លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អបអរសាទរ និងជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស ក្នុងឱកាសចូលបួស ខែរ៉ម៉ាឌន

32

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ បានចូលរួមអបអរសាទរ និងជូនពរជ័យចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅលើពិភពលោកផង នោះ សូមមានសិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ក្នុងឱកាសចូលបួសខែរ៉ម៉ាឌន ដែលចាប់ផ្តើមចាប់ ពីថ្ងៃនេះ។

តាមរយៈ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជូនពរបងប្អូនខ្មែរឥស្លាមយ៉ាងដូច្នេះ ថា «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូននូវ ពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេសរួម ទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ ផ្ដើម នៅថ្ងៃព្រហស្បតិ៍ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

ខ្ញុំសូមបួងសួងឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្កីសុខសប្បាយ ក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និងសុំឲ្យអល់ឡស់ទទួលយកនូវកុសលផលបុណ្យខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ»។

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា អ្នកកាន់សាសនាអ៊ីស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់ សាសនាអ៊ីស្លាមប្រមាណជិត២ ពាន់លាននាក់ នៅជុំវិញពិភពលោក ចាប់ផ្ដើមអនុវត្តកាត្វកិច្ចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។ នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូន ខ្មែរអ៊ីស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។

របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួសនៅ ថ្ងៃដំបូង នៃខែរ៉ាម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែ រ៉ាម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ពឺន (ខែទី៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់ ៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើម បួសនៅថ្ងៃមួយកើត ខែរ៉ាម៉ាឌន ៕

ចែករំលែក

បញ្ចេញយោបល់