ប្រជាពលរដ្ឋ​ ៩គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តសៀមរាប

26

សៀមរាប​៖​ នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨ ចំនួន៩ គ្រួសារ (រលំ២ គ្រួសារ និងប៉ះពាល់ធ្ងន់ ៧គ្រួសារ) ក្នុងភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។

មានប្រសាសន៍នាឱកាសនោះ លោក ស៊ុំ សំអន នាយកសាខាបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល”។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ តុង១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៣ដប សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា សម្រាប់គ្រួសាររលំ ១សែនរៀល ឯគ្រួសារប៉ះពាល់ធ្ងន់ថវិកា ៥ម៉ឺនរៀល៕

ចែករំលែក

បញ្ចេញយោបល់