វិភាគ៖ មតិ «២» កំពុងប្រទាញប្រទង់គ្នា ជុំវិញការបោះឆ្នោតនាពេលខាងមុខ

46

មានមតិ «២» បាននិងកំពុងប្រទាញប្រទង់គ្នា ជុំវិញការទៅចូលរួមការបោះឆ្នោតសកល នាថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ខាងមុខនេះ និងការអំពាវនាវមិនឱ្យទៅចូលរួមបោះឆ្នោត។ តើមានអ្វី នៅពីក្រោយភាពប្រទាញប្រទង់គ្នានេះ? តើពលរដ្ឋខ្មែរគិតដូចម្តេចចំពោះស្ថានភាពបែបនេះ?

ក្រុមបក្សប្រឆាំង ដែលគេដឹងថាមានសេនារីយោនយោបាយពឹងខ្នងបរទេស កំពុងធ្វើចលនាអូសទាញមហាជនមិនឱ្យទៅបោះឆ្នោត។ កំឡុងពេលដែលការបោះឆ្នោតកាន់តែជិតឈានចូលមកដល់ ការធ្វើចលនានេះ ត្រូវបានគេដឹងថា ក្នុងគោលដៅទម្លាក់តួលេខនៃចំនួនអ្នកបោះឆ្នោតឱ្យចុះទាប។ ជាមួយគ្នានេះក្រុមប្រឆាំងកំពុង បញ្ចុះបញ្ជូលមហាជនមិនឱ្យទៅបោះឆ្នោត ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើជាទុន ក្នុងការទាត់ចោលលទ្ធផលបោះឆ្នោត ដែលខ្លួនមិនមានឱកាសចូលរួមក្នុងពេលខាងមុខ។ ការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតនេះ ក៏ទំនងជាក្រុមបក្សប្រឆាំងដែលរលាយរលត់ចេញពីកម្ពុជាទៅហើយនោះ បានដឹងរួចទៅហើយ ពីលទ្ធផលឆ្នោត ពោលគឺក្រុមប្រឆាំងប្រហែលជាដឹងមុនថា ពលរដ្ឋលើសលុបនឹងនៅតែបន្តបោះឆ្នោតគាំទ្របក្សកាន់អំណាចដូចមុន។ ដូច្នេះគ្មានជម្រើសអ្វីក្រៅពីតែកៀងគរពលរដ្ឋកុំឱ្យទៅបោះឆ្នោត ដើម្បីឱ្យឃើញតួលេខអ្នកទៅបោះឆ្នោតមានចំនួនតិច។

តើការអំពាវនាវរបស់ក្រុមប្រឆាំងនេះ ត្រឹមត្រូវ និងទទួលបានលទ្ធផលដូចការរំពឹងទុករបស់​ពួកគេដែរឬទេ? ចម្លើយនោះ គឺប្រាកដណាស់ថា វាមិនត្រឹមត្រូវទេ ហើយពួកគេក៏មិនទំនងជាទទួលបានលទ្ធផលដែរ ព្រោះពលរដ្ឋលើសលុបហាក់កំពុងបង្ហាញសាររបស់ខ្លួន តាមរយៈបណ្តាញសង្គមព្រោងព្រាតថា ពួកគេនឹងទៅចូលរួមបោះឆ្នោត។ ការកៀងគរពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាចលនាបះបោរមួយយ៉ាងស្រស់ៗ ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោតដោយជោគជ័យ។ ការបោះឆ្នោតត្រូវបានរៀបចំឡើងតែម្តងប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំ។ អ្នកមានសិទ្ធិបោះឆ្នោតបានគឺទាល់តែគ្រប់អាយុបោះឆ្នោត មិនមានជាប់ពិរុណ និងមានឯកសារគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ស្របតាមការកំណត់របស់ គ.ជ.ប ។ ដូច្នេះបើពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោត មិនមានជាប់ពិរុណ និងមានឯកសារគ្រប់គ្រាន់ និងស្របច្បាប់ហើយនោះ បែរជាមិនទៅបោះឆ្នោតគឺស្មើនឹងបោះបង់សិទ្ធិស្របច្បាប់ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប និងបោះបង់ចោលកាតព្វកិច្ចជាពលរដ្ឋ ដែលមានតែម្តងប៉ុណ្ណោះក្នុងពេល៥ឆ្នាំ។ មួយវិញទៀតការកៀងគរពលរដ្ឋមិនឱ្យទៅបោះឆ្នោតក៏ជាសញ្ញាណអាក្រក់មួយផងដែរ ដោយហាក់បង្ហាញពីការមិនគោរពច្បាប់ទម្លាប់ប្រទេសជាតិ។ ចលនានេះដែរ ក៏បង្ហាញពីចេតនាខ្មៅងងឹតរបស់ក្រុមប្រឆាំងក្នុងការពឹងពាក់បរទេស ឱ្យដាក់គំនាបលើរដ្ឋាភិបាលដែលជាប់ឆ្នោតផងដែរ។ ចេតនាមួយទៀត គឺក្រុមប្រឆាំងកំពុងធ្វើចលនានេះ ក្នុងបំណងរារាំងដំណើរការបោះឆ្នោត កុំឱ្យប្រព្រឹត្តទៅបានរលូន ដើម្បីបញ្ចៀសពាក្យថា « អត់បក្សប្រឆាំងមួយ ក៏គ្មានអីប្លែកដែរ »។

ចុះជំហររបស់បក្សកាន់អំណាចវិញ គិតដូចម្តេចដែរ? តាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់មន្ត្រី និងអ្នកគាំទ្របក្សកាន់អំណាច បានកំពុងពង្រឹងតួនាទីរបស់ខ្លួន ក្នុងភាពចាស់ទុំ ​និងមានជំហរច្បាស់លាស់។ បក្សកាន់អំណាចបានស្វាគមន៍វត្តមានបក្សនយោបាយថ្មីៗដែលចង់ចូលរួមប្រកួតប្រជែងជាមួយខ្លួន ដោយហាក់បង្ហាញពីទំនុកចិត្ត និងមិនខ្លាចរអាសត្រូវរបស់ខ្លួនឡើយ។ ជំហររបស់បក្សកាន់អំណាចគឺចង់ឃើញពលរដ្ឋខ្មែរ​បំពេញតួនាទីជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅពង្រឹងការអនុវត្ត និងគោរពច្បាប់។ មួយវិញទៀតបក្សកាន់អំណាច ហាក់រីករាយនឹងសមិទ្ធផលដែលបានធ្វើនាពេលកន្លងមក ដោយសង្ឃឹមថា ពលរដ្ឋនឹងមើលឃើញពីស្នាដៃរបស់ខ្លួន ហើយបន្តគាំទ្រខ្លួនទៀត។ ទោះបីជានៅអាណត្តិទី៥កន្លងទៅ បក្សកាន់អំណាចបានបាត់បង់សម្លេងគាំទ្រមួយចំនួនក៏ពិតមែន ប៉ុន្តែគួរឱ្យសរសើរដែរ ដែលបក្សនេះ មិនបានរារែកក្នុងការរៀបចំការបោះ​ឆ្នោតដោយទៀងទាត់ និងប្រព្រឹត្តទៅតាមការកំណត់ ហើយថែមទាំងបើកឱ្យអន្តរជាតិ ចូលរួមរៀបចំការបោះឆ្នោតទៀតផង។ ពោលគឺបក្សកាន់អំណាចបានតាំងចិត្តជាអ្នកប្រយុទ្ធយ៉ាងក្លៀវក្លា ដោយមិនខ្លាចពីលទ្ធផលឡើយ។

តើពលរដ្ឋទូទៅ គិតដូចម្តេចចំពោះភាពប្រទាញប្រទង់គ្នា ទាំង «២» ដែលកើតពីកំលាំងមហាជន​ដែលគាំទ្របក្សកាន់អំណាច និងកើតចេញពីចលនាក្រុមប្រឆាំង ដែលមិនមានឱកាសចូលរួមការបោះឆ្នោតនោះ?

ពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត គួរតែទៅបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋស្របច្បាប់។ ការបោះឆ្នោតមិនមែនជារឿងស្លាប់រស់របស់អ្នកនយោបាយនោះទេ ផ្ទុយទៅវិញ ការបោះឆ្នោតគឺពាក់ព័ន្ធដល់អាយុជីវិតរបស់យើងជាម្ចាស់ឆ្នោតទៅវិញទេ។ ការបោះឆ្នោតជាឱកាសសម្រាប់ជ្រើសរើសមេដឹកនាំ និងគណបក្សនយោបាយដែលយើងគិតថា មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការជំរុញជីវិត​ម្ចាស់សន្លឹកឆ្នោតឱ្យមានភាពរីកចម្រើន។ ការបោះឆ្នោតគឺជាការត្រិះរិះពិចារណា ប្រកបដោយហេតុផលត្រឹមត្រូវ ថាការជ្រើសរើសរបស់យើង គឺស្របទៅនឹងអ្វីដែលយើងរំពឹងទុកដែរឬទេ? ដូច្នេះពលរដ្ឋគ្រប់រូប គួរតែសម្រេចចិត្តដោយសំលឹងទៅរកអនាគតវែងឆ្ងាយ ជាជាងការចាប់យកការអូសទាញក្នុងរយៈពេលខ្លីដែលគ្មានផែនការអនាគតច្បាស់លាស់នោះ៕

ដោយ៖ សឹង្ហ រក្សា


ចែករំលែក

បញ្ចេញយោបល់