ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យលោក ផាន់ វ៉ាន់ស៊ាវ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដឹកនាំប្រតិភូចូលសម្តែងការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះផងដែរ លោកស្រី ម៉ែន សំអន និងលោក ផាន់ វ៉ាន់ស៊ាវ ក៏បានរាយការណ៍ជូនគ្នាទៅវិញទៅមកអំពីសភាពការនយោបាយ និងសភាពការសេដ្ឋកិច្ច រួមជាមួយលទ្ធផលការងារ និងទិសដៅទៅពេលអនាគត។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ មានសារៈសំខាន់ណាស់ក្នុងការព្រឹងកិច្ចសហប្រតិបត្តិការវិស័យ អធិការកិច្ច ធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយពិធីនេះត្រូវបានបន្តធ្វើជារៀងរាល់ ៥ឆ្នាំ ម្តង៕