបចំដាក់តំបន់ព្រៃផ្តល់ផលចំនួន ៥ កន្លែងរួមមានព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ៕

 

13083254_678140402325084_3582138765866040326_n

13043442_678140562325068_5595270083748894409_n

13083145_678140508991740_7003179254158192283_n

13087412_678140608991730_1722163493696165972_n

13087839_678140598991731_3313355517689938495_n

13076536_678140552325069_2895955491326851868_n

13076543_678140628991728_5928647016103771547_n

13100765_678140668991724_920868436752647820_n

13103445_678140728991718_4595629979891291230_n

© Copyright by Government News Network, Inc. Email : gnncambodia@gmail.com

ចែករំលែក

បញ្ចេញយោបល់