វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តកណ្តាល និងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តដើម្បីជជែកពិភាក្សានិងពិគ្រោះយោបល់លើបញ្ហាប្រឈម

35

កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការ​ជាមួយអាជ្ញាធរខេត្តកណ្តាល រៀបចំ «វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការសមាគម សហជីព និងសហគមន៍» នៅខេត្តកណ្តាល​ ដើម្បី​ជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការ​សង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តនេះ ក្រោមអធិបតីភាព​លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និង​លោកស្រី ហ៊ុន កុសនី អភិបាលរងនៃគណៈអភិបាល​​ខេត្តកណ្តាល។

វេទិកាសន្ទនានាថ្ងៃនេះ បានផ្តល់បរិយាកាសស្និទ្ធស្នាល សម្រាប់​កិច្ចសន្ទនានិងជជែកពិភាក្សា​ដោយត្រង់ទៅត្រង់មក រវាង វ.ស.ស. អាជ្ញាធរខេត្ត និងតំណាងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹង​បញ្ហាប្រឈមជាក់ស្តែង ដែល​កំពុងកើតមាននៅក្នុងមូលដ្ឋានក្នុង​ខេត្តកណ្តាល រួមទាំងសំណូមពរមួយចំនួនផងដែរ។ ជាលទ្ធផល​ អង្គវេទិកាបានដោះស្រាយ​បញ្ហាប្រឈមនិង​សំណូម​ពរ​​មួយចំនួន​នៅក្នុង​កិច្ចសន្ទនាដោយផ្ទាល់​តែម្តង។ ដោយឡែក បញ្ហា​ប្រឈម​មួយចំនួន​ទៀត ដែលទាមទារ​ឱ្យ​មានការ​សិក្សា​ឱ្យ​បានស៊ីជម្រៅ​ ត្រូវបាន​លើកទៅពិភាក្សា​បន្តជាមួយ​អាជ្ញាធរ​ និ​ង​សមត្ថកិច្ចពាក់ព័ន្ធ​ ដើម្បីស្វែងរកដំណោះស្រាយ។

លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលថា វ.ស.ស. មានតួនាទីជាអ្នកសម្របសម្រួលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និង​​អង្គការសង្គមស៊ីវិល ដែលជាដៃគូ​មិនអាចខ្វះបាន​ សម្រាប់​ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់