សម្តេចតេជោ ហ៊ុន សែន៖ បើអស់លោកមិនយល់អំពីផែនទី គួររៀនសូត្របន្ថែមទើបជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ

ថ្ងៃព្រហស្បតិ៍ ទី ១ ធ្នូ ២០១៦​
132

ដោយមានការបន្តលើកឡើងអំពីបញ្ហាផែនទីទាំងខុសឆ្គងនៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានពន្យល់ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល។ ការផ្ទេរផែនទី ឬចម្លងផែនទី ឬពង្រីកផែនទី ពីខ្នាត1/100,000 មកផែនទីខ្នាត 1/50,000 ជាបញ្ហាបច្ចេកទេសសម្រួលឱ្យការវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងករណីយសង្ស័យឬមិនច្បាស់ឬបកស្រាយខុសគ្នា ត្រូវតែវិលទៅយកផែនទីខ្នាត1/100,000 ធ្វើជាមូលដ្ឋានវិញ។ ដូចនេះរដ្ឋធម្មនុញ្ញដែលចែងពីខ្នាតផែនទីមិនត្រូវបានប៉ះពាល់ដូចមនុស្សខ្លះលើកឡើងនោះទេ។

សម្តេចតេជោ បន្តថា ដើម្បីងាយយល់ថា ហេតុអ្វីទើបមានតម្រូវការផ្ទេរ ឬចម្លង ឬពង្រីកផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 សូមបងប្អូនយកផែនទី ធម្មតាទាំង២ប្រភេទមកមើល និងឃើញថា ផែនទីខ្នាត 1/100,000 ពិបាករកគោលដៅណាស់ ព្រោះ១ស.ម លើផែនទីស្មើ១០០០ម៉ែត្រលើដីជាក់ស្តែង។ ឯផែនទីខ្នាត 1/50,000 ១ស.ម លើផែនទីស្មើ៥០០ម៉ែត្រលើដី ជាក់ស្តែងហើយមាននិយាមការទៀតផង ដូចនេះងាយស្រួលក្នុងការរកចំណុចបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ។ សង្ឃឹមថា អ្នកមិនយល់ នឹងរៀនឱ្យយល់សិនចាំនិយាយ ទើបងាយនិយាយគ្នាដែលត្រូវការពារជាតិដូចគ្នា។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន ធ្វើការពន្យល់នៅ លើបណ្តាញសង្គម Facebook តបទៅនឹងអ្នក Comment លើបញ្ហាផែនទី៕
fn-2016-12-01-00-57-42-0

ចែករំលែក

បញ្ចេញយោបល់