ឆ្លងកាត់នូវបទពិសោធន៍ និងទស្សនៈវិស័យខ្ពស់លើបញ្ហាសង្គ្រាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA ដែលធ្វើឡើងក្រោមប្រធានបទស្តីពី «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់» កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា៖ «ដើម្បីការពារសន្តិភាពបាន ទាល់តែកុំឱ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីការពារសន្តិភាពបាន លុះត្រាតែទប់ស្កាត់កុំឱ្យមានអ្នកបង្កសង្រ្គាម។ វាជាហេតុផលសមរម្យ កុំបន្ទោសប្រទេសដែលមានសង្រ្គាម ប៉ុន្តែត្រូវបន្ទោសប្រទេសដែលជាអ្នកលូកដៃឱ្យមានសង្រ្គាមនិងគាំទ្រសង្គ្រាម។ លោក ហ៊ុន សែន ក៏បានបន្ថែមទៀតថា អ្នកដែលបង្កសង្រ្គាម គឺសុទ្ធតែជាប្រទេសដែលមានលទ្ធភាពបង្កសង្រ្គាមមិនមែនអ្នកទន់ខ្សោយនោះទេ»។
តើការលើកឡើងរបស់លោក ហ៊ុន សែន នេះវាខុសឬក៏ត្រូវ?
កន្លងមកពួកបច្ចឹមប្រទេស ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង តែងតែលើកឡើងពីការគោរពសិទ្ធិមនុស្ស ឬដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យជាដើម ជាលេសដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយដែលពួកគេដាក់បញ្ជា ឬបង្គាប់ប្រទេសនោះឱ្យធ្វើតាមខ្លួន ហើយប្រទេសនោះគេមិនព្រមធ្វើតាម។ ជារឿយៗ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន ក្រុមប្រទេសមហាអំណាច បានគាបសង្កត់ប្រទេសតូចៗ ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច រាំងខ្ទប់ចរាចរណ៍ពាណិជ្ជកម្ម ហើយពេលខ្លះបានប្រើប្រាស់កម្លាំងបាយយោធាចូលលុកលុយឈ្លានពានប្រទេសគេតែម្តង។ ទីបំផុត ប្រទេសដែលពួកមហាអំណាចទាំងនោះធ្លាប់ចូលឈ្លានពាន តែងតែរងនូវវិនាសកម្មយ៉ាងខ្លោចផ្សារដល់ប្រជាជន ហើយប្រទេសជាតិរបស់ពួកគេត្រូវបានខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាម ដែលបង្កឡើងដោយប្រទេសមហាអំណាចទាំងនោះយ៉ាងអយុត្តិធម៌។
ជាក់ស្តែងនៅប្រទេសកម្ពុជាក៏ត្រូវបានធ្លាក់ក្នុងភ្លើងសង្គ្រាម ក្នុងទស្សវត្សរ៍ឆ្នាំ៧០ ដោយសារតែសហរដ្ឋអាមេរិកមិនពេញចិត្តនូវជំហររបស់សម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះព្រះអង្គបានប្រកាន់ជំហរអព្យាក្រឹត្យមិនរណបសហរដ្ឋអាមេរិក ទើបប្រទេសមហាអំណាចមួយនេះឃុបឃិតជាមួយសេនាប្រមុខ លន់ នុល ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ធ្វើឱ្យប្រទេសកម្ពុជាត្រូវបានហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ និងទីបំផុតបានធ្លាក់ដល់របបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រជាជាតិខ្មែរស្ទើរតែផុតពូជសាសន៍ខ្មែរទៅហើយ។
ដោយសារទំព័រប្រវត្តិសាស្ត្រខ្មែរដ៏ខ្មៅងងឹតល្វីងជូរចត់ក៏ដូចជាផលវិបាករាប់លានជំពូកក្នុងការរកបានមកវិញនូវសន្តិភាពនិងឯកភាពជាតិនេះហើយបានជាជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតាមរយៈមហាសន្និបាតសភាតំបន់អាស៊ីនេះថា៖ «ពលរដ្ឋកម្ពុជាមិនចង់ឃើញភ្លើងសង្គ្រាមទៀតឡើយ» ។
បច្ចុប្បន្ន ដោយសារតែផ្តើមចេញពីការស្អប់បុគ្គល ដែលជាមេដឹកនាំនៃប្រទេសណាមួយ សហរដ្ឋអាមេរិក និងគូកនដែលជាកូនជឹង(ប្រទេសនៅតំបន់អឺរ៉ុប) ដែលតែងតែគាំទ្រនូវគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកលើបញ្ហាបដិវត្តន៍ពណ៌នោះ បានបញ្ឆេះភ្លើងសង្គ្រាមនៅបណ្តាប្រទេសនៅមជ្ឃឹមបូព៌ា និងបាននាំមកនូវទុក្ខវេទនាដែលមិនអាចគណនាបានដល់ប្រជាពលរដ្ឋនៅទីនោះហើយមកទល់នឹងពេលនេះក៏នៅមិនទាន់អាចស្វែងរកឃើញនូវពន្លឺសន្តិភាពបន្តិចណាបាននៅឡើយផង។
ចំណុចគន្លឹះទាំងនេះក៏ត្រូវបាន លោកនាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំណួរដល់អង្គមហាសន្និបាតដើម្បីពិចារណា និងវែកញែកថា តើនរណាខុស នរណាត្រូវផងដែរ។ លោក ហ៊ុន សែន ថ្លែងដូច្នេះថា៖«តើដល់ពេលយើងត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ពេលនេះអ្នកដែលបានផ្តួចផ្តើមធ្វើគំនិតពណ៌ ហើយអ្នកធ្លាប់អបអរសាទរបដិវត្តន៍ពណ៌ ពួកគេទៅពួនសម្ងំនៅទីណា? ទីកន្លែងដែលកើតឡើងនូវតំបន់សង្រ្គាមផ្តួលរំលំតាមកម្លាំងយោធា និងរំលំ តាមរយៈបដិវត្តន៍ពណ៌កំពុងតែរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ក្រោមរូបភាពនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ការផ្តួលរំលំរបប សាដាំ ហូសេន តើបានផ្តល់ផលប្រយោជន៍អ្វីខ្លះទៅ សម្រាប់ប្រជាជនអ៊ីរ៉ាក់ ~ ការផ្តួលរំលំ បេន អាលី នៅទុយនេស៊ី ការផ្តួលរំលំ ហ្គាដាហ្វី នៅលីប៊ី ការផ្តួលរំលំ ហូស្នី មូបារ៉ាក់ នៅអេហ្ស៊ីប ការប្រឆាំងនឹងរបបដឹកនាំដោយប្រធានាធិបតីអាសាដ ក៏ដូចជាសង្រ្គាមផ្ទុះនៅយ៉េមែន ទាំងអស់នេះ តើ នរណាជាអ្នកទទួលខុសត្រូវ? តើដើម្បីប្តូរមនុស្សម្នាក់ និងបុគ្គលម្នាក់ ឬក៏រដ្ឋាភិបាលមួយបាននាំទៅដល់ការស្លាប់មនុស្សរាប់ម៉ឺន រាប់សែនរាប់លាននាក់បែបនេះឬទេ?» ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិថា តើតុលាការមួយនេះគួរតែកាត់ទោសក្រុមប្រទេសដែលនាំឱ្យមានសង្រ្គាម ឬក៏ត្រូវផ្តល់រង្វាន់ណូប៊ែលដល់ពួកគេ? លោកថ្លែងថា៖«តើបដិវត្តន៍ពណ៌វាជាទីគួរឱ្យស្រឡាញ់ ឬក៏ជាទីគួរឱ្យស្អប់ខ្ពើម? តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គួរកាត់ទោសពួកមេក្លោង ដែលធ្វើឱ្យប្រជាជនអ៊ីរ៉ាក់ និងប្រជាជននៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាយកទៅកាត់ទោស ឬត្រូវពាក់មេដាយ ជាពានណូប៊ែលឱ្យពួកអ្នកទាំងនេះ»។
ភ័ស្តុតាង និងសំណួរជាច្រើនដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងគឺជាឧទាហរណ៍ជាក់ស្តែងបំផុត ហើយក៏ជាគំរូដ៏ល្អបំផុតសម្រាប់បណ្តាមេដឹកនាំនៃប្រទេសក្នុងពិភពលោកផងដែរ ដែលលោកហ៊ាននិយាយពិតនិយាយត្រង់ មិនរណបប្រទេសមហាអំណាច ដែលតែងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនមកបង្គាប់បញ្ជាប្រទេសតូចៗឱ្យធ្វើតាមខ្លួន ដោយមិនគិតពីអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសតូចៗទាំងនោះបន្តិចសោះឡើយ។
ជារួម វិបត្តិសង្គ្រាម និងសោកនាកម្មនៃបណ្តាប្រទេសនៅតំបន់មជ្ឃឹមបូព៌ា វាគឺជាកំហុសឆ្គងនៃការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ របស់មេដឹកនាំប្រទេសមហាអំណាច។ ក្រុមអ្នកវិភាគយល់ឃើញថា សម្រាប់មេដឹកនាំជំនាន់ថ្មី ជាពិសេសលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីទី៤៥របស់សហរដ្ឋអាមេរិក គឺលោកជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់របស់ជនជាតិអាមេរិកកាំង ដូច្នេះ សត្រូវរបស់លោក ត្រាំ គឺបញ្ហាសេដ្ឋកិច្ចគឺមិនមែនបញ្ហាសង្គ្រាមឈ្លានពាន និងការលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ ដូច្នេះគេសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបោះបង់ចោលនូវចរឹតនិងទស្សនៈនយោបាយជាបងធំចំពោះប្រទេសដទៃទៀតនាពេលអនាគត៕
អត្ថបទដោយ៖ ពង្ស សុក្រឹត្យ