ខណៈដែលព្រឹត្តិការណ៍ពេញមួយឆ្នាំខិតជិតមកដល់ តំបន់នេះកំពុងតែផ្តោតអារម្មណ៍លើតួនាទីរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នឹងដើរតួនាទីនៅក្នុងអាស៊ាន។
ក្នុងនាមជាប្រធានអាស៊ានថ្មី លោក Duterte ត្រូវតែតំណាងឱ្យសមាគមនេះ និងធ្វើឱ្យមានសម្លេងឯកភាពគ្នាដ៏រឹងមាំ។ គាត់នឹងត្រូវធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលជាច្រើន ដែលគាត់មិនអាចខកខានបាននៅឆ្នាំក្រោយនេះ។
នឹងមានកិច្ចប្រជុំកំពូលអាស៊ានចំនួនពីរ គឺលើកទី៣០ និងទី៣១ ដែលត្រូវបានគេរៀបចំដាច់ដោយឡែកពីគ្នាក្នុងអំឡុងឆ្នាំ២០១៧។ កិច្ចប្រជុំទី១ ក្នុងទីក្រុងម៉ានីលនៅខែមេសា នឹងធ្វើឡើងជាមួយនឹងសហការីអាស៊ានរបស់គាត់ បន្ទាប់មក កិច្ចប្រជុំទី២ នឹងរៀបចំឡើងនៅឯមូលដ្ឋានទ័ពអាកាស Clark Air Base លើកោះ Luzon នាដើមខែវិច្ឆិកា។ ប្រទេសហ្វីលីពីននឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលដែលជាប់ពាក់ព័ន្ធជាច្រើនរវាងអាស៊ាន និងដៃគូសន្ទនាមួយចំនួន រាប់បញ្ចូលទាំងអង្គការសហប្រជាជាតិផងដែរ។ កិច្ចប្រជុំជាច្រើនជាមួយប្រទេសមហាអំណាចធំៗ ជាពិសេសប្រទេសចិន និងសហរដ្ឋអាមេរិក នឹងស្ថិតក្នុងចំណោមមុខងារសំខាន់ៗបំផុត។
ដោយសារតែមានការរីកចម្រើនដែលគួរឱ្យភ្ញាក់ផ្អើលនៃទំនាក់ទំនងហ្វីលីពីន-ចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គឺពុំមានការសង្ស័យទេដែលថា នាយករដ្ឋមន្រ្តីចិន លោក Li Keqiang នឹងចូលរួមនៅក្នុងកិច្ចប្រជុំនាបំណាច់ឆ្នាំនេះ ជាមួយនឹងដៃគូសន្ទនាដទៃទៀត។ ប៉ុន្តែសំណួរដ៏សំខាន់មួយថាតើ ប្រធានាធិបតីជាប់ឆ្នោតថ្មី Donald Trump នឹងត្រូវបានគេរំខានក្នុងការអញ្ជើញមកប្រជុំនៅក្នុងតំបន់នេះ និងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើទី១២ នៅឯមូលដ្ឋានទ័ពអាកាស Clark Air Base ឬយ៉ាងណា។
រយៈពេលពេញមួយឆ្នាំក្រោយនេះ ប្រធាននឹងមានការមមាញឹកក្នុងការរៀចំកិច្ចប្រជុំជាច្រើន ដែលយ៉ាងហោចណាស់កិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីចំនួន១៤ ដោយមានមន្រ្តីជាន់ខ្ពស់ជាប់ពាក់ព័ន្ធចំនួន២៩ រូប និងវគ្គប្រជុំក្រុមការងារចំនួន៦០ ដែលជាប់ទាក់ទិនទៅនឹងកិច្ចការអាស៊ានទាំងមូល។ ដូច្នោះហើយ ទស្សនៈរបស់លោក Duterte ស្តីពីអាស៊ានចាប់តាំងពីឥឡូវនេះរហូតដល់បំណាច់ឆ្នាំក្រោយ នឹងត្រូវបានគេពិនិត្យពិច័យយ៉ាងយកចិត្តទុកដាក់។ រហូតមកដល់ពេលនេះ គាត់មិនបានធ្វើសេចក្តីប្រកាសសំខាន់ណាមួយអំពីអាស៊ាន និងរបៀបវារៈរបស់ខ្លួននៅឡើយទេ លើកលែងតែកិច្ចប្រជុំកំពូលអាស៊ានក្នុងអំឡុងពេលពិធីប្រគល់តំណែងធ្វើជាប្រធានបន្តពីប្រទេសឡាវកាលពីខែកញ្ញាប៉ុណ្ណោះ។ នៅទីនោះ គាត់បានសន្យាថា «នឹងរំលេចអាស៊ានជាអង្គការគំរូនៅក្នុងតំបន់ និងជាតួអង្គមួយនៅក្នុងពិភពលោក ដោយឱ្យតម្លៃផលប្រយោជន៍ប្រជាជនជាសំខាន់»។
ប្រទេសហ្វីលីពីននឹងធ្វើជាប្រធានអាស៊ានក្នុងអំឡុងពេលថ្ងៃគម្រប់ខួបលើកទី៥០ របស់ខ្លួន។ ការរំពឹងទុកយ៉ាងខ្ពស់ គឺជារឿងធម្មតាដែលប្រធានបច្ចុប្បន្ន និងប្រធានាធិបតីមាត់ដាចរបស់ខ្លួន នឹងជួយលើកមុខមាត់របស់ក្រុមនេះទៅដល់កម្រិតមួយផ្សេងទៀត។ ក្រសួងការបរទេសនៅក្នុងទីក្រុងម៉ានីលមានប្រធានបទដ៏គួរឱ្យរំភើបសម្រាប់កិច្ចប្រជុំអាស៊ាននោះគឺ «ចងគ្នាជាដៃគូសម្រាប់ការផ្លាស់ប្តូរ ចូលរួមការងារពិភពលោក» ដោយមានគោលបំណងធំៗចំនួន៦។
ការផ្លាស់ប្តូរជាវិជ្ជមានពិតជានឹងសម្រេចបាន ប្រសិនបើប្រធានដឹកនាំឱ្យបានត្រឹមត្រូវ ពីព្រោះចំណុចអាទិភាពធំៗទាំង៦ បានកំណត់ឡើងដោយទីក្រុងម៉ានីលដែលមានសក្តានុពលក្នុងការពង្រឹងអត្តសញ្ញាណរបស់អាស៊ាន ជាស្ថាប័នឈរលើមូលដ្ឋានច្បាប់ និងនាំមកនូវសមាជិកទាំងអស់របស់ខ្លួនឱ្យកាន់តែខិតជិតគ្នា។ សំខាន់ជាងនេះទៅទៀតនោះ ប្រទេសហ្វីលីពីនចង់ដាក់អាស៊ាននៅលើរបៀបវារៈជាសកលក្នុងមធ្យោបាយតាមបែបស្ថាបនា ដែលជាការពង្រឹងសម្លេងអាស៊ានរួមនៅក្នុងសហគមន៍អន្តរជាតិ។ វានឹងចំណាយពេលវេលា ដើម្បីវាស់ស្ទង់ថាតើរបៀបដឹកនាំរបស់លោក Duterte ធ្វើបានល្អបែបណាដែរនៅក្នុងគ្រួសារអាស៊ាន។
គេនៅតែរង់ចាំមើលពីរបៀបនៃការដឹកនាំរបស់លោក Duterte នឹងជះឥទ្ធិពលលើបញ្ហាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះយ៉ាងណា។ ក្នុងរយៈពេល៦ ឆ្នាំកន្លងមកនេះ ជម្លោះសមុទ្រចិនខាងត្បូងបានក្លាយជាចំណុចស្នូល ដែលបានធ្វើឱ្យមានការប៉ះទង្គិចគ្នានៅក្នុងតំបន់ និងការប្រជែងគ្នារបស់ប្រទេសមហាអំណាចធំៗ។ ឥឡូវនេះ ឥទ្ធិពលនោះបានផ្លាស់ប្តូររួចជាស្រេចទៅហើយ។ លោក Duterte សង្ឃឹមថានឹងធ្វើនិន្នាការនេះមានលក្ខណៈអចិន្រ្តៃយ៍។ ជាលក្ខណៈផ្ទាល់ខ្លួន ប្រធានាធិបតីថ្មីរូបនេះ ចង់ពង្រឹងចំណងជាមួយនឹងសមាជិកអាស៊ានទាំងអស់ ដែលធ្វើឱ្យពួកគេជាដៃគូដ៏រឹងមាំនៅក្នុងតំបន់ក្នុងការទាក់ទងទៅនឹងពិភពលោកខាងក្រៅ។
សំខាន់បំផុតនោះគឺថា ប្រធាននឹងមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់នីតិរដ្ឋសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះសមុទ្រ។
ជាក់ស្តែង ការដែលអញ្ជើញមកពីទីក្រុង Davao ប្រធានរូបនេះនឹងបន្តធ្វើជាជើងឯក ដែលជាអ្នកតម្រង់ទិសមនុស្សនៅក្នុងអាស៊ាន។
នៅពេលអាស៊ានខិតជិតមកដល់ខួបលើកទី៥០ នៅឆ្នាំក្រោយនោះ ស្ថាប័ននេះនឹងត្រូវដឹកនាំដោយមេដឹកនាំមិនធ្វើតាមកិច្ចព្រមព្រៀង ដែលមានទស្សនៈវិស័យច្បាស់លាស់ ដើម្បីដាក់ក្រុមនេះនៅកន្លែងត្រឹមត្រូវរបស់ខ្លួនក្នុងសហគមន៍ពិភពលោកនៃប្រជាជាតិទាំងអស់៕
ប្រភព: The Nation ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦