ជម្លោះ ​អា​មេ​រិក-កាណាដា កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​​​ភាព​​តាន​​តឹង​​នៅ G7 ប្រ​ជា​ជន​​អឺ​រ៉ុប​​រិះ​​គន់​​លោក Trump

ថ្ងៃពុធ ទី ១៣ មិថុនា ២០១៨​
31

សហ​រដ្ឋ​អា​មេ​រិក និង​កាណា​ដាបាន​ប្រើ​ពាក្យ​សម្តី​យ៉ាង​ធ្ងន់ដែល​​ឈាន​ទៅ​រក​វិបត្តិពាណិជ្ជ​​កម្ម និង​ការ​ទូត​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម​ទី​ប្រឹក្សា​សេត​វិ​មាន​បាន​វាយ​ប្រ​ហារ​នាយក​រដ្ឋ​មន្រ្តី​កាណា​ដា លោក Justin Trudeau មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រ​ធា​នាធិប​តី​សហ​រដ្ឋ​អា​មេ​រិក លោក Trump ហៅ​គាត់​ថា «​មិន​ស្មោះ​ត្រង់ និង​ខ្សោយ»។

​ជម្លោះ​នេះ​បាន​នាំឱ្យ​​ប្រ​ទេស​អា​ល្លឺ​ម៉ង់ និង​បារាំង ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក Trump ក្នុង​ការ​ដក​ចេញ​នូវ​ការ​គាំទ្រ​របស់​គាត់​ទៅ​លើ​សេចក្តី​ថ្លែង​ការ​ណ៍​ G7 ដែល​បាន​ធ្វើ​ឡើង​នៅ​ឯកិច្ច​ប្រ​ជុំ​កំពូល​របស់​កាណា​ដា​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ចោទ​ប្រ​កាន់​គាត់​ថាបំផ្លាញ​ទំនុក​ចិត្ត និង​ប្រ​ព្រឹត្ត​ខុស​ពី​ការ​ពិត។

​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កាណា​ដា លោក Chrystia Freeland បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​កាល​ពី​ថ្ងៃ​អា​ទិត្យ​ថា «​កាណា​ដា​មិន​ធ្វើ​កិច្ចការ​ទូត​របស់​ខ្លួន​តាម​រយៈ​ការ​វាយ​ប្រ​ហារ​ជា​លក្ខណៈបុគ្គល ហើយ​យើង​ចៀស​វាង​នូវ​ការ​វាយ​ប្រ​ហារ​​បែប​ជា​​បុគ្គលនោះទេ នៅ​ពេល​ដែល​និយាយ​ទៅ​ដល់​សម្ព័ន្ធ​ជិត​ស្និទ្ធ»។

​លោក Freeland បាន​បញ្ជាក់​ជា​ថ្មី​ថា កាណា​ដា​នឹង​វាយ​បក​ទៅ​លើ​វិធាន​ការ​តម្លើង​ពន្ធ​គយ​របស់​អា​មេ​រិក​ ដោយ​បាន​បន្ថែម​ថា ជា​និច្ច​កាល​កាណា​ដា​មាន​បំណង​នឹង​ចរ​ចា។

​ទី​ប្រឹក្សាសេដ្ឋ​កិច្ច​សេត​វិ​មាន លោក Larry Kudlow បាន​ចោទ​ប្រ​កាន់​លោក Trudeau ដែលក្បត់​លោក​ Trump ដោយ​ធ្វើ​​សេចក្តី​ថ្លែង​ការ​ណ៍បំបែក​ប៉ូល​​ស្តី​ពី​គោល​នយោ​បាយ​ពាណិជ្ជ​កម្ម​ ដោយ​ធ្វើឱ្យ​មេ​ដឹក​នាំ​អា​មេ​រិក​ មើល​ទៅ​ខ្សោយ​ មុន​កិច្ច​ប្រ​ជុំកំពូល​ជា​ប្រ​វត្តិ​សាស្រ្ត​ជា​មួយ​មេ​ដឹក​នាំកូរ៉េ​ខាង​ជើង លោក Kim Jong-un។

​លោក Trump បាន​មក​ដល់​ប្រ​ទេស​សិង្ហ​បុរី​កាល​ពី​ថ្ងៃ​អាទិត្យ​សម្រាប់​កិច្ច​ប្រ​ជុំ​កំពូល​ ដែល​អាច​ដាក់​ជា​ផែន​ការ​ក្នុង​ការ​បញ្ចប់​នូវ​ភាព​ប្រ​ឈម​អាវុធ​នុយ​ក្លេ​អ៊ែរ​រវាង​សត្រូវ​ទាំង​ពីរ​នេះ។

​លោក Kudlow ជា​នាយក​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​ ដែល​បាន​អមដំណើរ​លោក Trump ទៅ​ប្រ​ទេស​កាណា​ដា បាន​និយាយ​តាម​ទូរ​ទស្ស​ន៍ CNN ស្តី​ពី​ «​កម្ម​វិធី​មហា​ជន» ថា «​លោក Trudeau ពិត​ជា​បាន​ចាក់​យើង​ពី​ខាង​ក្រោយមែន​»។

​ទី​ប្រឹក្សា​ពាណិជ្ជ​កម្ម​ លោក Peter Navarro បាន​ប្រាប់​នៅ​ក្នុង​កម្ម​វិធី «Fox News Sunday» ថា «​មាន​កន្លែង​ពិ​សេស​នៅ​ក្នុង​ឋាន​នរក​សម្រាប់​មេ​ដឹក​នាំ​ទាំង​ឡាយ​ណា​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ការ​ទូត​បែប​ជំនឿ​អាក្រក់​» ជា​មួយ​នឹង​លោក Trump។

​លោក Trudeau នៅ​ក្នុង​ទី​ក្រុង Quebec សម្រាប់​កិច្ច​ប្រ​ជុំ​ទ្វេ​ភាគី​ជា​មួយ​នឹង​បណ្តាមេ​ដឹក​នាំដែល​មិន​មែន G7 បន្ទាប់​ពី​កិច្ចប្រ​ជុំ​កំពូល​ មិន​បាន​ធ្វើ​អត្ថា​ធិ​ប្បាយ​អ្វី​ទេ ​នៅ​ពេល​ដែល​គាត់​បាន​មក​ដល់។

​លោក Trudeau ទទួល​បាន​ការ​គាំទ្រ​ដោយ​ផ្ទាល់​ជា​លក្ខណៈ​បុគ្គល​ពី​មេ​ដឹក​នាំអឺរ៉ុប​មួយ​​ចំនួន៕​​​​​​

ប្រភព៖ Reuters ចុះថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់