ជំនួបកំពូល Kim-Trump មានលក្ខណៈវិជ្ជមាន

ថ្ងៃព្រហស្បតិ៍ ទី ១៤ មិថុនា ២០១៨​
37

កិច្ចប្រជុំកំពូលដែលមានការរំពឹងទុកច្រើនរវាងលោក Kim Jong-un និងលោក Donald Trump ត្រូវបានធ្វើឡើងប្រកបដោយជោគជ័យដ៏ពេញលេញតែម្តងនៅសិង្ហបុរីកាលពីម្សិលមិញ ដែលជាកិច្ចប្រជុំមួយទល់នឹងមួយ ហើយក៏ជាការចុះហត្ថលេខាទៅលើឯកសារជាប្រវត្តិសាស្ត្រដែលលោក Trump បានពិពណ៌នាថា វាជាឯកសារដ៏សំខាន់ណាស់ និងជាឯកសារដែលគ្រប់ជ្រុងជ្រោយតែម្តង។ លោក Trump បាននិយាយថា យើងមានពេលដ៏អស្ចារ្យធ្វើការជាមួយគ្នា ជាទំនាក់ទំនងដ៏អស្ចារ្យមួយ យើងបានបង្កើតនូវចំណងពិសេស។ កិច្ចប្រជុំនោះល្អជាងការដែលគេរាល់គ្នាបានទាយទុកខ្លាំងណាស់។

លោក Kim និយាយថា «ថ្ងៃនេះយើងមានកិច្ចប្រជុំជាប្រវត្តិសាស្ត្រ ដើម្បីពុះពារនូវអតីតកាលរបស់យើង និងចាប់ផ្តើមនូវជំហានថ្មី។ យើងរៀបនឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយនេះ ហើយពិភពលោកនឹងមើលឃើញថា មានការផ្លាស់ប្តូរដ៏សម្បើម។ ខ្ញុំសូម សម្តែងនូវការដឹងគុណរបស់ខ្ញុំ ចំពោះលោក Trump ដែលបានធ្វើឱ្យកិច្ចការនេះកើតមានឡើង»។

ជាការឆ្លើយតបទៅនឹងសំណួរសួរថា តើមេដឹកនាំទាំងពីររូបនឹងជួបគ្នាម្តងទៀតទេ លោក Trump និយាយថា យើងនឹងជួបគ្នាទៀត។ យើងនឹងជួបគ្នាជាច្រើនដង។ គាត់បាននិយាយថា មេដឹកនាំទាំងពីររូបនេះបានរៀនពីគ្នាទៅវិញទៅមកយ៉ាងច្រើន បន្ទាប់ពីបានចាប់ដៃគ្នាលើកដំបូងនៅថ្ងៃនេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មានក្រោយពីការចុះហត្ថលេខាថា «គាត់ជាមនុស្ស​ដ៏ឆ្លាតវៃណាស់។ ខ្ញុំបានរៀនពីគាត់ថា គាត់ស្រលាញ់ប្រទេសរបស់គាត់ខ្លាំងណាស់។ លោក Trump ក៏បានពិពណ៌នាលោក Kim ថា ជាអ្នកចរចាឆ្លាតវៃខ្លាំង»។

ពាក្យសម្តីនយោបាយ និងពាក្យសម្តីជាកាយវិការមានភាពវិជ្ជមានជាទូទៅ ហើយនៅ​លើឆាកនយោបានវិញត្រូវបានរៀបចំយ៉ាងល្អ ដែលភាគីទាំងសងខាងបានប្រើប្រាស់។ សារនយោ​បាយគឺច្បាស់ណាស់ថា កិច្ចប្រជុំកំពូលនេះគឺជាការរំលាយភាពទ័លច្រក ហើយក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចរចាជាច្រើនជុំនៅពេលអនាគត។

កម្ពុជា និងសហគមន៍អន្តរជាតិបានស្វាគមន៍នូវលទ្ធផលដ៏ជោគជ័យ និងវិជ្ជមានចេញពីជំនួបកំពូលនេះ ហើយចង់ឃើញឱ្យមានជំហានជាក់លាក់បន្ថែមទៀត ឆ្ពោះទៅរកដំ​ណោះ​ស្រាយគ្រប់ជ្រុងជ្រោយទាំងស្រុង ស្តីពីឧបទ្វីបកូរ៉េនេះមានចំណុច ៣ ដែលគេទទួលបានចេញពីកិច្ចប្រជុំនេះ។

ទី១ ការទុកចិត្តជាយុទ្ធសាស្ត្រ និងនយោបាយត្រូវបានកសាងឡើង បន្ទាប់ពីទំនាក់ទំនងជាអមិត្តអស់រយៈពេលជិត ៧ ទសវត្សរ៍។ ឥឡូវនេះ វាក៏ជាឱកាសសម្រាប់ភាគីទាំងសងខាងដើម្បីអង្គុយ និងជជែកគ្នាផងដែរ។ ពួកគេបានបង្ហាញនូវភាពស្មោះត្រង់មួយកម្រិត ផលប្រយោជន៍រួម សុឆន្ទៈនយោបាយ ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចយល់ព្រមព្រៀងគ្នាទៅវិញទៅមក។

ផលប្រយោជន៍ដ៏ចម្បងរបស់អាមេរិក គឺដើម្បីស្វែងរកឱ្យមាននូវការលុបបំបាត់សព្វា​វុធ​នុយក្លេអ៊ែរមួយទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចធ្វើឡើងវិញនៅឧបទ្វីបកូរ៉េ​នេះ។ សម្រាប់ផលប្រយោជន៍ស្នូលកូរ៉េខាងជើងវិញគឺស្ថិរភាពនៃរបបនេះ ការដកទណ្ឌ​កម្មចេញ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ទី២ ការចុះហត្ថលេខាទៅលើឯកសារនេះ ភាគីទាំងសងខាងក៏នឹងធ្វើការជាមួយគ្នា ដើម្បី​ពុះ​ពារនៅភាពប្រឈមធំៗ និងការលំបាកទាំងឡាយ។ កូរ៉េខាងជើងនឹងមិនបោះ​បង់​ចោលកម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ដែលក្រុងព្យុងយ៉ាងបានវិនិ​យោគ​អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ។ ដូច្នេះកូរ៉េខាងជើងត្រូវការឱ្យមានការ​ធានាសន្តិសុខ និងភាពស្មោះត្រង់នយោបាយពីភាគីអាមេរិក។

ទី៣ ជំនួបកំពូលនេះ បានបើកផ្លូវឱ្យមានកិច្ចព្រមព្រៀងជាក់លាក់នៅពេលអនាគត និងសកម្មភាពផ្សេងៗទៀត។ វាគឺជានីតិវិធីវែងឆ្ងាយ និងមានភាពស្មុគស្មាញនៅក្នុងការចរចាទ្វេភាគីនេះ។ ផ្នែកការទូតជាតម្រូវការសម្រាប់ភាគីទាំងពីរ ត្រូវតែបន្តឱ្យមាននិរន្តភាព និងឱ្យបានច្បាស់លាស់នៅពេលអនាគត ដែលជាបំណង និងផលប្រយោជន៍របស់ពួកគេ។

ជំនួបកំពូលនេះ ក៏ជាការពាក់ព័ន្ធសំខាន់នៅក្នុងតំបន់ផងដែរ សម្រាប់អាស៊ាន។ ទី១ សន្តិភាព និងស្ថិរភាពឧបទ្វីបកូរ៉េ គឺមានសារៈសំខាន់សម្រាប់សន្តិភាពតំបន់នៅក្នុងអាស៊ីបូព៌ា និងតំបន់ទាំងមូល។ សម្រាប់អាស៊ានវិញនឹងទទួលបានផលប្រយោជន៍ដ៏ចម្បងចេញពីឧបទ្វីបកូរ៉េដែលមានស្ថិរភាព និងវិបុលភាព ដែលជាចំណុចរសើបសន្តិសុខតំបន់។ ទី២ បញ្ហាកូរ៉េខាងជើងផ្តល់ឱ្យមានកាលានុវត្តភាពសម្រាប់មហាអំណាច ជាពិសេសចិន និងអាមេរិក ដើម្បីធ្វើការជាមួយគ្នាក្នុងគោលបំណងបង្កើតឱ្យមានលក្ខខណ្ឌល្អមួយសម្រាប់កិច្ចពិភាក្សា និងស្វែងរកនូវផែនការគ្រប់ជ្រុងជ្រោយសម្រាប់ការដោះស្រាយទៅលើភាពខ្វែងយោបល់គ្នានេះ។ ការប្រកួតប្រជែងមហាអំណាចចិន-អាមេរិក រាប់បញ្ចូលទាំងជម្លោះពាណិជ្ជកម្មដែលកំពុងប្រព្រឹត្តទៅនេះ គឺជាការគំរាមដល់ស្ថិរភាព និងសន្តិភាពតំបន់ ហើយប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍កំពុងតែប្រឈមមុខទៅនឹងទ្វេគ្រោះសន្តិសុខ ដែលទាក់ទងទៅនឹងមហាអំណាចទាំងពីរនេះ។ ដូច្នេះការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទនងចិន-អាមេរិក នឹងផ្តល់ផលប្រយោជន៍ដល់អាស៊ាន។ ទី៣ កំណែទម្រង់ដ៏សំខាន់ និងការបើកចំហរបស់កូរ៉េខាងជើងនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់តំបន់នេះ។ ជាការពិតអាស៊ាននឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីភាពកូរ៉េខាងជើងដែលពោរពេញទៅដោយភាពជោគជ័យ និងវិបុលភាព។ កម្ពុជាដែលជាមិត្តចាស់ និងដ៏ទុកចិត្តរបស់កូរ៉េខាងជើងនឹងព្យាយាមអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីភ្ជាប់ចំណងអាស៊ាន និងកូរ៉េខាងជើងដើម្បីឈានទៅកាន់តំបន់មេគង្គ ដែលជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ី៕

ប្រភព៖ Khmer Times ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់