ខេត្ត​បន្ទាយមាន​ជ័យ និងខេត្ត​ស្រះកែវ​រួមគ្នាអនុវត្តន៏​គម្រោង​ភូមិ​ឃុំមាន​សុវត្តិភាព​តាម​ព្រំ​ដែន

ថ្ងៃព្រហស្បតិ៍ ទី ១ ធ្នូ ២០១៦​
346

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូខេត្ត ស្រុក ក្រុង និងឃុំ ភូមិជាប់ព្រំដែនថៃ ទៅចូលរួមសិក្ខាសាលាស្តីការពង្រឹងគម្រោងភូមិ ឃុំមានសុវត្តិភាពនៅតាមបណ្តោយបន្ទាត់ព្រំដែន កម្ពុជា ថៃ ខាងភាគីថៃដឹកនាំដោយ លោកឧត្តមសេនីយ៏ត្រី ជ្រឺនឆៃ ហ៊ិនថោ មេបញ្ជាការកងកម្លាំងបូព៌ាថៃ លោកអភិបាលរងខេត្តស្រះកែវ និងមានការចូលរួមពីភាគីពាក់ព័ន្ធ តាមបន្ទាត់ព្រំដែន ដែលធ្វើឡើងនៅសណ្ឋាគារវែលឡូ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៏ត្រី ជ្រឺនឆៃ ហ៊ិនថោ មេបញ្ជាការកងកម្លាំងបូព៌ាថៃ បានថ្លែងក្នុងសិក្ខាសាលាដែលមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចពាក់តាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ

វគ្គសិក្ខាសាលាបានផ្តល់ប្រយោជន៏ដល់ភាគីដល់ប្រទេសទាំងពីរ បានជួបជុំគ្នាផ្លាស់ប្តូរនូវបទពិសោធន៏លើបញ្ហាការងារ និងពិគ្រោះពិភាក្សាគ្នាលើបញ្ហា ភូមិឃុំមានសុវត្តិភាព បញ្ហាគ្រឿងញៀន និងបញ្ហាពលករឆ្លងដែនដោយខុសច្បាប់ផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៏ថា រយៈពេលកន្លងមក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រហូតដល់ ស្រុក និង ស្រុក ឃុំនិងឃុំ និងភូមិ តាមបន្ទាត់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែងលើគម្រោងអនុវត្តន៏ ភូមិ ឃុំ មានសុវត្តិភាព ទប់ស្កាត់បញ្ហាគ្រឿងញៀន និងពលករឆ្លងដែនខុសច្បាប់។

លោកបានបន្តថាសិក្ខាសាលានាពេលនេះចាត់ទុកថាជាគម្រោងល្អ ជាការពង្រឹងកិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា ថៃ និង ខេត្តបន្ទាយមានជ័យ ខេត្តស្រះកែវ កងកម្លាំងនៃភាគីប្រទេសទាំងពីរផងដែរ អោយមានភាពរឹងមាំ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរនៅតាមបណ្តោយព្រំដែន។

លោកអភិបាលរងខេត្ត បន្តបន្ថែមថា ដើម្បីអោយសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការកាន់តែទទួលបានប្រសិទ្ធភាពបន្ថែមទៀត សូមអោយភាគីថៃបន្ត ចូលរួមគ្នាលើបញ្ហា ពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសផ្សេងតាមបន្ទាត់ព្រំដែន គ្រឿងញៀននិង វត្តុបុរាណ។

ហើយ ភាគីថៃមិនត្រូវធ្វើការបិទច្រកព្រំដែនដោយ ឯកត្តោភាគីឡើយ ត្រូវជូនដំណឹងមកភាគីកម្ពុជា អោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានភូមិ ឃុំនៅជាប់ព្រំ ដែនធ្វើការជួបប្រជុំគ្នាផ្លាស់ប្តូរយោបល់ព័ត៌មានគ្នាជាញឹកញាប់ផងដែរ។

លោកអភិបាលរងខេត្តបានសំណូមពរដល់អាជ្ញាធរថៃ និងកងកម្លាំងថៃ ត្រូវជួយដល់ប្រជាពលរដ្ឋខ្មែរធ្វើការឆ្លងដែនខុសច្បាប់ និងប្រព្រឹត្តិបទនៅដែនដីថៃ ជួយសហការផ្តល់ព័ត៌មានមកកាន់អាជ្ញាធរខេត្តបន្ទាយមានជ័យ ជៀសវាងប្រើ ហិង្សានិងទារុណកម្មផ្សេងជាដើម៕

photo_2016-12-01_09-05-32

photo_2016-12-01_09-05-05photo_2016-12-01_09-05-11photo_2016-12-01_09-05-39

ចែករំលែក

បញ្ចេញយោបល់