ថ្ងៃស្អែក ជាថ្ងៃរំលឹកនៃការបង្កើតចលនារណសិរ្ស ២ ធ្នូ

ថ្ងៃព្រហស្បតិ៍ ទី ១ ធ្នូ ២០១៦​
132

នៅថ្ងៃស្អែកនេះ ជាថ្ងៃដែលបង្កើតឱ្យមានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បីប្រឆាំងនឹងអំណាចផ្ដាច់ការនៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់អស់ជាងបីលាននាក់ និងធ្វើឱ្យជាតិទទួលរងវិនាសកម្មដោយសារសង្រ្គាម។

ជាការពិតណាស់ នៅក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពត  នៃរបបកម្ពុជាប្រជាធិបតេយ្យ គឺត្រូវបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិទាំងស្រុង ឱ្យរលាយខ្ទេចខ្ទីដល់ឬសគល់។ ប្រជាជនកម្ពុជាបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ដោយសារសង្រ្គាមផ្ទៃក្នុងនៃមនោគមវិជ្ជាបរទេស ធ្វើឱ្យខ្មែរសា្លប់ ព្រ័តប្រាស់និរាស្ដ្រ និងឆ្លងទុក្ខវេទនាយ៉ាងខ្លាំង។

ប៉ុន្ដែដោយសារ ចលនាបះបោរនៅភូមិភាគបូព៌ាគួបផ្សំនឹងកម្លាំងតស៊ូនៅភូមិភាគឥសាន និងនៅខេត្តកោះកុង ព្រមទាំងប្រជាជនរាប់ម៉ឺននាក់ដែលភៀសខ្លួនពីរបប ប៉ុល ពត ទៅប្រទេសវៀតណាម និងឡាវ បានក្លាយទៅជាមូលដ្ឋាននៃកម្លាំងបដិវត្តន៍ដ៏ខ្លាំងក្លា។ កម្លាំងទាំងអស់នេះបានឯកភាពគ្នាបង្កើតជា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី ២ ធ្នូ ១៩៧៨ នៅឃុំឃ្លូ ស្រុកស្នួល ខេត្តក្រចេះ។

តាមរយៈចលនានេះ កងទ័ពបដិវត្តន៍នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី ក៏បានវាយសម្រុកផ្តាច់ព្រ័តទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី ៧ មករា ១៩៧៩។

គួររំលឹកផងដែរថា កម្ពុជាទទួលបានសន្ដិភាពរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែពន្លកនៃការសាមគ្គីគ្នារបស់ប្រជាជនកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាម ជាពិសេសឥស្សរជនកំពូលៗមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា បានបង្កើតឱ្យមានថ្ងៃ ២ ធ្នូ ១៩៧៨ នេះឡើងមក ហើយនៅពេលនោះដែលធ្វើឱ្យប្រទេសកម្ពុជាបានកែប្រែទំព័រប្រវត្តិសាស្ដ្រនៃសង្រ្គាមរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្ដិភាព ស្ថិរភាព ប្រជាជនរស់នៅដោយភាពសុខដុមរមនាទូទាំងប្រទេស ដោយគ្មានការភ័យខ្លាចនៃការវិលត្រឡប់មកវិញនៃរបបនេះម្ដងទៀត។ នេះជាសច្ចធម៌នៃប្រវត្តិសាស្ដ្រ ដែលពលរដ្ឋកម្ពុជាគួរចងចាំ៕

 

02-12-20132

ចែករំលែក

បញ្ចេញយោបល់