កម្ពុជាចែករំលែកអាទិភាពយុទ្ធសាស្ត្រ ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន សិនយ៉ាង ខេត្តលៀវនីង
កម្ពុជាចែករំលែកអាទិភាពយុទ្ធសាស្ត្រ ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន សិនយ៉ាង ខេត្តលៀវនីង
-លៀវនីង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦–
ក្នុងឱកាសអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអាទិភាពយុទ្ធសាស្ត្រ ៣ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបរិយាកាសព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។
អាទិភាពទី១ គឺ ការពង្រឹងសុចរិតភាពព័ត៌មាន និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន។ ឯកឧត្តមបានលើកឡើងថា ទំនុកចិត្តសាធារណៈគឺជាមូលដ្ឋានដ៏សំខាន់បំផុតមួយនៃប្រព័ន្ធព័ត៌មានដែលមានសុខភាពល្អ។ កម្ពុជាបានជំរុញយុទ្ធនាការយល់ដឹងសាធារណៈ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក។
នៅកម្រិតតំបន់ ឯកឧត្តមបានស្នើឱ្យពង្រឹងបន្ថែមនូវយន្តការជាក់ស្តែងសម្រាប់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាឌីជីថលពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការជូនដំណឹងមុនអំពីព័ត៌មានមិនពិតដែលបង្កគ្រោះថ្នាក់ និងសម្របសម្រួលការបំភ្លឺឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយឆ្លងដែន។
អាទិភាពទី២ គឺការលើកកម្ពស់ការកសាងសមត្ថភាពប្រកបដោយបរិយាបន្នសម្រាប់យុគសម័យឌីជីថល។ ឯកឧត្តមបានបញ្ជាក់ថា អ្នកប្រកបវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្នត្រូវការមិនត្រឹមតែជំនាញសារព័ត៌មានបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែត្រូវការជំនាញឌីជីថលថ្មីៗផងដែរ។
កម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍គួរត្រូវបានពង្រីកទៅលើវិស័យដូចជា សារព័ត៌មានទិន្នន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ ការវិភាគទស្សនិកជន សុវត្ថិភាពឌីជីថល និងការយល់ដឹងអំពីសន្តិសុខសាយប័រ។
អាទិភាពទី៣ គឺការលើកកម្ពស់និទានរឿងប្រកបដោយលក្ខណៈមនុស្សធម៌ និងស្ថាបនា។ ឯកឧត្តមបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយគួរបន្តបង្ហាញអំពីផលប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន តាមរយៈរឿងរ៉ាវដែលជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូចជា វប្បធម៌ អប់រំ ទេសចរណ៍ នវានុវត្តន៍បៃតង ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
កិច្ចសហការផលិតឯកសារភាពយន្ត ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ និងគំនិតផ្តួចផ្តើមនិទានរឿងតាមឌីជីថល អាចជួយធ្វើឱ្យមិត្តភាពអាស៊ាន-ចិនកាន់តែមើលឃើញបាន និងងាយយល់សម្រាប់សាធារណជន ជាពិសេសយុវជន។
ឯកឧត្តមក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងព័ត៌មានកំពុងជំរុញយ៉ាងសកម្មលើការធ្វើបរិវត្តកម្មឌីជីថល ការអប់រំប្រព័ន្ធផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈ និងការធ្វើទំនើបកម្មការប្រាស្រ័យទាក់ទងសាធារណៈ។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលបានចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសក្នុងការពង្រឹងសមត្ថភាពស្ថាប័ន ការជំរុញបរិវត្តកម្មឌីជីថល និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។
ឯកឧត្តមបានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន មិនត្រឹមតែជាការផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត ការពង្រឹងសុចរិតភាពព័ត៌មាន និងការបង្កើតបរិយាកាសព័ត៌មានដែលមានភាពទទួលខុសត្រូវ ស្ថាបនា និងផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនទាំងអស់ក្នុងតំបន់៕





