អ្នកវិភាគចៅចាក់ស្មុក៖ ជយោ! លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាដ៏រស់រវើក

29

គណបក្សនយោបាយចំនួន២០ បានចុះឈ្មោះដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ នេះគឺជាតុល្យការចុងក្រោយ នៅថ្ងៃបិទការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខភាពតំណាងរាស្ត្រ បន្ទាប់ពីបានដំណើរការ​ចាប់តាំងពីថ្ងៃទី៣០ ខែមេសា រហូតដល់​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ នៅក្នុងចំណោមគណបក្សទាំង២០ ដែលបានចុះបញ្ជី​ឈ្មោះរួចរាល់ហើយនោះគឺគ្មានទេ វត្តមានខ្មោចបក្សសង្គ្រោះជាតិ និងអ្នកនយោបាយត្រូវបានដកហូតសិទ្ធិទាំង១១៨រូប។ ប៉ុន្តែមានវត្តមានគណបក្សចាស់និងគណបក្សថ្មីៗ ទើបនឹងបង្កើតជាច្រើនបានចូលរួមប្រកួតប្រជែងក្នុងនោះ ក៏មានគណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយលោក គង់ មុនីកា ដែលជាកូន​បង្កើតរបស់លោក គង់ គាំ ដែលត្រូវបានគេមើលឃើញថា ជាគណបក្សប្រឆាំង​មួយថ្មីដែលត្រូវបាន​បង្កើតឡើងដើម្បីទាញ​យក​សំឡេងឆ្នោតពីអ្នកគាំទ្រអតីត​គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតខាងមុខ។

ពេលនេះច្បាស់ហើយថា ខ្មោចបក្សសង្គ្រោះជាតិពិតជាត្រូវបានបញ្ចប់ជាស្ថាពរធ្វើបុណ្យចប់សព្វគ្រប់ហើយដែរ និងសូមទៅកាន់​សុគតិភពចុះ កុំមកវិលវល់ក្នុងនយោបាយកម្ពុជាទៀតអី!  

ការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយជាច្រើននៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះគឺបញ្ជាក់ច្បាស់ណាស់ថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាកាន់តែមានសុខភាពល្អ និងរស់រវើកថែមទៀតផង ទោះបីជាមានការឃោ​សនាអកុសលបែបបោកប្រាស់ បំភ្លៃ បំផ្លើស និងបំភ័ន្តមតិសាធារណៈពីសំណាក់ក្រុមគណបក្ស​ប្រឆាំងក្រៅ​ច្បាប់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្លាប់យ៉ាងណាក៏ដោយ។ លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាមិនស្លាប់ឡើយ អ្នកដែលស្លាប់ពិត​ប្រាកដគឺ គណបក្សសង្គ្រោះជាតិ ហើយអ្នកដែលត្រូវភ័យស្លន់ស្លោរជាងគេគឺ សម រង្ស៊ី ដែលគ្មានទីតាំងឈរជើងនយោបាយ​នៅកម្ពុជាតទៅទៀតហើយ សហគមន៍អន្តរជាតិ ក៏លែងចាប់អារម្មណ៍ទៅនឹងរឿងរ៉ាវរបស់ក្រុមនេះដែរ។

ការដើរស្រែកអំពាវនាវឱ្យបរទេសដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជាក៏ប​រាជ័យយ៉ាងធ្ងន់ធ្ងរដែរ ព្រោះកម្ពុជាបានដើរ​លើផ្លូវត្រូវក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត សហគមន៍អន្តរជាតិបានគាំទ្រលើការបោះឆ្នោត។

ទីលានប្រកួតប្រជែងនយោបាយពិតប្រាកដ គឺនៅលើការបោះឆ្នោត មិនមែននៅលើសម្ពាធឡើយ ហើយក៏មិនមែនតាមរយៈការឃោសនា ឱ្យប្រជាពលរដ្ឋចុះទៅធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ឡើយ។ នៅពេលនេះមេចលនាសង្គ្រោះជាតិលែង​មានអ្វីអួត​អាងទៀតហើយ ក្រៅពីផែនការចុងបញ្ចប់ជីវិតរបស់ខ្លួនគឺ តើត្រូវស្លាប់ចោលឆ្អឹងនៅបរទេស ឬត្រូវស្លាប់នៅក្នុងគុកនៅលើទឹក​ដីកំណើត​របស់ខ្លួន? កម្ពុជាដ៏កម្សត់នេះ ត្រូវបានក្រុមគណបក្សប្រឆាំងព្យាយាមបំផ្លិចបំផ្លាញសព្វបែបយ៉ាងដោយគ្មាន​​ការស្តាយស្រណោះ​អ្វីបន្តិចឡើយ។ ការបើកធ្វើយុទ្ធនាការដើម្បីស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ បានចប់ជាស្ថាពរ​ហើយជាមួយលទ្ធផលគឺ សូន្យ ទោះបីជាក្រុមប្រឆាំងចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់​ជួលបរទេសឱ្យបំផ្លាញការបោះ​ឆ្នោតយ៉ាងណាក៏ដោយ។

ទីបំផុត សេណារីយោពហុបក្ស ត្រូវបានសម្រេចចេញជារូបរាង ហើយរូបកាយថ្មីនៃបក្សប្រឆាំងបានចាប់កំណើត និងជាកូនបន្ទាប់ពៅនៅក្នុងការចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ។ គណបក្សឆន្ទ:ខ្មែរ ដែលអះអាងថា គឺជារូបស្នងខ្មោចបក្សសង្គ្រោះជាតិ បានដាក់បេក្ខភាពនៅគ្រប់មណ្ឌលបោះឆ្នោត ដែលនេះបង្ហាញថា បក្សនេះក្រោយចាប់កំណើតបានចូលរួមក្នុងសមរភូមិទូលំទូលាយនៅគ្រប់មណ្ឌលបោះឆ្នោតទាំង២៥ ខេត្តរាជធានី ដើម្បីប្រកួតប្រជែងដណ្តើមអាសន: ជាមួយគណបក្សកាន់អំណាច និងបក្សនយោបាយចំនួន១៨ផ្សេងទៀត! នេះហើយប្រជាធិបតេយ្យសេរីច្រើនបក្ស ហើយការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ កុំទៅបោះឆ្នោតរបស់ ក្រុមទណ្ឌិត សម រង្ស៊ី ក៏ទំនងជាគ្មានន័យដែរ ព្រោះថាគណបក្ស២០ ដែលចូលរួមបោះឆ្នោតមានអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនជាច្រើនលាននាក់។

ខ្មោចបក្សសង្គ្រោះជាតិ និង សម រង្ស៊ី គួរកុំបន្តយល់សប្តិទាំងកណ្តាលថ្ងៃត្រង់ទៀតធ្វើអ្វី ប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់នឹង ត្រៀមខ្លួនទៅបោះឆ្នោតដើម្បីអនាគត ប្រទេសជាតិនិងដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃនេះ។ សម រង្ស៊ី និងក្រុមជនក្បត់ជាតិ រំលោភច្បាប់មួយចំនួននៃខ្មោចបក្សសង្គ្រោះជាតិ គួរបញ្ឈប់យកប្រជាពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំង និងហាមឃាត់ការអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេទៅ។ ពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត មិនមែនដូចអស់លោកគ្មានសិទ្ធិធ្វើនយោបាយ បែរជាមកញុះញង់ប្រជាពលរដ្ឋឱ្យដើរលើផ្លូវខុសតាមខ្លួន និង អាងពួកគេទាញយកថា អ្នកដែលមិនទៅបោះឆ្នោតជាអ្នក​ដែលគាំទ្រខ្មោច​គណបក្សសង្គ្រោះជាតិ និងចង់ឱ្យខ្មោចបក្សនេះរស់ឡើងវិញមកដឹកនាំប្រទេស។ សេណារីយូនេះនឹងមិនអាចកើតឡើង​ជាដាច់ខាត។ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជាច្រើនលាននាក់បានត្រៀមខ្លួនរួចជាស្រេចថា នឹងទៅចូលរួមបោះឆ្នោត ចំណែកអ្នកដែលធ្លាប់គាំទ្រខ្មោចគណបក្សសង្គ្រោះជាតិ ក៏បានបែកខ្ញែកសំឡេងគ្នា រត់ទៅគាំទ្រគណបក្សផ្សេងទៀតដែរ ដូចជាគណបក្សឆន្ទៈខ្មែរ ឬគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។

ដូច្នេះទាំងក្រុម សម រង្ស៊ី និងក្រុម កឹម សុខា គួរឈប់ស្រមើស្រម៉ៃខុសពីការពិតថាខ្លួនមានអ្នកគាំទ្រជាងកន្លះនគរ ខណៈសំឡេងឆ្នោតខ្លួនទទួលបាននៅក្នុងការបោះឆ្នោត​ ក្រុមប្រឹក្សាឃុំសង្កាត់បានត្រឹមតែ៣លាននាក់ ហើយឥឡូវសំឡេងនេះ​បានបែងចែកទៅបក្សនយោបាយផ្សេងទៀតហើយ និងខ្លះទៀតបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន​កម្ពុជាថែមទៀតផង។ រីឯថាចំនួន អ្នកបោះឆ្នោតប្រមាណ២លាននាក់ទៀត ដែលពីមុនមិនទៅបោះ​ឆ្នោតក៏ជាអ្នកគាំទ្រខ្មោច​គណបក្សខ្លួនពិត ជាគួរឱ្យអស់សំណើច និងហួសចិត្ត។ សូមក្រុមអ្នកនយោបាយ​អង្ករកំប៉ុងត្រូវដឹងថា អ្នកដែលអត់ទៅបោះឆ្នោត​២លាននាក់ មិនមែនជាអ្នកប្រឆាំងនឹងគណបក្សប្រជាជន​កម្ពុជាឡើយ ព្រោះបើប្រឆាំងពួកគេមានចិត្តមោះមុត ដើម្បីបោះឆ្នោតហើយ។ ដូច្នេះសូមកុំតែដើម្បីធ្វើប្រជាភិថុតិ នាំគ្នាកុហករាស្ត្រនោះ គេមិនជឿក្រុមអស់លោកទៀតឡើយ។

អ្វីដែលក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ធ្វើគឺជាសារដែលបង្ហាញអំពីការ «អកហ្ស៊ឺក្នុងយុទ្ធសាស្រ្តនយោបាយ» របស់ទណ្ឌិត សម រង្ស៊ី សម្រាប់ទីលានប្រជាធិបតេយ្យសេរី ពហុបក្សតែប៉ុណ្ណោះ។ ការរំខាន ការបង្ខូច និងបំផ្លាញចោលនូវការបោះឆ្នោត គឺមានន័យស្មើនឹង​ការសម្លា​ប់ប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែបើបំផ្លាញការបោះឆ្នោតមិនបាន គឺមានន័យថា ការធ្វើពហិការបាននាំទៅដល់ការ​ថ្លាស់​សិទ្ធិមិនអាច​ចូលរួមបោះឆ្នោត ដែលជាអត្តឃាតនយោបាយលើទិដ្ឋភាពយុទ្ធសាស្រ្ត ក្នុងការបិទច្រកនៃក្តីសង្ឃឹម សម្រាប់ខ្លួនឯង​ចូលរួមប្រកួតប្រជែងដណ្តើមអំណាចតាមបែបប្រជាធិបតេយ្យសេរី ហើយ សម រង្ស៊ី និងខ្មោចបក្សសង្គ្រោះជាតិរង់ចាំតែពេ​លវេលា ជីកកប់សពខ្លួនឯងប៉ុណ្ណោះ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់