លោក ឈើយ ចាន់ណា៖ សុខសន្តិភាព ជាកូនសោគន្លឹះក្នុងការអភិវឌ្ឍប្រទេសជាតិ

ថ្ងៃព្រហស្បតិ៍ ទី ១ ធ្នូ ២០១៦​
120

(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា សុខសន្តិភាព គឺជាកូនសោគន្លឹះក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ និងពិធីប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានកោតសរសើរ និងអបអរសាទរចំពោះលោក ណង ថា សាកលវិទ្យាធិការរង និងជានាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា និងបានចំណាយធនធាន និងថវិកាផ្ទាល់ខ្លួនដើម្បីកសាងអគារសិក្សា ស្របតាមនិយាមគរុកោសល្យ។

លោកអភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់យ៉ាង ច្បាស់ថា កិច្ចអភិវឌ្ឍន៍ផ្នែកអប់រំ គឺជាគន្លឹះចម្បងដើម្បីលើកតម្កើង កិត្តិយសប្រទេសជាតិ ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែង សម្រាប់ប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ហើយរាជរដ្ឋាភិបាល កំពុងតែធ្វើកំណែទម្រង់ស៊ីជ្រៅ ទៅលើវិស័យអប់រំ ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។

លោក ឈើយ ចាន់ណា ក៏បានអំពាវនាវដល់និស្សិតទាំងអស់ត្រូវចេះចាប់យកឱកាស និងទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់ប្រទេសជាតិទាំងមូល ពីសុខសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ ដែលបង្កលក្ខណៈងាយស្រួល ដល់និស្សិតក្នុងការសិក្សា ស្រាវជ្រាវ ដែលខុសពីសម័យខ្មៅងងឹតប្រល័យពូជសាសន៍ ដែលប្រទេសកម្ពុជាពុំមានសាលារៀន សាកលវិទ្យាល័យ និងបានរស់នៅក្នុងនរកអវចីដូចសត្វតិរច្ឆាន។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់និស្សិតទាំងអស់ ត្រូវយកចំណេះដឹងដែលបានសិក្សារៀនសូត្រកន្លងមកនេះ ទៅបម្រើការងារក្នុងផ្លូវត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់ជាតិយើង ហើយមិនត្រូវទុកពេលវេលាឱ្យកន្លងហួស ដោយឥតប្រយោជន៍នោះទេ ពោលគឺត្រូវចេះសិក្សាស្រាវជ្រាវ ត្រូវអានឯកសារ ឬសៀវភៅដើម្បីបង្កើនពុទ្ធិថ្មីៗ ឬក៏ឆ្លៀតពេលបន្តកម្រិតសិក្សារបស់ខ្លួន ក្នុងគោលបំណងឆ្លើយតបទៅនឹងទីផ្សារការងារ នាសម័យសាកលភាវូបនីយកម្មនេះ។ បច្ចុប្បន្នប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព និងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យពេញលេញ ដូចនេះ ត្រូវរួមគ្នាកសាងប្រទេសជាតិយើងទាំងអស់គ្នា៕

15196018_379932369015358_2419167382730749549_o 15252696_379932072348721_7116364861249065531_o 15259546_379932322348696_2075391929886347030_o 15288657_379932719015323_5148034900424822036_o 15304401_379931529015442_1519539423545022583_o 15304500_379931532348775_966205147324371363_o 15326116_379932069015388_7264065880690495582_o

ចែករំលែក

បញ្ចេញយោបល់