កិច្ចប្រជុំកំពូល Trump-Kim៖ រឿងល្អសម្រាប់ចិន

ថ្ងៃព្រហស្បតិ៍ ទី ១៤ មិថុនា ២០១៨​
34

​នៅពេលលោក Kim Jong Un មកដល់សិង្ហបុរីសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តជា​មួយ​ប្រធានាធិបតីអាមេរិកលោក Donald Trump នោះ មេដឹកនាំកូរ៉េខាងជើង បានជិះយន្តហោះរបស់ចិន។ ដូចអ្នកសារព័ត៌មានរបស់កាសែត The Washington Post លោក Anna Fifeld បានលើកឡើង ទំព័រមុខនៃកាសែតកូរ៉េខាងជើង Rodong Sinmum បានដាក់រូបលោក Kim ឡើងយន្តហោះ ជាមួយនឹងទង់​ជាតិ​ចិន បង្ហាញយ៉ាងច្បាស់នៅលើយន្តហោះ។ វាបង្ហាញថា បើទោះបីជាមន្រ្តី​ចិនមិនបានចូលរួមកិច្ចប្រជុំនេះក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែមានការពាក់ព័ន្ធយ៉ាងធំនៅក្នុងបញ្ហានេះ។

​ជាការពិត អំឡុងពេលក្រោយការធ្វើសន្និសីទសារព័ត៌មាន លោក Trump បានលើកឡើងអំពី “មនុស្សដ៏វិសេស” គឺប្រធានាធិបតី Xi របស់ចិន” សម្រាប់តួនាទីរបស់គាត់នៅក្នុងការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង។ លោក Xi គឺជា “មនុស្សដ៏អស្ចារ្យ និងជាមិត្តម្នាក់របស់ខ្ញុំ ហើយជាមេដឹកនាំដ៏អស្ចារ្យសម្រាប់ប្រជាជនចិន” “ខ្ញុំចង់ថ្លែងអំណរគុណដល់ពួកគេសម្រាប់កិច្ចខិតខំប្រឹងប្រែង​ក្នុងការជួយពួកយើងឈានទៅរកថ្ងៃប្រវត្តិសាស្រ្តនេះ។”

​ក្រោយមកនៅឯសន្និសីទសារព័ត៌មាន លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិក “បានធ្វើការងារជាមួយចិន” ក្នុងការបំពេញសេចក្តីលម្អិតនៃការតាំងចិត្តនៅក្នុងសេចក្តីថ្លែងការណ៍រួម អាមេរិក-កូរ៉េខាងជើង បើទោះបីជាវាមានលក្ខណៈតិចជាងអ្វីដែលទី​ក្រុង​វ៉ាស៊ីនតោនបានធ្វើជាមួយរដ្ឋាភិបាលទីក្រុង Seoul និង Tokyo។ នៅពេលសួរសំណួរអំពីសក្តានុពលនៃតួនាទីរបស់ចិន លោក Trump បានឆ្លើយបែបមិនយកចិត្តទុកដាក់ថា៖

​ខ្ញុំចង់ឱ្យពួកគេចូលរួម។ មានសំណួរថា តើយើងត្រូវឆ្លើយតប ឬក៏អត់។ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំគិតថា វាគឺជារឿងដ៏ប្រសើរក្នុងឱ្យចិន និងកូរ៉េខាងត្បូងចូលរួម។

​ខណៈដែលមន្រ្តីចិនបានលើកឡើង សំណើរចម្បងពីររបស់ចិនសម្រាប់ការដោះស្រាយបញ្ហាកូរ៉េខាងជើងគឺមានពីរ៖

​ទីមួយ គំនិត “ផ្អាកទាំងពីរភាគី (Dual Freeze)” របស់ចិន បានអំពាវនាវកូរ៉េខាងជើងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ហើយអំពាវនាវឱ្យអាមេរិក និងកូរ៉េខាងត្បូងផ្អាកសមយុទ្ធយោធារួមគ្នារបស់ពួកគេ។ នៅខែមេសា រដ្ឋាភិបាលទីក្រុង Pyongyang បានប្រកាសការបញ្ឈប់ជាផ្លូវការនូវការសាកល្បងមីស៊ីល​ និងនុយក្លេអ៊ែរ ដោយបានកម្ទេចចោលទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri ហើយនៅថ្ងៃអង្គារ លោក Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ឈប់នូវអ្វីដែលគាត់ហៅថា “ល្បែងសង្រ្គាម” ជាមួយកូរ៉េខាងត្បូង ដោយនិយាយថា សមយុទ្ធយោធា ”មិនសមស្រប” មានលក្ខណៈ “បង្កហេតុ” ហើយ “ត្រូវចំណាយថវិកាយ៉ាងច្រើន”។ កត្តាទាំងនេះ បង្ហាញថា “Dual Freeze” មានសារៈសំខាន់ក្នុងការអនុវត្ត។

​ទីពីរ សំណើឱ្យមានកិច្ចចរចា “បែបស្របគ្នា (Parallel Track)” ដោយសំដៅដល់ការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ជាមួយនឹងការជជែកដោយឡែកស្តីពីការពង្រឹងទំនាក់ទំនង អាមេរិក-កូរ៉េខាងជើង ហើយផ្សះផ្សាសន្ធិសញ្ញាសន្តិភាពមួយ។ កត្តានេះកំពុងស្ថិតក្នុងដំណើរការ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងលោក Trump និងលោក Kim អំពី “ទំនាក់ទំនង អាមេរិក-កូរ៉េខាងជើង” ស្ថាបនារបបសន្តិភាពនៅឧបទ្វីបកូរ៉េ និងការលុបចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

​យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាន​កត់​សម្គាល់​ថា សំណើ “Dual Freeze” និង “Parallel Track” កំពុងស្ថិតក្នុងដំណើរការ។

​សរុបមក ចិនមានការសាទរជាខ្លាំង។ កិច្ចប្រជុំកំពូល Trump-Kim បានកាត់បន្ថយភាពតានតឹង ក៏ប៉ុន្តែ ពុំទាន់មើលឃើញជាក់ស្តែងនូវឡើយ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងមានហេតុផលជាច្រើនក្នុងការរំពឹងថា វានឹងត្រូវរួមបញ្ចូលកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពទៀតផង។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលជាជាងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន  ដោយចាប់ផ្តើមជាមួយនឹងការកត់សម្គាល់អំពី “លទ្ធផលវិជ្ជមាន”។ សេចក្តីថ្លែងការណ៍ក៏បាន លើកឡើងអំពីការសម្រេចចិត្តផ្នែកនយោបាយនៃមេដឹកនាំទាំងពីរ ដោយបង្ហាញពីការស្វាគមន៍ និងគាំទ្រពីប្រទេសចិន។

​សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ថា ចិនគឺជាប្រទេសជិតខាងនៃឧបទ្វីបកូរ៉េ ហើយជាតួអង្គដ៏សំខាន់ចំពោះបញ្ហាកូរ៉េ ហើយបានសន្យាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការ “ជំរុញការលុបចោលកម្មវិធីអាវុធនុយក្លេអ៊េរនៅឧបទ្វីបកូរ៉េ ហើយបង្កើតយន្តការសន្តិភាពនៅឧបទ្វីបកូរ៉េ។”

​សំណួរដ៏ធំក្នុងពេលបច្ចុប្បន្នគឺថា តើតួនាទីរបស់ចិនឆ្ពោះទៅមុខនោះ មានលក្ខណៈបែបណា? មានការប៉ាន់ស្មានអំពីការសាយភាយថា ចិននឹងស្វះស្វែងផ្តល់រង្វាន់ដល់កូរ៉េខាងជើងសម្រាប់ឥរិយាបថរបស់ខ្លួន ដោយការកាត់បន្ថយការអនុវត្តទណ្ឌកម្មអង្គការ​សហប្រជាជាតិ។​

​លោក Geng បាននិយាយថា “សកម្មភាពក្រុមប្រឹក្សាសន្តិសុខគួរគាំទ្រ និងឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នឆ្ពោះទៅរកកិច្ចពិភាក្សាផ្នែកការទូត និងការ​លុបចោលកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉។”

​សម្រាប់ជំហានបន្ទាប់ លោក Geng បានបដិសេធក្នុងការលើកឡើងថា តើលោក Kim នឹងឈប់សំចតនៅប្រទេសចិន ពេលត្រឡប់មកពីសិង្ហបុរី ដើម្បីជួបជាមួយមន្រ្តីចិន ឬយ៉ាងណានោះទេ។ ហើយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលមានកម្មវិធីធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី១៤ ខែមិថុនា នេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលនេះ គឺជាបញ្ហាមួយផ្សេងទៀត៕

ប្រភព៖ The Diplomat ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់