ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ចិន នឹងបង្កើនទំហំពាណិជ្ជកម្មសរុបឱ្យសម្រេចបានក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០១៧ ខាមុខនេះ!

ថ្ងៃព្រហស្បតិ៍ ទី ១ ធ្នូ ២០១៦​
179

កាលពីឆ្នាំ ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន មានចំនួន ៤៣០០លានដុល្លាសហរដ្ឋអាមេរិក មានការកើនឡើងចំនួន ១៥,១៦ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលសម្រេចបានចំនួន ៣៨០០លានដុល្លាអាមេរិក ហើយនៅឆ្នាំ២០១៧ខាងមុខ ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសចិន នឹងបង្កើនទំហំពាណិជ្ជកម្មសរុបឱ្យសម្រេចបានក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លាអាមេរិក។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង វេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន កម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិច។

សម្តេចតេជោបានលើកឡើងថា ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នាពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងបរិមាណសរុប ៤៩០០លានដុល្លាសហរដ្ឋអាមេរិក ដែលក្នុងនោះការវិនិយោគរបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនប្រមាណ ៥៦០លានដុល្លាសហរដ្ឋអាមេរិក ដោយឡែកត្រឹម ខែតុលា ឆ្នាំ២០១៦នេះ គម្រោងវិនិយោគចិនមានចំនួន ៨៤គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៧១៦លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ២៤,៦៩ភាគរយ នៃទុនវិនិយោគសរុប។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងនូវការចូលរួមរបស់ចិនក្នុងការវិនិយោគក្នុង ៣វិស័យសំខាន់ៗ ដែលមានដូចជា៖

វិស័យសំណង់គិតត្រឹមពីឆ្នាំ២០០០ រហូតត្រឹមខែសីហា ឆ្នាំ២០១៦ ការបោះទុនវិនិយោគរបស់វិស័យឯកជនបរទេសមានចំនួន ២៨៤គម្រោង មានផ្ទៃក្រលាសំណង់សរុប ១២លាន ៥សែន ម៉ែត្រក្រលា និងប៉ាន់ស្មានគម្រោងសរុបជាទឹកប្រាក់ប្រមាណ ៤៣០០លានដុល្លាអាមេរិក ក្នុងនោះប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមអ្នកវិនិយោគបរទេសមកពី១៨ប្រទេស។

វិស័យធនាគា គិតត្រឹមខែធ្នូឆ្នាំ២០១៥ កម្ពុជាមានធនាគាពានិជ្ជចំនួន៣៦ ធនាគាឯកទេសចំនួន៦ និងការិយាល័យតំណាងធនាគាប្រទេសចំនួន ៨ ក្នុងនោះធនាគាពាណិជ្ជរបស់ចិនមានចំនួន២ ធនាគាឯកទេសមិនមានចំនួន១ ដែលមានដើមទុនសរុបប្រមាណ ២២៣លានដុល្លារសហរដ្ឋអាមេរិក។

វិស័យទេសចរណ៍ ក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន ៤លាន ៨សែននាក់ នាំចំណូលប្រមាណ ៣ពាន់លានដុល្លាអាមេរិក និងផ្តល់ឱកាសការងារចំនួន ៦២ម៉ឺននាក់ ក្នុងនោះទេសចរណ៍ចិន មានចំនួនប្រមាណ ៧០ម៉ឺននាក់ កើនឡើង ២៤% ធៀបនឹងឆ្នាំ ២០១៤ និងឈរលំដាប់ថ្នាក់លេខ២។ សម្តេចបានបន្តថា ក្នុងឆ្នាំ២០១៦ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៥លាននាក់ ក្នុងនោះ ទេសចរណ៍ចិនអាចមានចំនួនប្រមាណ ៨០ម៉ឺននាក់ គឺកើនឡើង ១៤,២៩% ធៀបនឹងឆ្នាំ២០១៥។ រីឯការហោះហើរវិញ រហូតមកដល់បច្ចុបន្ន ជើងហោះហើរត្រង់មកពីប្រទេសចិន មកកាន់កម្ពុជា មានចំនួន ៩៣ជើងក្នុងមួយសបា្តហ៍ ក្នុងនោះមកភ្នំពេញ ៥១ជើង សៀមរៀប ៣០ជើង និងក្រុងព្រះសីហនុចំនួន ១២ជើង ដែលជាចំនួនហោះហើរធំបំផុតពីប្រទេសក្រៅតំបន់អាស៊ានមកកាន់ព្រះរាជាណាចក្រកម្ពុជា៕
photo_2016-12-01_10-36-22

ចែករំលែក

បញ្ចេញយោបល់