លោក ឃួង ស្រេង៖ ត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ

ថ្ងៃចន្ទ ទី ២៨ វិច្ឆិកា ២០១៦​
294

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អ្នកអនុវត្តផ្ទាល់ថ្នាក់ខណ្ឌត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានមានប្រសាសន៍ដូចនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខណ្ឌ ឆ្នាំ២០១៦ សម្រាប់អនុវត្ដនៅឆ្នាំ២០១៧ រៀបចំឡើងនៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងសិក្ខាសាលានោះ មានការបង្ហាញពីរបាយការណ៍លទ្ធផលអនុវត្ដគម្រោងឆ្នាំ២០១៦ និងលើកទិសដៅគម្រោងអាទិភាពក្នុងឆ្នាំ២០១៧ រួមមាន ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន សេវាកម្ម រដ្ឋបាល សន្ដិសុខ និងផ្នែកយេនឌ័រ។ លោកអភិបាលរងរាជធានី ក៏បានផ្ដល់អនុសាសន៍ដល់សិក្ខាកាមជាអ្នកអនុវត្តផ្ទាល់ថ្នាក់ខណ្ឌ ត្រូវយកចិត្តទុកដាក់ដើម្បីជំរុញគម្រោងអាទិភាពឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យមានភាពកក់ក្ដៅ៕

15235697_653509978163091_2755156559412572453_o 15235941_653510088163080_4012009544598824416_o 15235947_653509961496426_8458313240160113383_o 15259266_653510074829748_186718528294672334_o

ចែករំលែក

បញ្ចេញយោបល់