ជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Donald Trump ដែលមកពីគណបក្សសាធារណ រដ្ឋរបស់សហរដ្ឋអាមេរិក ដែលក្លាយជាប្រធានាធិបតីទី ៤៥ ធ្វើឲ្យមានក្តីសង្ឃឹម និងការព្រួយបារម្ភ លើគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក នៅមជ្ឈឹមបូព៌ាដែលកំពុងញាំញីដោយភាពវឹកវ នេះ បើយោងតាមអ្នកជំនាញមួយចំនួនរបស់អេហ្ស៊ីប។
ជាមហាសេដ្ឋីជំនួញ និង ក្មេងខ្ចីខាងនយោបាយ លោក Trump នៅថ្ងៃពុធនេះ បានយក ជ័យជំនះលើគូប្រជែងរបស់លោកដែលមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី យ៉ាងប្រកៀកប្រកិតមួយ បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតមួយពោពេញដោយភាពចម្រូងចម្រាស់ និងរឿងអាស្រូវ ដោយធ្វើឲ្យអ្នកជំនាញ និងអ្នកសង្កេតការណ៍នយោបាយជាច្រើននៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើល។
ពាក្យសំដីដែលធ្វើឲ្យមានការព្រួយបារម្ភ
ពាក្យសំដីធ្ងន់ៗរបស់លោក Trump នៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ដែលធ្វើឲ្យពលរដ្ឋអារ៉ាប់ អ្នកកាន់សាសនាអ៊ីស្លាម និងជនអន្តោប្រវេសន៍ជាច្រើនខឹងសម្បារបាន ធ្វើឲ្យមានការព្រួយបារម្ភលើគោលនយោបាយ ដែលរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងអនុវត្ត នៅក្នុងតំបន់មជ្ឈឹមបូព៌ា។
លោក Al-Sayyid Amin Shalaby អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំទីក្រុងវ៉ាស៊ីនតោនបាន និយាយថា “ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump បានប្រកាសអំពីការ គាំទ្ររបស់លោកចំពោះប្រទេសអ៊ីស្រាអ៊ែល ហើយបាននិយាយថា លោកនឹងផ្លាស់រដ្ឋធានីរបស់ អ៊ីស្រាអ៊ែលពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem ដែលមានភាពចម្រូងចម្រាស់ ដែលជាជំហរមួយធ្វើឲ្យមានការព្រួយបារម្ភ និងគួរឲ្យសោកស្តាយ”។ ហើយថាលោកនៅក្នុងចំណោមមនុស្ស ជាច្រើនដែលមានការភ្ញាក់ផ្អើលចំពោះជ័យជំនះរបស់លោក Trump ។
លោក Shalaby សង្ឃឹមថាលោក Trump នឹងទទួលបានការផ្តល់យោបល់ដ៏ចាំបាច់ពីទី ប្រឹក្សារបស់លោកអំពីភាពធ្ងន់ធ្ងរនៃការប្រកាន់ជំហរបែបនេះលើសន្តិភាព នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដោយលោកបានកត់សំគាល់ថាអាជ្ញាធរប៉ាឡេស្ទីន បានសំដែងនូវបំណងប្រាថ្នាមួយក្នុងការ សហប្រតិបត្តិការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើសេចក្តីសម្រេចពាក់ព័ន្ធ នានារបស់អង្គការសហប្រជាជាតិ។
លោកបានបន្ថែមថា “ ប៉ុន្តែ ក្រោយពីលោកបានឈ្នះឆ្នោត ពាក្យសំដីទីមួយរបស់លោក Trump គឺមានចេតនាសំរាលនូវពាក្យសំដីមុនៗរបស់លោក ដោយបានសង្កត់ធ្ងន់អំពីឆន្ទៈរបស់ លោកក្នុងការសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោនទាំងអស់ ដើម្បីសម្រេចបាននូវផលប្រយោជន៍រួម”។
លោក Trump បានបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការរបស់លោកនៅពេលអនាគត ជាមួយតួអង្គនៅក្នុងតំបន់ រួមមានអេហ្ស៊ីប និងហ្សកដានី ដើម្បីដោះស្រាយវិបត្តិនៅមជ្ឈឹមបូព៌ា រួម មានអំពើភេវរកម្មជាដើម ដែលកំពុងកើនឡើង។
លោក Shalaby បាននិយាយថា “ យើងគួរតែរងចាំប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែទៀត ដើម្បី ដឹងច្បាស់អំពីគោលជំហររបស់លោក Trump លើបញ្ហាជាច្រើន ជាពិសេសបញ្ហាពាក់ព័ន្ធជាមួយ តំបន់មជ្ឈឹមបូព៌ា។”
ក្តីសង្ឃឹមលើគោលនយោបាយថ្មី
វិធីសាស្រ្តរបស់អ្នកសាធារណរដ្ឋមុនលោក Trump គឺ លោក George W. Bush បានធ្វើឲ្យ មជ្ឈឹមបូព៌ាខាតបង់យ៉ាងខ្លាំង ដូចបានឃើញនៅក្នុងសង្រ្គាមនៅអ៊ីរ៉ាក់ និងភាពវឹកវរជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ។ ប៉ុន្តែ ប្រធានាធិបតី Barack Obama ដែលជាអ្នកប្រជាធិបតេយ្យមិនបានធ្វើអ្វី ឲ្យបានប្រសើរជាងនេះដើម្បីស្តារស្ថិរភាពតំបន់ឡើងវិញឡើយ ទោះបីជាលោកបានសន្យាដំបូងៗ នៅពេលជាប់ឆ្នោតដំបូងក៏ដោយ។
លោក Saeed al-Lawindi អ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៅមជ្ឈមណ្ឌល សិក្សាខាងនយោបាយ និងយុទ្ធសាស្រ្តនៅទីក្រុង Cairo បាននិយាយថា “ជ័យជំនះរបស់លោក Trump អាចមានផលវិជ្ជមានមួយលើតំបន់មជ្ឈឹមបូព៌ា និងអាចបើកផ្លូវសំរាប់សកម្មភាពថ្មីនៅក្នុង តំបន់ជាមួយតួអង្គថ្មីដែលមានឥទ្ធិពលនៅក្នុងតំបន់”។
លោក Lawindi បាននិយាយថា “ សហរដ្ឋអាមេរិកមានគោលនយោបាយឥតប្រែប្រួលសម្រាប់មជ្ឈឹមបូព៌ា ប៉ុន្តែ ខ្ញុំជឿជាក់ថាពួកសាធារណរដ្ឋនឹងព្យាយាមបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ ព្រោះលោក Trump បានស្តីបន្ទោសរដ្ឋបាលលោក Obama ដែលបានគ្រប់គ្រងវិបត្តិមជ្ឈឹមបូព៌ា មិនបានត្រឹមត្រូវ ជាពិសេស វិបត្តិនៅអ៊ីរ៉ាក់”។
ជ័យជំនះរបស់លោក Trump ត្រូវបានគេជឿថាផ្តល់ក្តីសង្ឃឹមសម្រាប់មេដឹកនាំអារ៉ាប់មួយ ចំនួន រួមទាំង ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដែលលោក Trump ជឿថាកំពុងប្រយុទ្ធប្រឆាំងនឹងពួកភេវរកររដ្ឋអ៊ីស្លាម (IS) និង ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi ដែលលោក Trump បានសន្យាបង្កើតភាពជាដៃគូជាមួយនៅក្នុងសង្រ្គាមប្រឆាំងភេវរកម្ម។
លោក Noha Bakr សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ American University ក្នុងទីក្រុង Cairo បានអាះអាងថា ជ័យជំនះរបស់លោក Trump ឆ្លុះបញ្ចាំងអំពីការច្រាន ចោលគោលនយោបាយរបស់លោក Obama ពីសំណាក់ប្រជាពលរដ្ឋអាមេរិក ដែលផ្តោតលើ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដែលលោក Trump បានថ្កោលទោសយ៉ាងច្បាស់។
លោកបានកត់សំគាល់ថា សហរដ្ឋអាមេរិកទទូចឲ្យលោក Assad ចុះចេញពីអំណាចនៅ ក្រោមរដ្ឋបាលលោក Obama ប៉ុន្តែ លោក Trump នឹង “ប្រកាន់ជំហរផ្សេង និងយល់ស្របតាមទស្សនៈរបស់រុស្ស៊ី និងអេហ្ស៊ីបស្តីពីវិបត្តិនៅស៊ីរី ដែលផ្តោតលើឯកភាពផ្ទៃក្នុងរបស់ស៊ីរី និង វត្តមានរបស់លោក Assad សំរាប់រយៈពេលអន្តរកាល ក្នុងពេលដែលកំពុងកំចាត់ពួក IS”៕
ប្រភព : Xinhua ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦