អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាបេ្តជ្ញាចិត្តធ្វើការប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីជាមួយប្រទេសថៃដើម្បីលើកកកម្ពស់សន្តិភាព សិ្ថរភាព និងប្រក្រតីភាពឡើងវិញ
អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាបេ្តជ្ញាចិត្តធ្វើការប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីជាមួយប្រទេសថៃដើម្បីលើកកកម្ពស់សន្តិភាព សិ្ថរភាព និងប្រក្រតីភាពឡើងវិញ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ការប្តេជ្ញារបស់កម្ពុជាក្នុងការធ្វើការប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើម ដើម្បីធានាថាការអនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ និងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់បន្ថែមថា ចាប់តំាងពីការចូលជាធរមាននៃបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មកយើងសង្កេតឃើញថា មានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរដូចជាកិច្ចប្រជុំវិសាមញ្ញ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញ(RBC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានសង្កត់ធ្ងន់ថា វាមានភាពចាំបាច់ណាស់ដែលភាគីទាំងពីរត្រូវតែកសាងលើការវិវត្តជាវិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទំាងពីរលើគ្រប់វិស័យសម្រាប់ប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ៕






