សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ លោក ផាន វ៉ាន់សាវ អគ្គអធិការកិច្ចនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០១៦នេះ ។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបថា លោក ផាន វ៉ាន់សាវ បានគោរពជម្រាបជួនសម្ដេចតេជោ ហ៊ុន សែន ថា លោកបានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភា និងអធិការកិច្ច កាលពីព្រឹកមិញនេះ ដែលបានទទួលលទ្ធផលជាវិជ្ជមាន។ ក្នុងកិច្ចពិភាក្សានោះបានផ្ដោត យកចិត្តទុកដាក់លើផ្នែកអធិការកិច្ច និងសហប្រតិបត្តិការ លើផ្នែកអធិការកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹងលើការងារអធិការកិច្ច ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីជម្រុញពង្រឹង និងពង្រីកសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ លើសពីនេះទៅទៀត កិច្ចពិភាក្សាការងារនេះ ក៏បានផ្ដល់ឱកាសអោយមានការសិក្សា ពីគ្នាទៅវិញទៅមកអំពីបញ្ហាអធិការកិច្ច ហើយភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងមានការរីកចម្រើន ហើយការរីកចម្រើននេះ នឹងបានចូលរួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយបានកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលទទួលបានពីកិច្ចពិភាក្សារវាងស្ថាប័នទាំងពីរកាលពីព្រឹកមិញនេះ និងបានមានប្រសាសន៍ថា សម្ដេចសូមគាំទ្រអោយមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នា ទៅវិញ ទៅមក ជាពិសេសជម្រុញការអភិវឌ្ឍន៍ធនធានមនុស្ស នៃវិស័យអធិការកិច្ចនេះ ធ្វើយ៉ាងណាឆ្លើយតបទៅលើរាល់ល្បិចរបស់ជនខិលខូច។
សម្ដេចក៏បានផ្ដល់អនុសាសន៍អោយស្ថាប័នទាំងពីរ គប្បីធ្វើអធិការកិច្ចទៅលើគោលនយោបាយ ដែលបានដាក់ចេញហើយផងដែរ។ ព្រោះជួនកាលគោលនយោបាយដែលបានដាក់ចេញទាំងនោះ មិនអាចអនុវត្តន៍បាន ហើយតម្រូវអោយមានការកែប្រែបន្ថែមទៀត៕
អត្ថបទ៖ ប៊ុនធី