នៅក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូវិនិយោគិនចិន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន ជម្រាបជូនវិនិយោគគិនចិន អំពីការលូតលាស់នៃកិត្ដិសព្ទរបស់ប្រទេសកម្ពុជា ដែលជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភពលោក ដែលទទួលបានកំណើន GDP ជាមធ្យម ៧,៥% ពីឆ្នាំ២០០៥-២០១៥ ធនាគារអភិវឌ្ឍអាស៊ីបានប្រសិទ្ធនាមកម្ពុជាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។
ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច កាលានុវត្តថ្មីៗ គឺបានបង្ហាញខ្លួននូវអ្នកវិនិយោគិនបរទេសនៅកម្ពុជាកាន់តែច្រើន ហើយលើសពីនេះ កម្ពុជានៅតែទទួលបានសម្បទានពិសេសពីសហគមន៍អ៊ឺរ៉ុបក្រោមកម្មវិធី «អ្វីទាំងអស់លើកលែងតែសព្វាវុធ (EBA)» ជាមួយនឹងការពង្រីកប្រព័ន្ធអនុគ្រោះពន្ធគយ (GSP) របស់សហរដ្ឋអាមេរិក បានផ្ដល់ឱកាសដល់កម្ពុជាក្នុងការនាំយកផលិតផលសម្រាប់ធ្វើដំណើរ ចូលទៅក្នុងទីផ្សាររបស់អាមេរិកដោយមិនមានបង់ពន្ធ។
ប្រតិភូចិន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ហើយបានរាយការអំពីដំណើរទស្សនកិច្ចរបស់ខ្លួន ដើម្បីសិក្សាអំពីសក្ដានុពល និងទីតាំងសម្រាប់សាងសង់រោងចក្រ។ ប្រតិភូចិនមានគំនិតសាងសង់រោងចក្រមួយទំហំប្រហែលជា ២.០០០ កម្មករ ហើយក៏មានគំនិតផងដែរ ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស៕