លោក វង សូត លើក​ឡើង​ថា ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថេរភាព និង​មានការអភិវឌ្ឍ​រីកចំរើន​ទៅ​បាន លុះ​ត្រា​តែ​ប្រជា​ពលរដ្ឋ​ទៅ​ចូល​រួម​បោះ​ឆ្នោត​

ថ្ងៃអាទិត្យ ទី ១៧ មិថុនា ២០១៨​
47

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វង សូត អនុប្រធាន​ក្រុមការ​ងារ​ចុះ​ជួយបក្ស​ថ្នាក់​ខេត្ត និងជាប្រធានក្រុមការងារចុះជួយ​ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកស្រី បាន​អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​សមាជិក សមាជិការបក្ស​ នោ​មូល​ដ្ឋានចំនួន ៩៥០នាក់ នៅ​ឃុំកណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ។ លោក​បានអនុប្រធានថ្លែងអោយ​ដឹងថា «ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថេរភាព និង​មានការអភិវឌ្ឍ​រីកចំរើន​ទៅ​បាន លុះ​ត្រា​តែ​ប្រជា​ពលរដ្ឋ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជូន​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ទាំង​អស់គ្នា»។

លោកបានថ្លែងបន្តថា ការអភិវឌ្ឍន៍  សន្តិភាព ស្ថេរភាព និង​សមិទ្ធ​ផល​ជាច្រើន​របស់​ប្រទេស​កម្ពុជា ដែល​កំពុង​ទទួលបាន​នា​ពេល​បច្ចុប្បន្ន​នេះ គឺបាន​មកពីការ​ខិតខំ​ប្រឹង​ប្រែង របស់​គណៈបក្សប្រជាជនកម្ពុជា​ដែល​មានលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ ប្រកប​ដោយ​គតិបណ្ឌិត និងមាន​ចក្ខុវិស័យវែងឆ្ងាយ​ក្នុងការ​គិតគូរ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​ផងដែរ​។

លោក​បានបញ្ជាក់ថា  ការរំលាយ​គណបក្សសង្រ្គោះ​ជាតិ​ចោល ដោយ​តុលាការ​កំពូល មិន​មែន​មកពីអ្នកណា​នោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួន​ឯង ដែលមានគំនិតក្បត់ជាតិ ក្បត់​រដ្ឋ​ធម្មនុញ្ញ ក្បត់​ពាក្ស​សម្បថ​ដែល​បាន​ស្បថមុខ​ព្រះមហាក្សត្រ មុខ​ព្រះ​ស្វេត្រឆត្រ័ និង​មុខ​ព្រះ​ភក្ត្រ​ព្រះ​សង្ឃទាំង​ពីរ​គណៈ  ឃុប​ឃិត​ជា​មួយបរទេស​ចង់បង្កើត​បដិវត្តន៍ ផ្តួល​រំលំ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​ដែល​កើតចេញពី​ការបោះ​ឆ្នោតស្រប​ច្បាប់ផងដែរ។

លោក​ក៏​បាន​លើកឡើងថា ការផ្តល់​សេចក្តីទុកចិត្ត​របស់ប្រជាពលរដ្ឋ​មកលើ​រាជរដ្ឋាភិបាល ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បានធ្វើ​ឲ្យប្រទេស​ជាតិមាន​សុខសន្តិភាព និង​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ស្មើមុខ ស្មើ​មាត់​លើឆាក​អន្តរជាតិ ក្នុង​នោះ​ប្រទេស កម្ពុជា​សម្រេច​បាន​នូវ​គ្រឹះ​លទ្ធិប្រជា​ធិតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​យ៉ាង​ពេញ​លេញ ផ្ទុយ​ពី​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល បាន​ដើរ​និយាយ​រិះ​គន់​មួល​បង្កាច់​តែ​ប្រជាជន និង​ប្រទេស​ជាតិ​ខ្លួន​ឯង។

មុន​នឹង​បញ្ចប់ លោកក៏បានផ្ដាំផ្ញើដល់បង​ប្អូន​ប្រជាពល​រដ្ឋ​ទាំង​អស់ កុំ​ចាញ់​ឧបាយ​កលជន​ឆបោក​មួយចំនួន​ដែល​បាន​​និយាយត្រឹម​តែ​មាត់ តែ​ធ្វើ​មិន​បានអ្វី​ទាល់​តែ​សោះ។ លោក​ក៏​បាន​អំពាវ​នាវ​អោយ​គ្រប់ សមាជិក សមាជិកា គណ​បក្ស​ប្រជា​ជន​កម្ពុជា ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ត្រៀម​លក្ខណៈ អោយ​បាន​គ្រប់​គ្រាន់ សម្រាប់​ការ​ចូល​រួម ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិ​កាល​ទី​៦ ដែល​នឹង​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨នេះ។

ចុង​បញ្ចប់នៃ​កម្ម​វិធី ​លោក​​អនុប្រធាន និង​លោកស្រី បាន​នាំ​យក​អំណោយ​ជា​សំភារ និង​ថវិការ​ចែក​ជូន​ដល់​សមាជិក​ចំនួន ៩៥០នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ក្រម៉ារ​១ និង​ថវិការ​ចំនួន​១៥.០០០​រៀល​ផង​ដែរ៕

ចែករំលែក

បញ្ចេញយោបល់