បញ្ហានៅក្នុងគណបក្សប្រឆាំង ធំជាងគេបង្អស់របស់កម្ពុជា

ថ្ងៃអង្គារ ទី ២៩ វិច្ឆិកា ២០១៦​
414

ការរិះគន់ក្នុងបក្សត្រូវតែក្លាយជាបទដ្ឋាន ប្រសិនបើវាក្លាយជាជម្រើសប្រជាធិបតេយ្យពិតប្រាកដមួយមែននោះ។

រឿងនេះផ្តើមចេញពីការបង្ហោះសារតាម Twitter ដែលនិយាយថា “មានអ្នកខ្លះមើលខ្សែភាពយន្តច្រើនពេកនៅពេលដែលពួកគេទំនេរ។ ប្រសិនបើអ្នកគោរពទស្សនិកជនមែននោះ យ៉ាងហោចណាស់ អ្នកអាចចេះធ្វើឱ្យការកុហក់របស់អ្នក ស្តាប់ទៅគួរឱ្យជឿ”។

នេះ គឺជាការសរសររបស់កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេបង្អស់នៅកម្ពុជា និងជាកូនស្រីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។

ការបញ្ចេញមតិរបស់កញ្ញា មនោវិទ្យា ដែលបានបង្ហាញឱ្យឃើញកាលពីខែមុន បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលនិយាយថា លោកនឹងត្រឡប់មកស្រុកវិញ ដើម្បីប្រឈមទៅនឹងការជាប់ពន្ធនាគារ ដែលជាថ្នូរទៅនឹងការដោះលែងអ្នកនយោបាយគណបក្សសង្រ្គោះជាតិជាច្រើនរូប ដែលកំពុងតែជាប់ឃុំ។ ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានការច្រានចោលនូវអ្វីដែលហៅថា ជាការដោះដូរអ្នកទោសពីសំណាក់អ្នកនយោបាយគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំ និងបន្ទាប់ពីមានការរិះគន់របស់ លោក សម រង្ស៊ី ចំពោះប្រទេសចិនថា បានជំរុញការរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះ កញ្ញា មនោវិទ្យា បានលើកឡើងនៅលើ Twitter ម្តងទៀត ដោយសរសេរថា “ជំហរផ្លូវការរបស់គណបក្សសង្រ្គោះជាតិ គឺផ្តល់អាទិភាពចំពោះផលប្រយោជន៍របស់កម្ពុជា និងស្ថិរភាពក្នុងតំបន់។ មិនមែនជា ជំហរដែលមិនប្រាកដប្រជា ឈរលើទ្រឹស្តីនិយាយឱ្យតែរួចពីមាត់ ឬតាមអារម្មណ៍ផ្តេសផ្តាសរបស់គេនោះទេ។

ការលើកឡើងនៅលើ Twitter របស់ កញ្ញា មនោវិទ្យា កម្របង្ហាញជាសាធារណៈ ពីការបែកបាក់របស់គណបក្សសង្រ្គោះជាតិណាស់។ ការលើកឡើងទាំងនោះគឺមានកំហុសឆ្គងច្រើន និងមានភាពក្មេងខ្ចី ដែលយោងតាមនយោបាយដូចគ្នា។ ច្បាស់ណាស់ នេះគឺជាទស្សនៈរបស់អ្នកសរសរបទអត្ថាធិប្បាយគឺលោក អៀ សុផល ដែលបាននិយាយថា វាគឺជា “នយោបាយក្មេងខ្ចី និងស្រើបស្រាលចង់ឱ្យឪពុករបស់ខ្លួនក្លាយជាប្រធានបក្ស”។ បើទោះជា លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាយោបល់វេទិកាអនាគត (Future Forum Think Tank) ប្រាប់ខ្ញុំថា “អារម្មណ៍រុកគួនរំខាន” ទំនងជាអ្វីដែលធ្វើឱ្យកញ្ញានិយាយរឿងនេះឡើង គាត់បន្តថា “ ស្ទើរគ្រប់អ្វីៗទាំងអស់ ដែលកញ្ញាបាននិយាយ គឺជាការពិត។” បើទោះបីជា នាងមិនគួរនិយាយពីវា ដោយសារតែវាអាចឱ្យគេមើលឃើញថា នៅកម្ពុជា វាអាចបង្កើតឱ្យមានការបែកបាក់របស់គណបក្សសង្រ្គោះជាតិក៏ដោយនោះ  ក៏នៅប្រទេសជាច្រើនផ្សេងៗទៀត រឿងនេះ វាគឺជារឿងធម្មតា ហើយអាចចាត់ទុកថា វាមិនមែនជាព័ត៌មានថែមទៀតផង។ ក៏ប៉ុន្តែ នៅកម្ពុជាវិញ ប្រជាជនមានការគិតមមៃជានិច្ចចំពោះការរួបរួមកម្លាំង”។

ក្រោយមក កាលពីថ្ងៃទី២៨ ខែតុលា មានការលើកឡើងរបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថធម្មិកោ ដែលជាមន្ត្រីរបស់គណបក្សសង្រ្គោះជាតិដ៏ល្បីម្នាក់ និងជាសមាជិករបស់គ្រួសាររាជវង្សតែម្នាក់ ដែលមានសម្ព័ន្ធភាពបើកចំហជាមួយនឹងគណបក្សប្រឆាំងនេះ បានមានប្រសាសន៍ថា «ខ្ញុំនឹងគំរាមកំហែងចាកចេញពីគណបក្សនេះ ប្រសិនបើមិនមានការកែទម្រង់ទៅតាមផ្លូវ ដែលគណបក្សនេះដើរ ឬរៀបចំឡើងនោះទេ»។

អ្នកអង្គម្ចាស់បានបន្តថា៖ មានបញ្ហាមួយចំនួន ដែលគ្មាននរណាម្នាក់ហ៊ានដោះស្រាយបញ្ហាសំខាន់គឺការបែកបាក់។ នៅខាងក្រោយការបង្រួបបង្រួមរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នោះ មានរឿងផ្សេងៗជាច្រើនទៀតដែលមានការបែកខ្ញែក និងទទួលយកមិនបាន។ យើងចាំបាច់ត្រូវតែស្វែងរកការសាមគ្គីភាពគ្នាមួយ ប្រសិនបើយើងចង់ឈ្នះការបោះឆ្នោតខាងមុខនេះពេលនេះយើងមិនបានធ្វើការក្នុងនាមជាគណបក្សតែមួយនោះទេ។ យើងកំពុងតែធ្វើការក្នុងនាមជាបុគ្គលម្នាក់ៗ ដែលនេះមិនមែនជាផ្លូវដែលគណបក្សត្រូវដើរនោះទេ ជាពិសេសប្រសិនបើយើងចង់គ្រប់គ្រងប្រទេសដរាបណាវានៅតែបែបនេះនោះ យើងនឹងមិនមានឱកាស ឈ្នះនៅក្នុងការបោះឆ្នោតខាងមុខនេះទេ

បញ្ហានៅក្នុងគណបក្សសង្រ្គោះជាតិ៖ ទន្ទឹមនឹងនេះ គណបក្សនេះបានបែកខ្ញែកយ៉ាងខ្លាំងក្រោមឥទ្ធិពលរបស់មេដឹកនាំទាំងពីរ។ គេបានដឹងថា មានក្រុមជាច្រើននៅក្នុងបក្សនេះ។ គណបក្សសង្រ្គោះជាតិ នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានចងសម្ព័ន្ធភាពរវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ មកដល់ពេលនេះ ក្រុមទាំងនោះនៅតែមានការបែកខ្ញែកជាពីរក្រុមដដែល ពោលរវាងអ្នកនយោបាយដែលស្មោះត្រង់ទៅនឹងបុគ្គលទាំងពីររូបខាងលើនេះ។

លោក អ៊ូ វីរៈ បានប្រាប់កាសែត Cambodia Daily ថា គណបក្សនេះតែងតែស្ថិតក្នុងវិបត្តិនេះជានិច្ច។ វាជាការរៀបការ ដែលមានភាពចាំបាច់ និងត្រូវរូវគ្នា ប៉ុន្តែវាមិនទាន់ជាគណបក្ស ដែលខ្លាំងនៅឡើយទេ។ អ្វីៗដែលគេដឹងជាសាធារណៈនោះ គឺស្ថិតនៅកន្លែងបែកបាក់គ្នាហ្នឹងដដែល ពោលគឺចាប់តាំងពីថ្ងៃដែលគណបក្សនេះត្រូវបានបង្កើតឡើងនោះ ហើយជាលទ្ធផលវាមិនមានការផ្លាស់ប្តូរអ្វីច្រើននោះទេ។ លោកបន្តទៀតថា «ប្រសិនបើលោក សម រង្ស៊ី ឆ្លើយតប ក្នុងនាមជាបុរសម្នាក់ ដែលមិនអាចទទួលយកការរិះគន់បាន នោះលោកមិនមែនជាមេដឹកនាំ ដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមទៅលើនោះទេ… ប៉ុន្តែ ប្រសិនបើលោកឆ្លើយតបតាមរយៈការពង្រឹងប្រព័ន្ធគណបក្ស ហើយអនុញ្ញាតឱ្យមានគំនិត និងវិធីសាស្ត្រផ្សេងៗគ្នាមួយចំនួន ទន្ទឹមនឹងការថែរក្សាទស្សនៈរួមឱ្យមានភាពរស់រវើក នោះខ្ញុំគិតថា កត្តានេះអាចនឹងជួយពង្រឹងគណបក្សនេះឱ្យយូរអង្វែងតទៅទៀត»។

សូមស្តាប់លោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យរបស់គណបក្សសង្រ្គោះជាតិ និងជាសម្ព័ន្ធមិត្តដ៏យូរបស់លោក សម រង្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៣មក បានលើកឡើងពីការផ្តល់មតិរបស់ កញ្ញាមនោវិទ្យាថា៖

យើងមិនចាប់អារម្មណ៍ទៅលើអ្វី ដែលកញ្ញាម្នាក់នេះបាននិយាយនោះទេខ្ញុំត្រូវបានតែងតាំងធ្វើជាអ្នកនាំពាក្យរបស់គណបក្សនេះជាផ្លូវការ ហើយខ្ញុំតែម្នាក់ប៉ុណ្ណោះ ដែលនិយាយទៅកាន់សារព័ត៌មាន។

ខ្ញុំមិនច្បាស់ទេ ថាតើខ្ញុំជាមនុស្សតែម្នាក់ ឬយ៉ាងណា ដែលស្រងាកចិត្តចំពោះរឿងនេះ។ សម្រាប់គណបក្សមួយ ដែលចាត់ទុកខ្លួនឯងជាគណបក្សមានលក្ខណៈប្រជាធិបតេយ្យ និងចង់នាំប្រជាធិបតេយ្យពិតប្រាកដមកកាន់ប្រទេសជាតិមួយ ដែលមិនធ្លាប់ទាំងបានស្គាល់ប្រជាធិបតេយ្យពិតប្រាកដពីមុនមកនោះ សំដីទាំង ២៨ពាក្យនេះ ចាំបាច់ត្រូវតែស្គាល់វាឱ្យច្បាស់អំពីការងារផ្ទៃក្នុងរបស់បក្សខ្លួន។

សូមពិនិត្យមើលប្រយោគទាំងពីរនោះឱ្យបានដិតដល់ជាងនេះបន្ថែមទៀត។ កញ្ញា មនោវិទ្យា គឺជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សម្នាក់ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សផងដែរ ដូច្នេះម្នាក់ៗអាចសន្មត់បានថា កញ្ញាមិនត្រឹមតែមានសិទ្ធិក្នុងការបញ្ចេញនូវទស្សនៈរបស់ កញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិ ដែលអាចធ្វើឱ្យពួកគេស្តាប់ថែមទៀតផង។ ប្រសិនបើមិនដូច្នេះទេ តំណែងរបស់កញ្ញាគឺមិនត្រឹមតែមិនសំខាន់ប៉ុណ្ណោះទេ តែថែមទាំងកញ្ញាមិនមានសមត្ថភាពក្នុងការនិយាយអំពីនយោបាយថែមទៀតផង។ (ផលប៉ះពាល់ទំនងជាថា) តើហេតុអ្វីបានជាគណបក្ស ដែលប្រឆាំងនឹងបក្សពួកនិយម ផ្តល់តំណែងបែបនេះទៅឱ្យកូនស្រីអនុប្រធានគណបក្សទៅវិញ? ប៉ុន្តែយ៉ាងណាក៏ដោយ អ្វីដែលលោក យឹម សុវណ្ណ ចង់និយាយនោះគឺថា ដោយសារតែកញ្ញាមានភាពមិនកោតក្រែងក្នុងការផ្តល់គំនិតរិះគន់ដល់ថ្នាក់ដឹកនាំបក្សនោះ គំនិតរបស់កញ្ញាគឺមិនយកជាការទេ។ តើនេះជាវិធីសាស្ត្ររបស់គណបក្ស ដែលមានលក្ខណៈប្រជាធិបតេយ្យឬ? សូមពិចារណាចំពោះផលប៉ះពាល់នេះ៖ ប្រសិនបើនរណាម្នាក់ ដែលស្ថិតក្នុងតំណែងរបស់កញ្ញាត្រូវបានដកចេញ ដោយសារតែកញ្ញានិយាយរិះគន់ទៅលើមេកើយ តើនោះមានន័យយ៉ាងដូចម្តេចចំពោះថ្នាក់ក្រោមរបស់កញ្ញា? តើនោះមិនមែនជាការគំរាមកំហែងទៅលើសមាជិកបក្សសង្រ្គោះជាតិទាំងអស់ ដែលរក្សាភាពស្ងប់ស្ងាត់ និងដើរតាមគន្លងបក្សទេឬ?

ឥឡូវនេះ សូមមើលប្រយោគទី២។ តាមរយៈផលប៉ះពាល់នេះ លោក យឹម សុវណ្ណ បានទទួលផ្តាច់មុខក្នុងការនិយាយជាសាធារណៈ។ ម្នាក់ៗអាចបានត្រឹមតែសន្មត់ថា លោកប្រើពាក្យគន្លឹះមួយមិនត្រឹមត្រូវ ពោលគឺថា លោកជាមនុស្សតែម្នាក់គត់ ដែលមានសិទ្ធិនិយាយទៅកាន់សារព័ត៌មាន។ ហើយនេះគឺជាចំណុចសំខាន់៖ ប្រសិនបើលោក យឹម សុវណ្ណ ដូចដែលលោកបានអះអាងខ្លួនលោកថា លោកត្រូវបានតែងតាំងជាអ្នកនាំពាក្យរបស់គណបក្សជាផ្លូវការ ហើយជាមនុស្សម្នាក់ ដែលនិយាយទៅកាន់សារព័ត៌មាន នោះពាក្យសំដីរបស់គាត់គួរតែត្រូវចាត់ទុកជាតម្លៃមុខមាត់ ហើយត្រូវតែយល់ពីមាគ៌ានយោបាយរបស់គណបក្ស។ បើមិនដូច្នេះទេ គណបក្ស សង្រ្គោះជាតិ គួរតែពិចារណាឡើងវិញចំពោះតំណែងរបស់គាត់។

ជាការពិតហើយ គណបក្សនេះប្រហែលជាអាចនិយាយបានថា មិនមែនជាពេលបង្កើតឱ្យមានវិវាទផ្ទៃក្នុងនោះទេ ពេលនេះបក្សកំពុងទទួលរងការវាយប្រហារពីរដ្ឋាភិបាល ហើយការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះហើយ ខណៈដែលការបោះឆ្នោតសកលនឹងធ្វើឡើងក្នុងឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែជាថ្មីម្តងទៀត តើមានពេលណាដែលគណបក្សប្រឆាំងនេះមិនស្ថិតក្រោមសម្ពាធបែបនេះ? គួរឱ្យកត់សំគាល់បន្ថែមទៀតនោះ អ្នកអង្គម្ចាស់ធម្មិកោគឺមានភាពត្រឹមត្រូវក្នុងការនិយាយថា បើគ្មានការបង្រួបបង្រួមគ្នាទេនោះ គណបក្សនេះនឹងប្រឈមនឹងភាពលំបាកដូចជាការឡើងភ្នំ ដែលមានចំណោទខ្ពស់ ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះណាស់។ ប៉ុន្តែសំណួរសួរថា តើការបង្រួមបង្រួមនឹងត្រូវរកបានដោយរបៀបណា និងក្នុងតម្លៃណា?

ការបង្រួមបង្រួមគ្នាអាចត្រូវបានលើកកំពស់តាមរយៈយុទ្ធសាស្ត្រទន់ឬរឹង ឬ វិធីសាស្ត្រពីក្រោមទៅលើ ឬ ពីលើមកក្រោម។ វិធីសាស្ត្រទន់ ពីក្រោមទៅលើនេះ ជាកិច្ចព្រមព្រៀងមួយសំដៅឱ្យមានគោលបំណង និងទស្សនៈរួមរបស់បក្ស។ វាទាមទារឱ្យមានកិច្ចពិភាក្សាសួរដេញដោលគ្នា ហើយការសួរដេញដោលគ្នាចាំបាច់ត្រូវមានគំនិតខុសប្លែកពីគ្នា (ដែលជាញឹកញាប់គឺអ្វីដែលគេមិនចង់លឺ)។ សម្រាប់យើងទាំងអស់គ្នា ដែលនៅតែឱ្យតម្លៃថា ពាក្យពេចគ្រាមភាសា ដែលយើងជឿតាមរយៈការជជែកគ្នា និងឈ្លោះគ្នា មិនគ្រាន់តែនាំឱ្យមានសច្ចភាពប៉ុណ្ណោះទេ គឺថែមទាំងមានមនោគមវិជ្ជាជាប់ទាក់ទងគ្នារដឹកហូរហែ ឬយ៉ាងហោចណាស់ កម្មវិធីនយោបាយបក្សមួយមានការជាប់ពាក់ព័ន្ធគ្នាផងដែរ។  ដូច្នេះ ការជជែកពិភាក្សាផ្ទៃក្នុងសំខាន់ណាស់សម្រាប់បក្សនយោបាយ។ ម្នាក់ៗមិនអាចច្រៀងបទចម្រៀងតែមួយឱ្យដូចគ្នា ដោយគ្មានការជជែកគ្នាថា តើបទចម្រៀងណាដែលត្រូវច្រៀងនោះទេ។

ប៉ុន្តែគណបក្ស CNRP វិញមិនបានប្រតិបត្តិការតាមរយៈវិធីសាស្ត្រទាំងអស់នោះទេ។ គណបក្សនេះស្ទើរតែពោរពេញទៅដោយជំនឿលើភាពចុះសម្រុងគ្នា ដែលជាការចុះសម្រុងគ្នាពីលើមកក្រោមតែប៉ុណ្ណោះ។ ជាការពិត វាគឺជាការសម្រេចចិត្តរបស់លោក សម រង្ស៊ី ដែលមិនត្រឡប់ចូលមកស្រុកវិញ។ នេះគឺជាផលប៉ះពាល់ ដែលធ្វើឱ្យអ្នកអង្គម្ចាស់ ធម្មិកោ បាននិយាយថា នេះមិនមែនស្រេចតែលោក សម រង្ស៊ី ម្នាក់ប៉ុណ្ណោះទេ ដែលសម្រេចថា លោកគួរតែចូលស្រុក ឬមិនគួរចូលនោះ វាគឺស្ថិតលើការសម្រេចរបស់គណបក្ស ដែលថាតើលោក សម រង្ស៊ី ត្រូវចូលស្រុក ឬមិនចូល។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រការសម្រេចចិត្តនេះកាលពីឆ្នាំមុន ប៉ុន្តែអ្នកអង្គម្ចាស់ ធម្មិកោ បាននិយាយថា លោកនឹងជំរុញឱ្យមានការបោះឆ្នោតមួយទៀត នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ជួបគ្នា នៅដើមខែវិច្ឆិកានេះ។ ប៉ុន្តែមិនទាន់មានការបោះឆ្នោតនេះកើតឡើងនៅឡើយទេ។

ការពិតគឺថា រចនាសម្ព័ន្ធរបស់បក្សសង្គ្រោះជាតិ មានទំនោរយ៉ាងខ្លាំងទៅលើបុគ្គល។ សូមលើកយក បញ្ហាថវិកាមកធ្វើជាឧទាហរណ៍។ លោក អ៊ូ វីរៈ បាននិយាយថា «អំណោយផ្សេងៗមិនត្រូវបានប្រគល់ជូនគណបក្សទេ ប៉ុន្តែត្រូវបានប្រគល់ជូនបុគ្គលទៅវិញ។ ដូច្នេះហើយ បានជាអ្នកនយោបាយទាំងនោះ ព្យាយាមធ្វើដំណើរទៅកាន់បរទេស។ ប្រសិនបើគេផ្លាស់ប្តូររូបមន្តនេះ ពោលគឺប្រគល់អំណោយទាំងអស់នោះ ទៅឱ្យគណបក្ស ហើយត្រូវបានលាតត្រដាងវិញ នោះគេនឹងមានការផ្លាស់ប្តូរជាច្រើន។ ប៉ុន្តែពួកគេមិនធ្វើបែបនេះទេ ហើយអ្នកដែលទទួលបានផលប្រយោជន៍ច្រើនបំផុតនោះ គឺមេដឹកនាំទាំងពីររូបនោះ»។

ជាឧទាហរណ៍មួយផ្សេងទៀត សូមមើលទៅលើ យោបល់របស់លោក សម រង្ស៊ី កាលពីដើមខែនេះ។ នៅពេលដែលគ្មានវត្តមានរបស់គាត់នោះ លោក កឹម សុខា គឺជាប្រធានស្តីទីរបស់គណបក្ស ហើយជាអ្នកបន្តនៅពេលដែលលោក សម រង្ស៊ី មិនត្រូវបានលើកលែងទោស និងមិនអាចត្រឡប់មកស្រុកវិញ នៅក្នុងឆ្នាំ២០១៨ខាងមុខ នោះមានន័យថា លោក កឹម សុខា គឺជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សសង្គ្រោះជាតិ។ យ៉ាងណាក៏ដោយ និយាយទៅកាន់កាសែត Cambodia Daily លោក សម រង្ស៊ី បានលើកឡើងថា មានតែខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះ ដែលជាគូប្រកួតប្រជែងស្របច្បាប់ប្រឆាំងនឹងលោក ហ៊ុន សែន។ មុននឹងដកស្រង់សម្តីរបស់ សម រង្ស៊ី កាសែតបានលើកឡើងថា៖ «តើគេអាចស្រមៃបានទេ បើមានតែអ្នកប្រដាល់ម្នាក់គត់នៅលើសង្វៀន ហើយតាំងខ្លួនឯងជាអ្នកឈ្នះក្នុងការប្រកួត ដោយមិនបានប្រឈមជាមួយនឹងគូប្រកួតពិតប្រាកដ របស់គាត់នោះ?

សូមលើកយកការលើកឡើងដ៏ក្រអឺតក្រទមរបស់គាត់មកដាក់លើតម្លៃទល់មុខគ្នាវិញ។ ទី១ លោក កឹម សុខា នឹងក្លាយជាគូប្រកួតប្រជែងមិនពិតមួយរូបជាមួយលោក ហ៊ុន សែន។ ទី២ នយោបាយកម្ពុជាគឺពិតជាសមរភូមិរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដោយសារតែគ្មាននរណាម្នាក់អាចប្រកួតនឹងគាត់បាន ហើយវាក៏មិនមែនរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះដែរ។ តែប្រសិនបើគណបក្សប្រឆាំងខ្លាំងដោយខ្លួនឯង ហើយការសន្យារបស់គណបក្សមានប្រជាប្រិយចំពោះប្រជាជនវិញ នោះវាមិនមានបញ្ហា ថាតើនរណាជាអ្នកដឹកនាំនោះទេ។ លោក Lee Morgenbesser អ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Griffith University ប្រទេសអូស្ត្រាលីបានលើកឡើងថា ដោយសារតែរបៀបនៃការដឹកនាំប្រមូលផ្តុំតែក្នុងគណបក្សសង្គ្រោះជាតិនោះ ការនិរទេស របស់លោក រង្ស៊ី បានបន្សល់នូវជំរើសមួយចំនួន ដែលបំពេញចិត្តក្រុមទាំងពីរ។ ក្នុងករណីណាក៏ដោយ ខ្ញុំមិនគិតថា លោក រង្ស៊ី អាចនឹងអត់ឱនចំពោះការដឹកនាំបក្សប្រឆាំងរបស់លោក កឹម សុខា នាពេលបោះឆ្នោតខាងមុខនោះទេ។

ដោយគ្មានយន្តការច្រើនកើតឡើងសម្រាប់ធ្វើការរិះគន់ ឬគ្មានការពិភាក្សាសួរដេញដោលផ្ទៃក្នុងទេ នោះវានឹងបង្ខំឱ្យមានអ្នកដែលមិនសប្បាយចិត្តនឹងបក្ស ស្វែងរកវិធីសាស្ត្រផ្សេងទៀត ដើម្បីសំដែងមតិរបស់ពួកគេ។ នេះគឺជាអ្វីដែលធ្វើឱ្យកញ្ញា មនោវិទ្យា និងអ្នកអង្គម្ចាស់ ធម្មិកោបញ្ចេញទស្សនៈរបស់ពួកគេ។ បញ្ហាដ៏លេញធ្លោមួយក៏បានកើតឡើងផងដែរ៖ តើមានអ្វីដែលសមាជិកមិនសប្បាយចិត្តទាំងនោះ អាចធ្វើបាន ប្រសិនបើពួកគេមិនអាចផ្តល់មតិបាននោះ? គណបក្សនយោបាយថ្មីចំនួន ៨ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៥ មក ខ្លះបង្កើតឡើងដោយអតីតសមាជិក ដែលមានភក្តីភាពរបស់គណបក្ស CNRP ។ មនុស្សទុទិដ្ឋនិយមប្រហែលជានិយាយថា ពួកគេជាអ្នកធ្វើការឱ្យគណបក្សកាន់អំណាចដើម្បីមកបំបែកសំឡេងឆ្នោត។

យ៉ាងណាក៏ដោយ បន្ទាប់ពីបាននិយាយទៅកាន់មេដឹកនាំនៃគណបក្សទាំងនោះ ពួកគេពិតជាមិនពេញចិត្តនឹងគណបក្សសង្គ្រោះជាតិទេ។ ជាក់ស្តែង លោក ម៉ម សូណង់ដូ អ្នកកាសែតឯករាជ្យ និងនាយកវិទ្យុសំបុក្រឃ្មុំ ដែលបានបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យកាលពីឆ្នាំមុន គឺជាអ្នកធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ កាលពីការបោះឆ្នោតឆ្នាំ២០១៣កន្លងមក។ ប៉ុន្តែលោកបានប្រាប់ខ្ញុំថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដូចជារូបគាត់ផ្ទាល់ មានអារម្មណ៍មិនពេញចិត្តទេ ដោយសារតែគណបក្សនេះមិនបានដើរតាមអ្វីដែលពួកគេសន្យា។ យើងមានអារម្មណ៍ថា គណបក្សនេះមិនមែនជាអ្នកតំណាងឱ្យឆន្ទៈរបស់ប្រជាជនទៀតនោះទេ។

លោកស្រី Lak Sopheap ដែលជាសហស្ថាបនិករបស់គណបក្សបង្រួបបង្រួមខ្មែរ ធ្លាប់ជាសមាជិករបស់គណបក្សប្រឆាំងនេះ ចាប់តាំងពីចូលរួមគណបក្សជាតិខ្មែរលើកដំបូងរបស់លោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៥។ ត្រឹមឆ្នាំ២០១៤ លោកស្រីគឺជាជំនួយការផ្ទាល់ខ្លួនរបស់លោក កឹម សុខា ប៉ុន្តែត្រូវបានបណ្តេញចេញពីគណបក្សកាលពីខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីលោកស្រីបានចោទប្រកាន់ថា លោក កឹម សុខា បានប្រាប់លោកស្រីថា លោក សម រង្ស៊ី បានបន្លំប្រាក់មូលនិធិគណបក្សចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីមិនអាចនៅជាមួយគណបក្សសង្គ្រោះជាតិនេះទៀតទេ។ យើងតែងតែស្ថិតក្រោមឆ័ត្ររបស់មេដឹកនាំពីររូប។ ពួកគេរើសអើង ប្រឆាំងនឹងអ្នកផ្សេង ហើយជឿជាក់តែទៅលើអ្នកនៅជុំវិញផ្ទៃក្នុងរបស់ពួកគេប៉ុណ្ណោះទេ។ ខ្ញុំមានអារម្មណ៍ថា ពួកគេមិនដែលគិតពីផលប្រយោជន៍ជាតិទេ ពោលគឺធ្វើអ្វីៗដើម្បីតែអំណាចផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ តាមរយៈការអនុញ្ញាតឱ្យមានកិច្ចពិភាក្សាសួរដេញដោលផ្ទៃក្នុងនោះ វាប្រហែលគ្រាន់តែទប់ស្កាត់សមាជិកដែលស្ងៀមស្ងាត់ និងមិនសំខាន់ ពីការចាកចេញពីគណបក្សតែប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ជំហានមួយដែលស្ថិតក្នុងទិសដៅត្រឹមត្រូវ ត្រូវបានគេប្រកាន់យក នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិកចំនួន ១២៥ រូប បានអនុម័តទៅលើសេចក្តីព្រាងគោលនយោបាយរបស់ខ្លួន។ បើទោះបីជាខ្លឹមសារនៅក្នុងនោះត្រូវបានគេដឹងបន្តិចបន្តួចក៏ដោយ ក៏គេអាចសង្ឃឹមបានថា សេចក្តីព្រៀងនេះនឹងផ្តល់ឱ្យគណបក្សសង្គ្រោះជាតិនូវធាតុចាំបាច់ ដែលឈានទៅរកការបោះឆ្នោតនៅ ២ ឆ្នាំក្រោយដែរ។ វាក៏ប្រហែលជាបង្ហាញថា គណបក្សនេះបានបង្កើតនូវការសាមគ្គីភាពគ្នាផងដែរ។ យ៉ាងណាក៏ដោយ នេះមិនមានន័យថា កិច្ចពិភាក្សាផ្ទៃក្នុងមិនមានសារៈសំខាន់នោះទេ។ បើទោះបីជាមានការព្រមព្រៀងចំពោះសេចក្តីព្រាងនេះក៏ដោយ ក៏បញ្ហានៃការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី នៅតែមានភាពលេចធ្លោដដែល រហូតដល់ពេលដែលលោកបានចូលមកស្រុកវិញ។ ក្នុងពេលជាមួយគ្នានេះដែរ ការដឹកនាំបក្សនៅតែជាបញ្ហា ដោយសារទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា មិនត្រូវបានអនុញ្ញាតិឱ្យធ្វើដំណើរនៅក្នុងប្រទេស (ហើយគ្មានសញ្ញាណណាមួយបង្ហាញឱ្យឃើញថា មានអ្នកណាម្នាក់ផ្សេងទៀតអាច ឬក៏ចង់កាន់ចង្កូតដឹកនាំនោះដែរ)។

ជាងនេះទៅទៀតនោះ ប្រសិនបើគណបក្សសង្គ្រោះជាតិ ជាគណបក្សមានលក្ខណៈប្រជាធិបតេយ្យ ដូចដែលគេបាននិយាយ (ហើយប្រសិនបើគណបក្សនេះនឹងគ្រប់គ្រងប្រទេសកម្ពុជាតាមវិថីប្រជាធិបតេយ្យ ដូចដែលគេបាននិយាយមែន) នោះ ការរិះគន់ផ្ទៃក្នុងត្រូវតែក្លាយជាបទដ្ឋាន។ ប្រសិនបើមិនដូច្នេះទេ គណបក្សនេះនឹងបន្តដឹកនាំដោយក្រុមបុគ្គលពីរ ឬបីនាក់ដដែល។ ហើយ បើមិនដូច្នេះទេ តើគណបក្សនេះនឹងឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ និងបង្កើតរដ្ឋាភិបាលបានដែរឬទេ? ហើយ តើគណបក្សនេះនឹងមិនដើរតាមផ្លូវដដែល ដូចរដ្ឋបាលសព្វថ្ងៃ ដែលមើលឃើញការរិះគន់ថា ជាអ្វី ដែលមានការបែកខ្ញែក ឬជាអំពើក្បត់នឹងបក្សដែរឬទេ? ប្រសិនបើគណបក្ស CNRP មិនទំលាប់នឹងការរិះគន់ នៅពេលដែលខ្លួនស្ថិតក្នុងនាមជាគណបក្សប្រឆាំងនោះទេ នោះប្រាកដណាស់ថា គណបក្សនេះនឹងព្យាយាមធ្វើដូចគ្នានេះដែរ នៅពេលដែលពួកគេកាន់អំណាច៕

ប្រភព : The Diplomat  ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦
thediplomat_2015-11-04_15-06-31-386x314

ចែករំលែក

បញ្ចេញយោបល់