សមាហរណកម្មរវាងចិន និងប្រទេសអាមេរិកខាងត្បូង

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
162

ទស្សនកិច្ចទៅកាន់ប្រទេស Brazil Peru Colombia និង Chile ដោយនាយក រដ្ឋមន្រ្តី ចិនលោក Li Keqiangនៅខែឧសភាឆ្នាំនេះ គឺជាដំណើរការនៅក្នុងផែនការជំរុញ កិច្ច សហ ប្រតិបត្តិការរវាងចិន និងប្រទេសអាមេរិកឡាទីន ក៏ដូចជាប្រទេសតំបន់ Caribbean។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ដល់ ៥០០ ពាន់លាន ដុល្លារ និងបង្កើនការ វិនិយោគផ្ទាល់របស់ចិននៅក្នុងតំបន់នេះរហូតដល់ ២៥០ពាន លានដុល្លារ រហូតដល់ឆ្នាំ ២០២៥។

គោលបំណងទាំងពីរនេះ ត្រូវបានតភ្ជាប់គ្នាចាប់តាំងពីចិនរំពឹងថា ទំនាក់ទំនងទ្វេភាគី នឹងកើនឡើងប្រសិនបើខ្លួនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅអាមេរិកឡាទីន។ យុទ្ធសាស្រ្តនេះក៏ត្រូវបានប្រើប្រាស់ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិនជាមួយនឹងប្រទេសតំបន់អឺរ៉ុប អាស៊ី និងអាហ្រ្វិកផងដែរ។ ផ្លូវដែក ផ្លូវជាតិ កំពង់ផែរ និងអាកាសយានដ្ឋាន ត្រូវ បានស្ថាបនាឡើងដើម្បីឱ្យចិនអាចទិញវត្ថុធាតុដើម ក៏ដូចជាលក់ផលិតផលរោងចក្រ របស់ ខ្លួន ទៅកាន់ប្រទេសទាំងនោះបានដោយងាយស្រួល។

អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស Chile លោក Li Keqiang បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយចំនួន ដែលមានសារៈសំខាន់សម្រាប់យុទ្ធសាស្រ្ត របស់ចិនក្នុង ការភ្ជាប់ពាណិជ្ជកម្មប្រទេសតំបន់អាមេរិកឡាទីន ជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួន។ កិច្ចព្រមព្រៀង នៃការផ្លាស់ប្តូររូបិយវត្ថុមួយដែលមានតម្លៃប្រមាណជា ៣,៥ពាន់លានដុល្លារ ត្រូវបានប្រកាស ឡើង ជាមួយនឹងការបង្កើតធនាគារនៅក្នុងប្រទេស Chile ដែលជាធនាគារទីមួយ របស់ចិន នៅ តំបន់អាមេរិកខាងត្បូងនេះ។ គំនិតផ្តួចផ្តើមនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ ប្រាក់ដុល្លារ នៅក្នុងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកាត់បន្ថយឥទ្ធិពលរបស់អាមេរិកលើ ពាណិជ្ជកម្ម របស់ ពួកគេ។ ចិន និងប្រទេស Chile ក៏បានឯកភាពពង្រីកកិច្ចព្រម ព្រៀងពាណិជ្ជកម្ម សេរីរបស់ ពួកគេផងដែរ។

ទីក្រុងប៉េកាំងបាន និងកំពុងស្វែងរកការជំរុញទំនាក់ទំនងរបស់ខ្លួនជា មួយនឹងប្រទេស អាមេរិកខាងត្បូង ហើយការវិនិយោគរបស់ចិនបានផ្តោតសំខាន់លើការដឹកជញ្ជូនទំនិញទៅកាន់ ប្រទេសជាប់មាត់សមុទ្រទាំងនោះ ក៏ដូចជាដឹកវត្ថុធាតុដើមត្រឡប់មកវិញ។ ចិនអាច ប្រហែល ជាកំពុងព្យាយាមបង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក៏ប៉ុន្តែ វាអាស្រ័យលើ ប្រទេស ទាំងនោះ ថា តើត្រូវប្រើប្រាស់យ៉ាងណាចំពោះចំណូល ដែលបានមកពីការនាំចេញនេះ។

នេះគឺជាចេតនាមួយច្បាស់លាស់ ដែលថា ចិនមានគោលបំណងបញ្ជូនផលិត ផលរបស់ ប្រទេសអាមេរិកខាងត្បូងទៅកាន់តំបន់ប៉ាស៊ីហ្វិក ហើយកត្តានេះ នឹងផ្តល់ផលប្រយោជន៍ ដល់ ប្រទេសដែលនៅជាប់សមុទ្រ។ លោក Keqiang បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួនបី គឺ Peru Chile និង Colombia ដែលត្រូវបានគេចាត់ទុកថា ជាសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក។ ប្លុក ពាណិជ្ជកម្មនេះ កំពុងស្វែងរកការសម្របសម្រួលលំហូរហិរញ្ញវត្ថុខាងក្រៅ និងពាណិជ្ជកម្ម ដែល នឹងធ្វើឱ្យចិនមានភាពងាយស្រួលក្នុងការបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ។

សេណារីយ៉ូនេះ បានបង្ហាញពីឧបសគ្គមួយសម្រាប់ប្រទេស Brazil  ក៏ដូចជា ប្រទេស ផ្សេងទៀតនៅក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងសមាហរណកម្មក្នុង តំបន់ប្រទេស អាមេរិក ខាង ត្បូង ដែលនឹងរងផលប៉ះពាល់អវិជ្ជមានពីការវិនិយោគរបស់ចិន។ ការជំរុញវិស័យហេដ្ឋារចនា សម្ព័ន្ធ ដែលផ្តោតលើសេដ្ឋកិច្ច និងការអភិវឌ្ឍពាណិជ្ជកម្ម មិនធានាថា វានឹងផ្តល់ផលប្រយោជន៍ សម្រាប់គោលបំណងយុទ្ធសាស្រ្ត និងភូមិសាស្រ្តនយោបាយ នៃប្រទេសក្នុងតំបន់នោះទេ ពីព្រោះ វាអាចត្រូវបានប៉ះពាល់ដោយផលប្រយោជន៍ឯកជន និងផលប្រយោជន៍ពី ខាងក្រៅ៕

ប្រភព : The Diplomat ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥

ចែករំលែក

បញ្ចេញយោបល់