អ្នកវិភាគ​ ហៅការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់​អង្គការខុមហ្វ្រែល និងនិកហ្វិកថា​ គ្រាន់តែជាការធ្វើតាមខ្សែញាក់របស់បរទេសដែលនៅពីក្រោយខ្នងខ្មោចបក្សសង្គ្រោះជាតិ

22

អ្នកវិភាគដ៏ល្បីរបស់កម្ពុជា ចៅ ចាក់ស្មុក នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ​២០១៨នេះ​ បានហៅការមិនចូលរួមសង្កេ តការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និងនិកហ្វិកថា​ គ្រាន់តែជាការធ្វើតាមខ្សែញាក់របស់បរទេសដែលនៅពីក្រោយខ្នង​ ខ្មោចបក្សសង្គ្រោះជាតិ និងថាការបំពេញការងារក្នុងការសង្កេតការណ៍បោះឆ្នោត​ នាពេលកន្លងទៅ​របស់អង្គការទាំងនេះ​គឺគ្រាន់តែធ្វើដើម្បីបម្រើបក្សប្រឆាំង និងបម្រើផលប្រយោជន៍បរទេសប៉ុណ្ណោះ ក្នុងបំណងយកបញ្ហាបោះឆ្នោត ធ្វើជាចំណុចចាប់ផ្តើម នៃបដិវត្តន៍ពណ៌។

ចៅចាក់ស្មុក បានលើកឡើងថា៖ «ការសម្រេចចូលរួមឬមិនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និងអង្គការនិកហ្វិកក្នុងដំណើរការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ខាងមុខគឺជាសិទ្ធិស្វ័យសម្រេចរបស់ អង្គការទាំងនេះ។ ប៉ុន្តែគេអាចមើលឃើញមូលហេតុយ៉ាងច្បាស់នៅពីក្រោយការស ម្រេចចិត្តមិនចូលរួមសង្កេតការណ៍នេះ គឺ៖

ទី១-គ្មានវត្តមានបក្សសង្គ្រោះជាតិដែលជាបក្សដែលខ្លួនគាំទ្រនិងធ្វើអ្វីៗដើម្បីគាំទ្រលើកស្ទួយបក្សនេះឆ្ពោះទៅរកការឡើងកាន់អំណាច។ ដូច្នេះអង្គការទាំងនេះគ្មានភាពចាំបាច់អ្វីត្រូវចូលរួមសង្កេតការណ៍ឡើយ ព្រោះគ្មានគណបក្សរបស់ពួកគេនៅក្នុងការប្រកួតប្រជែង ហើយការបំភ្លៃ បំផ្លើស ការពិតក៏មិនដឹងថាបានផលប្រយោជន៍អ្វីទៀត។

ទី២-ម្ចាស់ជំនួយមួយចំនួនក៏បញ្ឈប់ផ្តល់ជំនួយសម្រាប់ ការសង្កេតការណ៍បោះឆ្នោតដល់អង្គការទាំងនេះព្រោះបក្សដែលជាកូនជឹងរបស់គេត្រូវបានគេបកអាក្រាត ថាជាបក្សក្បត់ជាតិ និងត្រូវបានរំលាយ។ គ្មានវត្តមានខ្មោចបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតផង តើចាំបាច់អ្វីនឹងធ្វើសង្កេតការណ៍បោះឆ្នោត»។

ចៅចាក់ស្មុក​ បានថ្លែងថា បើទោះបីជាគ្មានអង្គការពីរនេះ ក៏នៅមានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជាច្រើនទៀតដែរ។

ចំណែក លោក ពល ពានរិន្ទ អ្នកសិក្សាពីនយោបាយកម្ពុជា បានលើកឡើងថា អង្គការខុមហ្វ្រែល និកហ្វិកដែលជាសមាជិករបស់អង្គការអាន់ហ្វ្រែល​ មានមូលដ្ឋាននៅទីក្រុងបាងកក និងដឹកនាំដោយ គល់ បញ្ញា ត្រូវបានគេទម្លាយឱ្យដឹងថាបានរៀបចំផែនការបង្កើតបន្ទប់តាម ដានស្ថានការណ៍បោះឆ្នោតនៅបាងកកដើម្បីគោល បំណងរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោត។

លោកបានបន្តថា​ ទោះបីជាពួកគេមិនចូលរួមការសង្កេតការណ៍បោះឆ្នោត ប៉ុន្តែពួកគេបន្តអនុវត្តផែនការនេះរហូតក្នុងគោលបំណងបំផ្លាញការបោះឆ្នោតខាងមុខស្របនឹងអ្វីដែលមេចលនាឧទ្ទាម សម រង្ស៊ី និងក្រុមជនក្បត់ជាតិមួយចំនួនដឹកនាំដោយកូនស្រី កឹម សុខា កំពុងធ្វើយុទ្ធ នាការបំផ្លាញការបោះឆ្នោត។ ពួកគេបាននិងកំពុងដើរខុសយុទ្ធសាស្ត្រ និងដើរខុសច្បាប់ជាតិកម្ពុជាដែលអំពាវនាវប្រជាពលរដ្ឋកុំទៅបោះឆ្នោត។ ពួកគេត្រូវដឹងថា មានអ្នកទៅបោះឆ្នោតប៉ុន្មានភាគរយ ក៏ការបោះឆ្នោតនៅតែមានសុពលភាព និងមានតម្លៃជានិច្ច ហើយក៏មិនចាំបាច់ទាល់តែមានបរទេសណាមួយទទួលស្គាល់ឡើយ។

សូមបញ្ជាក់ថា​ អង្គការ Necfec និង អង្គការ Comfrel នាថ្មីៗនេះ​ បានប្រកាសថា ខ្លួននឹងមិនចូលរួមសង្កេត ការណ៍ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។

ឆ្លើយតបនឹងការប្រកាសនេះ​ លោក ឌឹម សុវណ្ណារុំ ​ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ទោះជាអង្គការទាំងពីរនេះមិនចូលរួម ក៏មិនបានធ្វើឱ្យប៉ះពាល់​ដល់ដំណើរការបោះឆ្នោតខាងមុខនេះឡើយ ដោយសារតែការចូល ឬមិនចូលធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ។ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា បើតាមមាត្រា១០ ច្បាប់ជ្រើសតាំងតំណាងរាស្រ្ត អង្គការជាតិ-អន្តរជាតិអាចចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតបាន ប៉ុន្តែពួកគេក៏មានសិទ្ធិមិនចូលរួមផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនជាការចាប់បង្ខំទេ គាត់ចូល ឬមិនចូលជាសិទ្ធិរបស់គាត់ មិនប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតទេ»។ លោកបានបន្តថា «ពេលនេះមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដទៃទៀត កំពុងតែដាក់ពាក្យ ហើយយើងក៏បានទទួលស្គាល់ ជាង២ពាន់នាក់ហើយដែរ ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ អញ្ចឹងមានន័យថា បាត់១ រកបាន១០»។

ការប្រកាសមិនចូលរួម សង្កេតការណ៍បោះឆ្នោត របស់អង្គការ Necfec និង អង្គការ Comfrel ខាងលើនេះ គឺបានធ្វើឡើងស្របពេលនឹងការអំពាវនាវរបស់ លោក សម​ រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ អំពាវនាវកុំឱ្យប្រជាពលរដ្ឋកម្ពុជា ទៅបោះឆ្នោត និងជំរុញឱ្យអន្តរជាតិ កុំចូលរួមឬទ ទួលស្គាល់លទ្ធផលនៃការបោះឆ្នោតកម្ពុជា នាខែកក្កដាខាងមុខនេះ ដរាបណាអតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួមប្រកួតប្រជែង៕

ចែករំលែក

បញ្ចេញយោបល់